បាត់ដំបង ៖ កម្លាំងសមត្ថកិច្ច (តស៊ូ Hiv106) នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបញ្ជូនលោក យ៉ែម ជ្រិន គ្រូពេទ្យប្រចាំភូមិរការបង្កចម្លងមេរោគអេដស៏ ដល់មនុស្ស១០៦ នាក់និងសម្ភារៈពេទ្យទៅតុលាការ នាម៉ោង២និង៣០នាទី រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ ចាត់ការតាមនិតិវិធី ។
ការឃាត់ខ្លួនគ្រូពេទ្យសង្ស័យធ្វើឡើងដោយក្រុម(តស៊ូHiv106)មានលោក ជេត វណ្ណនី ស្នងការរងកណ្តាលយុត្តធម៌ ជាប្រធាន ។ លោក កុយ ហៀង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ជាអនុប្រធាន និងលោកអួនហ្វៃ នាយការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់ជាសមាជិក ក្រោមការបញ្ជារផ្ទាល់លោក ស ថេត ស្នងការនគរបាលខេត្ត និងយោបល់លោក នួន សាន ព្រះរាជអជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កាលពីម៉ោង ៤ រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ នៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់មានបណ្តឹងប្រជាជនកើតរោគអេដស៏១០៦នាក់ ក្នុងឃុំរការ ស្រុកសង្កែ ។
លោកយ៉ែមជ្រិនអាយុ ៤៧ ឆ្នាំរបរជាគ្រូពេទ្យ រស់នៅភូមិរការឃុំរការ ស្រុកសង្កែ បានអោយដឹងថា ខ្លួនបានព្យាបាលជំងឺអោយអ្នកកើតរោគអេដស៏ចំនួន២០នាក់ ក្នុងឃុំរកាតាំងពីឆ្នាំ១៩៩៣ ហើយការព្យាបាលបានប្រើប្រាស់ម្ជុលរួមគ្នា ហើយបច្ចុប្បន្នជនទាំងនោះបានស្លាប់អស់នៅសល់តែស្ត្រីម្នាក់និងក្មេង២នាក់ប៉ុណ្ណោះ។ក្នុងឱកាសព្យាបាលជំងឺអោយអ្នកផ្ទុកមេរោគអេដស៏ ក៏មានប្រជាពលរដ្ឋផ្សេងហៅព្យាបាល និងដាក់សេរ៉ូមផងដែរ ហើយដោយការប្រញ៉ាប់ប្រញាល់ ក៏មិនបានប្តូរម្ជុល ឬសឺរ៉ាំងដែរ ។ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ខ្លួនក៏បានអោយកូនយកកេះកាកសំណល់វេជ្ជសាស្ត្រ ដែលប្រើរួចយកទៅដុតបំផ្លាញចោលផងដែរ ។
លោក កុយ ហៀង អនុប្រធានក្រុម (តស៊ូHiv106) បានអោយដឹងថា សម្ភារៈពេទ្យ និងកាបូបលោក យ៉ែម ជ្រិន ពេលយកទៅព្យាបាលមិនបានដាក់សឺរ៉ាំងម្ជុលអោយបានត្រឹមត្រូវ ប្រើលាយឡំបង្កអោយមានជំងឺផ្សេងឆ្លងដល់អ្នកដៃទៃ ។ មិនមានវិធានការទប់ស្កាត់ការរីករាលដាល មេរោគផ្សេងៗ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ខុសគោលការណ៍វេជ្ជសាស្ត្រ ។ បំពារបំពានលើមាត្រា២០២ និង២០៧ នៃក្រមព្រហ្មទ័ណ្ឌ នៃព្រះរាជាណាចក្រកម្ពុជានិងមាត្រា១៣ និងមាត្រ៥០ នៃច្បាប់ស្តីពីការបង្ការ និងប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៏ ជំងឺអេដស៏ (HIV-AIDS)៕