បាត់ដំបង ៖ បុរសម្នាក់ត្រូវជនរងគ្រោះ ៣ នាក់ប្តឹងពីបទឆបោកយកប្រាក់៣៦០ដុល្លា និង៥៥ម៉ឺនរៀល ធ្វើពន្ធនិងស្លាកលេខម៉ូតូ តាំងពីឆ្នាំ២០១២ រយៈពេល ២ ឆ្នាំហើយមិនបានទទួលប័ណ្ណស្លាកលេខម៉ូតូឡើយ ។ ជនសង្ស័យត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល ហៅមកសាកសួរនៅការិយាល័យ ហើយឃាត់ខ្លួន កាលពីម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ ។ ហើយជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅតុលាការ នាល្ងាចថ្ងៃដដែលចាត់ការតាមនិតិវិធី ។
លោក សោម គោវិទ្ធ នាយរងការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល បានអោយដឹងថា ជនសង្ស័យឈ្មោះ លី សាលី ហៅ រ៉ា អាយុ៥០ឆ្នាំ របរនាំម៉ូយទិញម៉ូតូ(គក់ជេរម៉ូតូ) មានទីលំនៅភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ចំណែកជនរងគ្រោះមកដាក់ពាក្យបណ្តឹងពីបទឆបោកប្រាក់ យកទៅធ្វើពន្ធនិងស្លាកលេខទោចក្រយាន្ត កាលពីម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ មាន ៣ នាក់ទី១ ឈ្មោះ ស្វាង សាលឿម ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅភូមិខ្នារឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ប្រាក់ចំនួន ៥៥ ម៉ឺនរៀល ។ ទី២ ឈ្មោះ ប្រាក់ យ៉ា អាយុ៥៣ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង អស់ប្រាក់ ១៨០ ដុល្លា ។ ទី៣ ឈ្មោះ សាយ ជឿន អាយុ៥៦ឆ្នាំ រស់នៅភូមិកំពង់ស្រម៉ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង អស់ប្រាក់១៨០ដុល្លា ។ ប្រាក់ដែលបាត់បង់សរុប៣៦០ដុល្លានិង៥៥ម៉ឺនរៀល ។
ជនរងគ្រោះទាំង៣នាក់បានអោយដឹងថា ជនសង្ស័យឈ្មោះ រ៉ា ពេលទៅយកប្រាក់បានប្រគល់បង្កាន់ដៃ ទទួលពាក្យចុះបញ្ជីយានយន្ត ដោយគាត់លេខតួលេខម៉ាស៊ីនម៉ូតូ ហើយសន្យាថា ស្លាកលេខម៉ូតូនិងបានឆាប់ៗ ពេលដល់ថ្ងៃកំណត់យក ទៅជួបឈ្មោះ រ៉ា គាត់បានដោះសារហូត ។ លុះខែធ្នូ ឆ្នាំ២០១៤ ពួកយើងរងគ្រោះបានជួបជុំគ្នាមកដាក់បណ្តឹង នៅការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលតែម្តង ៕