បាត់ដំបង ៖ បុរសម្នាក់ពេលក្រោកពីដេកព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ បាត់គោញី៣ក្បាល រួចមានការភ្ញាក់ផ្អើល សមត្ថកិច្ច និងអ្នកជិតខាងជួយរក ឃើញគ្រោងឆ្អឹងគោ១ក្បាលនៅចំណុចវាលស្រែ ចំងាយពីផ្ទះជនរងគ្រោះ ប្រហែល ១ គីឡូម៉ែត្រក្នុងភូមិ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី រីឯគោ ២ ក្បាលទៀត បាត់ស្រមោលឈឹង ។
លោកអនុសេនីយ៍ទោ ឡោ ទេព នាយប៉ុស្តិ៍រដ្ឋបាលឃុំព្រៃស្វាយ បានឲ្យដឹងថា បុរសរងគ្រោះដែលជាម្ចាស់គោញីទាំង ៣ ក្បាល មានឈ្មោះ ស៊ុំ សន អាយុ ៣៧ ឆ្នាំរស់នៅភូមិ ឃុំខាងលើ ។
ឈ្មោះ ស៊ុំ សន ម្ចាស់គោបានប្រាប់សមត្ថកិច្ចថា កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ គោញីទាំង ៣ ក្បាលរូប លោកបានចងទុកក្នុងក្រោលឆ្ងាយពីផ្ទះប្រមាណ ៧០ ម៉ែត្រ ដោយមិនមានអ្នកដេកចាំយាមទេ ពីព្រោះកន្លងមកមិន ដែលមានចោរលួចទេ ។ នៅពេលព្រឹកថ្ងៃទី១៣ ខែធ្នូ ពេលដែលគាត់ចុះទៅមើលគោ ស្រាប់តែបាត់អស់រលីងពីក្រោល ។ ភ្លាមៗនោះគាត់បានស្រែក ឆោឡោប្រាប់អ្នកស្រុកជិតខាង និងសមត្ថកិច្ចឲ្យជួយដើររក ក្រោយមក ក៍ប្រទះឃើញគ្រោងឆ្អឹងគោមួយក្បាល ដែលជនសង្ស័យពន្លះយកសាច់អស់នៅសល់តែឆ្អឹងជំនីក្បាលនិងស្បែក នៅចំណុចវាលស្រែចំងាយប្រហែល ១ គីឡូម៉ែត្រពីផ្ទះ ។ រីឯគោ២ក្បាលទៀត មិនដឹងក្រុមចោរយកទៅណាទេ ។ គោញី៣ក្បាលដែលបាត់សង្ស័យ ក្រុមចោរចូលលួចចន្លោះម៉ោង១២ទៅ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ ព្រោះពេលនោះខ្លួន និងក្រុមគ្រួសារកំពង់ដេកលក់ស្កប់ស្កល់ ។
លោក កែវ សុខុម អធិការរងនគរបាលស្រុកមោងឫស្សីបាន ឲ្យដឹងថា គោចំនួន៣ក្បាលដែលបាត់រកឃើញគ្រោងឆ្អឹងចំនួន១ក្បាលដែលចោរពន្លះយកសាច់អស់រលីងនៅសល់តែក្បាលនិងស្បែកតែប៉ុណ្ណោះ។ក្រុមចោរទាំងនេះមានជំនាញរហ័សរហួនបានដឹកសាច់តាមរថយន្តចេញពី ចំណុចពន្លះសាច់គោបានលឿន ។ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕