បាត់ដំបង ៖ បុរសម្នាក់ជាមន្ត្រីយោធាសឹករងស្រុកភ្នំព្រឹក ផឹកស្រវឹងអួទីណួរាល់ថ្ងៃ ប្រពន្ធចុងសុំលេងលះគ្នា ប្តីប្រច័ណ្ឌប្រពន្ធមានប្រុសថ្មី ខឹងបានបាញ់ប្រពន្ធចុងនិងកូន ពេលឌុបគ្នាដល់មុខផ្ទះ ។ ពេលអ្នកជិតខាងជួយបញ្ជូនកូននិងប្រពន្ធ ទៅដល់មន្ទីរពេទ្យយោធា ភូមិភាគ៥ស្រុកសំពៅលូន ប្តីសង្ស័យដឹងថា កូនប្រពន្ធស្លាប់ក៏បានបាញ់សម្លាប់ខ្លួនតាមមនុស្សជាទីស្រលាញ់ កាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចមុខផ្លូវចូលផ្ទះ ទល់មុខសាលាស្រុកភ្នំព្រឹក ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
តាមប្រភពប្រជាពលរដ្ឋឈមើលហេតុការណ៍បានឱ្យដឹងថា ប្តីប្រពន្ធទាំងពីរនេះ មានទំនាស់ នឹងគ្នា ចំនួន២-៣ថ្ងៃមកហើយ ដោយប្រពន្ធខឹងប្តីផឹកស្រាស្រវឹងព្រឹកល្ងាច ជាប្រចាំហើយទទួចសុំលែងលះគ្នាជាមួយប្តី ឯប្តីក៏ចោទថា នាងឯងមានប្រុសឈ្មោលផ្សេង ឬទើបសុំលែងបែបនេះ ។ ការទាស់ទែងពាក្យសម្តីឮខ្លាំងៗ ដោយប្តីប្រច័ណ្ឌប្រពន្ធជាមួយប្រុសផ្សេង ។
លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាល ស្រុកភ្នំព្រឹក បានអោយដឹងថា បុរសសង្ស័យជាប្តី មានឈ្មោះ វ៉ិត ធី អាយុ៤៩ឆ្នាំបាញ់ខ្លួនឯងចំទ្រូង១គ្រាប់ ធ្លាយឆ្អឹងខ្នង ស្លាប់ មានឋានៈអនុសេនីយ៍ទោ ជានាយផ្នែកប្រតិបត្តិការសឹករងស្រុកភ្នំព្រឹក។ ចំណែក ប្រពន្ធចុង មានឈ្មោះ សុខ បញ្ហា អាយុ២៧ឆ្នាំ ត្រូវគ្រាប់កាំភ្លើងចំទ្រូងស្លាប់។ ហើយកូនស្រីឈ្មោះ ចាន់ណា អាយុ ៣ឆ្នាំ ត្រូវគ្រាប់កាំភ្លើងនៅក្រោមឃ្លៀក ខាងស្តាំធ្លាយទៅខាងឆ្វេងពេលដឹកទៅដល់មន្ទីរពេទ្យស្លាប់ ទាំង៣ នាក់រស់នៅភូមិកើតហេតុ ។ ជនសង្ស័យមានប្រពន្ធដើមមានឈ្មោះ មៀច ទូច អាយុ៥៤ឆ្នាំ បានលែងលះគ្នា៥ឆ្នាំកន្លងមកហើយ មានទីលំនៅក្នុងភូមិកើតហេតុជាមួយគ្នា ។ ក្រោយកើតហេតុរកឃើញកាំភ្លើង K54 មួយដើមនិងសំបកគ្រាប់កាំភ្លើងចំនួន៣គ្រាប់ ។
លោកអធិការរងបានបញ្ជាក់ថា ក្រោយពីកើតហេតុនិងពិនិត្យភស្តុតាងបានបញ្ជាក់ថា ប្តីពិតជាបាញ់សម្លាប់ប្រពន្ធដោយភ្លើងប្រច័ន្ឌពិតប្រាកដមែន ហើយសពបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕