បាត់ដំបង ៖ មេរោគអេដស៏ បានចម្លងលើកកុមារនិងយុវវ័យមុនគេ ទើបប្រជាពលរដ្ឋ៤៤១នាក់ តាមភូមិទៅជួសឈាមមើល រោគសញ្ញាចំនួន ៧២ នាក់ ក្នុងនោះ មានក្មេងចាស់ និងព្រះសង្ឃផងដែរ ចាប់ពីថ្ងៃទី៨ ខែធ្នូ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នៅភូមិរកាភូមិអំបែងថ្ងែ និងភូមិតាហែន ១ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រជាពលរដ្ឋដាក់ការសង្ស័យមេរោគឆ្លងតាម ២ ចំណុច ៖ ទី១ ការហៅគ្រូពេទ្យឯកជន តាមភូមិមកពិនិត្យចាក់ថ្នាំ ទី ២ ការចាក់ថ្នាំវ៉ាក់សាំង ការពារនៅមណ្ឌលសុខភាពរកា ។
ប្រភពប្រជាពលរដ្ឋបានអោយដឹងថា កូនអ្នកភូមិដំបូងមានជំងឹគ្រុនក្តៅ បានហៅលោកគ្រូពេទ្យឈ្មោះ យ៉ែម ជ្រុង អាយុ៤៨ឆ្នាំ គ្រូពេទ្យភូមិ គ្មានសញ្ញាប័ត្រ មកចាក់ថ្នាំអោយ ពេលចាក់ថ្នាំ មិនបានប្តូរម្ជុល ការចាក់ថ្នាំព្យាបាលមិនបានធូរស្បើយ បន្ទាប់មក អាណាព្យាបាល នាំយកកូនទៅមណ្ឌលសុខភាពរកាពេលជួសឈាមស្រាប់តែឃើញកូនមានមេរោគអេដស៏ រីឯឪពុកម្តាយគ្មានមេរោគនោះទេ ។ ប្រជាពលរដ្ឋ ដែលបានហៅ គ្រូពេទ្យឯកជនមកចាក់ថ្នាំក៏មានការព្រួបារម្មណ៍ក៏នាំគ្នាទៅជួសមើលនៅមណ្ឌលសុខភាពរការ ពេលនោះ ស្រាប់តែឃើញរោគសញ្ញាអេដស៏ ។
តាមប្រភពពីអ្នកស្រី ថែ ចាន់ធឿន អាយុ២៥ឆ្នាំ នៅភូមិរកាបានអោយដឹងថា ប្តីរបស់គាត់ទៅជួសឈាមនៅមណ្ឌលសុខភាពរកា ពិនិត្យរោគាស្វាយប្រមេះ ដល់ពេលទទួលរេស្តា ចេញលទ្ធផលមេរោគអេដស៏ ។ រួចនាំប្រពន្ធ និងកូនប្រុសអាយុ៧ឆ្នាំទៅជួសឈាម ស្រាប់តែលទ្ធផលចេញមកឃើញកូនប្រុស មានរោគសញ្ញាអេដស៏ រីឯម្តាយគ្មានរោគសញ្ញាទេ ។
អ្នកស្រី ឈ្មោះ ស៊ឹម ពៅ មេឃុំរកាបានអ្នកយកព័ត៌មានទាំងទឹកភ្នែកថា ប្រជាពលរដ្ឋក្នុងឃុំជួបការលំបាកភាពរាំងស្ងួត បន្ទាប់មកជួបគ្រោះទឹកជំនន់ មិនអាចប្រកបរបរចិញ្ចឹមជីវិត ពេលនេះ ជួបគ្រោះសាហាវ ដោយមានមេរោគអេដស៏ គួរអោយអាណិតអាសូរក្រៃលែង ការកើតរោគនេះ មិនត្រឹមតែអ្នកមានប្តីប្រពន្ធសំរាប់រួមរ័ក្ខទេ គឺមានដល់កូនក្មេងតូចៗ ព្រមទាំងព្រះសង្ឃផងដែរ ។ ការចាប់ឆ្លងមេរោគអេដស៏ តាំងពីថ្ងៃទី៨ រហូតដល់១៦ ខែធ្នួ ឆ្នាំ២០១៤ សរុប ៧២ នាក់ចំណោមប្រជាពលរដ្ឋ៣ភូមិ ហើយអ្នកខ្លះក៏បានបន្តទៅជួសឈាមនៅមន្ទីរពេទ្យខេត្តផងដែរ ។ អ្នកស្រីក៏មិនទាន់ចោទប្រកាន់លោក យ៉ែម ជ្រុង គ្រូពេទ្យដើរចាក់ថ្នាំក្នុងឃុំរកានោះដែរ តែលោកគ្រូពេទ្យនេះ បានទៅស្រុកតាកែវទៅធ្វើបុណ្យ ដូច្នេះសូមក្រុមគ្រូពេទ្យមានជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយដល់ប្រជាពលរដ្ឋរងគ្រោះទាំងនេះផង ។
លោក អ៊ឹម ចិត្រា ប្រធានមន្ទីរពេទ្យបង្អែកស្រុកសង្កែ បានអោយដឹងថា សូមប្រជាពលរដ្ឋកុំភ្ញាក់ផ្អើលឆ្លងមេរោគអេដស៏នេះដោយការចាក់វ៉ាសាំងការពារ ប្រសិនបើឆ្លងតាមវ៉ាក់សាំងការពារ រូបលោកទទួលខុសត្រូវតាមច្បាប់ ។ ខាងមន្ទីរសុខាភិបាលកំពុងសហការជាមួយសមត្ថកិច្ច តាមរកលោក យ៉ែម ជុង គ្រូពេទ្យប្រចាំភូមិមកធ្វើការសាកសួរ ចំពោះបញ្ហាការចាក់ថ្នាំប្រជាពលរដ្ឋតាមភូមិបង្កអោយមានរោគអេដ្ឋឆ្លងពាសពេញភូមិខាងលើ ៕