ខេត្តប៉ៃលិន ៖ ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិន (មន្ទីរអប់រំចាស់) មានរៀបចំពីធីប្រកាសតែងតាំងអនុប្រធានមន្ទីរ១ រូប និងប្រគល់ភារកិច្ចជូនប្រធានការិយាល័យ២រូប នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន ដែលពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក កើត សុធា អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីលោកប្រធានអនុប្រធាន មន្ទីរអង្គភាពក្នុងខេត្ត លោកគ្រូ អ្នកគ្រូជាច្រើននាក់ផងដែរ ។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានឲ្យដឹងថា៖ វិស័យអប់រំក្នុងខេត្តប៉ៃលិន បានកើតតាំងពីឆ្នាំ១៩៩៦ គ្រានោះមានគ្រូចំនួន១៤នាក់ប៉ុណ្ណោះ ហើយទីតាំងសាលារៀន គឺយករោងសិប្បកម្ម បន្ទាយទាហាន មានសិស្សតែ៥២២នាក់ទេ ។ ពេលបច្ចុប្បន្ន បុគ្គលិកក្នុងក្របខ័ណ្ទសរុបទូទាំងខេត្តចំនួន៧៣៦នាក់ ក្នុងនោះស្រី៣០៤នាក់ ដោយចែកជា មន្ត្រីរដ្ឋបាល ថ្នាក់មន្ទីរ ហើយមានការិយាល័យជំនាញ០៨ការិយាល័យ របស់មន្ទីរអប់រំ ក្នុងនោះមានក្រុង០១ ស្រុក០១ ។
លោកបន្តទៀតថា ៖ នៅឆ្នាំសិក្សាកន្លងទៅនេះ លទ្ធផលប្រឡងជាប់មធ្យមសិក្សាបឋមភូមិ មានចំនួន៤២៨នាក់, ស្រី២២៦នាក់ ស្មើនិង៩៣,០៤ភាគរយ និងលទ្ធផលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ លើកទី០១ មានចំនួន៨៦នាក់ ,ស្រី៨០នាក់ ស្មើនិង៣៦,៤៤ភាគរយ លើកទី០២ ចំនួន៤៥នាក់ ស្រី១៥នាក់ ស្មើនិង២៧,៧៧ភាគរយ ។
លោក ចាវ ខាន់ នាយករងរដ្ឋបាលសាលាខេត្តប៉ៃលិនបានអានដីការតែងតាំង និងប្រគល់ភារកិច្ចជូន មន្ត្រីរាជការលេខ១៩៨៥/២០១៤ដក.ខបល ចុះថ្ងៃទី២ខែធ្ឆូឆ្នាំ២០១៤របស់សាលាខេត្តប៉ៃលិនប្រការ១.សម្រេច ត្រូវបាន តែងតាំងលោក គង់ ចិន្តា ឋានន្តរស័ក្កិ គ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ៨នៃក្របខ័ណ្ឌគ្រូបង្រៀន កម្រិតឧត្តមជាអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន ដែលពីមុនលោកជាប្រធាន ការិយាល័យ រដ្ឋបាល បុគ្គលិក និងបណ្តុះបណ្តាល នៃមន្ទីរអប់រំខេត្តប៉ៃលិន ។ប្រការ២ សម្រេចប្រគល់ភារកិច្ចជូនលោក ពុធ វណ្ណៈ ឋានត្តរស័ក្តិ គ្រូបង្រៀនកម្រិតមូលដ្ឋានថ្នាក់លេខ៧ ជាប្រធានការិយាល័យផែនការ និងគ្រប់គ្រងជំនួយ និងលោក ពិន តារ៉ា ឋានត្តរស័ក្តិ គ្រូបង្រៀនកម្រិតមូលដ្ឋានថ្នាក់លេខ៨ ជាប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងបណ្តុះបណ្តាល នៃមន្ទីរអប់រំខេត្តប៉ៃលិន ។
លោក គង់ ចិន្តា ដែលទើបឡើងថ្មី បានធ្វើការប្តេជ្ញាថា៖គោរព និងអនុវត្តន៏ គោលនយោបាយចក្តុកោណរបស់រាជរដ្ឋាភិបាលនិតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ។ គោរព អនុវត្តន៏គោលនយោបាយអប់រំ ច្បាប់ លិខិតបទដ្ឋាននាៗ ពិសេសកំនែកំរង់៨ចំណុចរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
គោរព អនុវត្តន៏ ការចង្អុលបង្ហាញរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ហើយសួមសច្ចាថា មិនប្រព្រិត្តនូវអំពើទាំងឡាយណា ដែលបង្កឲ្យមានផលប៉ះប៉ល់ អវិជ្ចមានដល់អង្គភាព ពិសេសខូចខាតផលប្រយោជន៏ជាតិ និងប្រជាជន, រក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងសំដៅធ្វើយ៉ាងណាឲ្យការងារទទួលបានជោគជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម កើត សុធាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៏ឲ្យដឹងថា៖ វិស័យអប់រំ ជាវិស័យមួយ ដែលមិនអាចខ្វះបានសម្រាប់ការអភិវឍ្ឍន៏ប្រទេសជាតិ ហើយឯកឧត្តមអភិបាលខេត្តប៉ៃលិនបានជំរុញដល់លោកគ្រូ អ្នកគ្រូត្រូវពង្រឹងការអប់រំដល់សិស្សានុសិស្សនៅថ្នាក់មូលដ្ឋាន ជាពិសេសនៅតំបន់ដាច់ស្រយ៉ាលដើម្បីឲ្យសិស្សានុសិស្សទទួលបានចំណេះពិតប្រាដក ព្រោះសិស្សភាគច្រើននៅតាមទីជនបទគឺភាគច្រើនគឺមិនសូវបានរៀនសូត្រ ច្រើននោះទេគឺខ្លះដោយសារជីវភាពនិងខ្លះទៀតសាលារៀននៅឆ្ងាយពីផ្ទះមិនអាចទៅរៀនបាន។
លោកបានអំពាវនាវដល់មាតាបិតាសិស្សត្រូវរួមចំណែកជាមួយលោកគ្រូអ្នកគ្រូក្នុងការអប់រំកូនចៅដើម្បីឲ្យពួកគេទទួលបានចំណេះដឹង និងសីលធម៌ល្អក្នុងការរស់នៅក្នុងសង្គម ជាពិសេសគឺអាចទទួលបានការងារល្អទៅថ្ងៃអនាគត ៕
រិទ្ធ ចំរើន