ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរក្រុងសំរោង និងខេត្តចុះសួរសុខទុក្ខគ្រួសារសពស្ត្រីម្នាក់ កាលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៤ នៅភូមិអភិវឌ្ឍន៍សង្កាត់អូរស្មាច់ ក្រុងសំរោង បន្ទាប់ពីស្ត្រីរងគ្រោះ បាននាំកូនស្រីចូលព្រៃរកដំឡូង តាមព្រំដែនត្រូវទាហ៊ានថៃបាញ់សម្លាប់កន្លងមក ។
ហេតុការណ៍ទាហ៊ានថៃបាញ់សម្លាប់កាលម៉ោង ១ រសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៤ ចំណុចអូរថ្មដា ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃលេខ ២៧៨ ក្រុងសំរោងខេត្តឧត្តរមានជ័យ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ស្ត្រីរងគ្រោះដែលទាហ៊ានថៃបាញ់សម្លាប់ មានឈ្មោះ ចេម ផន អាយុ៥៥ឆ្នាំកសិករ មានប្តីឈ្មោះ ជិន ចក់ អាយុ៦៣ឆ្នាំ មានកូនប្រុសស្រី ៨ នាក់ ក្នុងនោះស្រី៣នាក់ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ឈ្មោះ ចក់ សុកៀត ភេទស្រីអាយុ១៦ឆ្នាំ ជាកូនទី៦ របស់ស្ត្រីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ កាលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៤ នាងនិងម្តាយ ព្រមទាំងស្ត្រីម្នាក់ទៀតជិតខាងគ្នា បានដើរចូលព្រៃរកជីកដំឡូង តាមខ្សែបន្ទាត់ព្រំដែន ពេលដើរចូលព្រៃរកដំឡូង វង្វេងមិនបានដឹងថា ត្រឹមណាទឹកដីកម្ពុជា ត្រឹមណាទឹកដៃថៃ នោះទេ ។ រហូតដល់ថ្ងៃរសៀល ក៏ឮសម្លេងកាំភ្លើងបាញ់ប្រ៉ាវៗជាច្រើនគ្រាប់ ពួកយើងទាំង ៣ នាក់បានរត់រកព្រះអាយុរាងខ្លួន ស្រាប់តែខ្ញុំ និងមីងដែលទៅជាមួយបានមកដល់ផ្ទះ ហើយមិនឃើញម្តាយ ក៏នាំបងប្អូនទៅរកមិនឃើញម្តាយទៀត ឃើញតែស្នាមខួរនិងសក់មនុស្ស បានសន្និដ្ឋានថា ម្តាយត្រូវទាហ៊ានថៃបាញ់សម្លាប់ ក៏នាំគ្នាមកផ្ទះរៀបចំធ្វើរោងបុណ្យអោយគាត់ ។ លុះម៉ោង១១យប់ ថ្ងៃទី១២ ខែធ្នូ សពម្តាយត្រូវទាហ៊ានថៃយកឆ្លងកាត់ព្រៃមកអោយធ្វើបុណ្យ ។ សពត្រូវបានពិនិត្យឃើញក្បាលត្រូវគ្រាប់កាំភ្លើង សព ហាក់បីដូចទើបកាយពីដី(ពីផ្នូរ) មានប្រឡាក់ដី និងឈាមខ្សែវល្លិ៍ចងរុំសព ។
ក្រុមអាជ្ញាធរបានចុះសួរសុខទុក្ខក្រុមគ្រួសារសព និងនាំថវិការមួយចំនួនចូលបុណ្យជូនក្រុមសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ដោយ ព្រំ សំ