រាជធានីភ្នំពេញ៖ ប្រពភពត៌មានពីមន្ត្រីជំនាញធនធានទឹមតាមបណ្តាខេត្តសុទ្ធតែទម្លាយ ពត៌មានដូចៗគ្នាថាមូលហេតុដែលសាឡង់បូមខ្សាច់នៅតែបន្តបូមពេញ ទន្លេ បឹងបួរ បើទោះជាប្រជាពលរដ្ឋតវ៉ានោះ ក៏ព្រោះតែពួកគេបានឃុបឃិតនិងត្រូវរ៉ូវគ្នាជាមួយលោក ចាន់ យុត្ថា និងលោក ជាសុខនី ក្នុងការបង់ប្រាក់ប្រចាំខែអស់ទៅហើយ ហើយអ្នកទទួលរងថ្មបាក់គឺអាជ្ញាធរដែនដីរួមទាំងមន្ត្រីជំនាញ ធនធានទឹកថ្នាក់ក្រោម ។
ក្រុមឈ្មួញរកស៊ីបូមខ្សាច់លក់បាននិយាយថា សាឡង់បូមខ្សាច់ទាំងតូចទាំងធំទាំងមានច្បាប់និងអត់ច្បាប់ដែល កំពុងធ្វើសកម្មភាពដោយសុខស្រួលសព្វថ្ងៃនេះគឺដោយសារតែម្ចាស់សាឡង់ ទាំងនោះត្រូវរ៉ូវគ្នាជាមួយកម្លាំងពិសេសក្រោមបញ្ជារបស់លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យនិងលោកជា សុខនី នាយករងខុទ្ទកាល័យក្រសួងធនធានទឹកនិងឧត្តុនិយម ។
លោកចាន់យុត្ថានាយកខុទ្ទកាល័យ ក្រសួងធនធានទឹក និងឧត្តុនិយមរួមទាំងសហការីរបស់លោកបានរងនូវការចោទប្រកាន់ថា បានឃុបឃិតទទួលលុយដាក់ខែពីក្រុមសាឡង់បូមខ្សាច់មួយចំនួនធំ ទាំងមានច្បាប់និងអត់ច្បាប់ ។
ក្រុមឈ្មួញដែលបង្ហាញនូវការច្រណែនគ្នាអំពីការបង់លុយប្រចាំខែបាន លើកឡើងថាតាមរយះកងកម្លាំងពិសេសលោក ចាន់ យុត្ថា និងលោក ជា សុខនី បានប្រមូលលុយប្រចាំខែពីសាឡង់បូមខ្សាច់ទាំងមានច្បាប់និងអត់ ច្បាប់តាមតូចតាមធំ គ្រាដែលសាឡង់បូមខ្សាច់ក្រុមហ៊ុនធំៗ ហើយមានច្បាប់ត្រូវបង់ពី២០០០ទៅ៣០០០ដុល្លារក្នុងមួយខែ ។
ចំណែកឯសាឡង់បូមខ្សាច់មធ្យមមានច្បាប់ត្រូវបង់ពី១៥០០ទៅ២០០០ ដុល្លារ ។ ចំពោះសាឡង់បូមខ្សាច់ធំនិងមធ្យមដែលគ្មានច្បាប់បង់ចាប់ពី៣០០០ ដុល្លារ ដល់៤០០០ដុល្លារក្នុងមួយខែ ។
មន្ត្រីទាំងនោះបានត្អូញត្អែថា ប្រជាពលរដ្ឋតែងតែចោទពួកគាត់ថាបានឃុបឃិតជាមួយក្រុមឈ្មួញបូមខ្សាច់ តាមដងទន្លេ បឹងបួរ ប៉ុន្តែការពិតនោះពួកគាត់គ្មានសិទ្ធហាមឃាត់ឬបានទទួលលុយមួយសេនពី ក្រុមឈ្មួញនោះឡើយ ។ ម្យ៉ាងទៀតខាងក្រសួងគេចាត់ចែងស៊ីស្ងាត់ៗ អស់ទៅហើយ។
ទាក់ទងការចោទប្រកាន់នេះសង្ឃឹមថាលោក ចាន់ យុត្ថា នាយកខុទ្ទកាល័យក្រសួងធនធានទឹកនិងឧត្តុនិយម នឹងពន្យល់បកស្រាយជាមិនខាន ៕