ប៉ៃលិន ៖ ខេត្តប៉ៃលិនតាំងពីអស់រ៉ែត្បូងមន្ត្រីជំនាញឃុបឃិតគ្នា ពុះជ្រៀកភ្នំលក់ធ្វើប័ណ្ណកម្មសិទ្ធិ កាប់កាយបុកគ្រឹះសាងសង់សណ្ឋាគារ និងផ្ទះសំណាក់យ៉ាងគគ្រឹកគគ្រេង នៅខែធ្នូ ឆ្នាំ២០១៤ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រជាពលរដ្ឋបានអោយដឹងថា ការកាប់កាយភ្នំធ្វើប័ណ្ណកម្មសិទ្ធិ សុទ្ធតែអស់លោកអ្នកមានអំណាចឃុបឃិតគ្នា ចំណែកអ្នកក្រពិតប្រាកដរកតែ ប្រាក់ជួលគេកាប់ព្រៃមិនគ្រប់ផង អ្នកដែលយកភ្នំរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ភាគច្រើនអ្នកស្រេកឃ្លាន និងមានលុយយកគ្រឿងចាក់ទៅកាប់ឈូសឆាយតែម្តង មិនមានជំនាញហ៊ានចុះបង្ក្រាបឬទប់ស្កាត់ឡើយ ។
លោក មាស សាវ៉ាត មេភូមិផ្សារព្រំបានអោយដឹងថា ដីដែលកំពុងកាប់កាយនៅតំបន់ភ្នំក្បែសណ្ឋាគារម្កុដពេជ្រ ឬវត្តព្រំគឺដីទាំងនោះ មានម្ចាស់និងមានប្លង់រឹង ទើបអាចកាប់កាយធ្វើលំនៅដ្ឋានបាន ។
លោក ហុង ពៅ នាយការិយាល័យសំណង់នៃមន្ទីរសុរិយោដី ខេត្តបានឆ្លើយប្រាប់អ្នកយកព័ត៌មានថា រូបលោកមិនទាន់បានទទួលច្បាប់ពីម្ចាស់ដីកម្មសិទ្ធិនៅឡើយ ។
លោក សួន លក្សស្មី អនុប្រធានមន្ទីរសុរិយោដីខេត្តបានប្រាប់អ្នកយកព័ត៌មានថា រូបលោកមិនបានដឹងពីការកាប់កាយដីភ្នំធ្វើប័ណ្ណកម្មសិទ្ធ និងបុកគ្រឹះសង់លំនៅដ្ឋានឡើយ ៕