ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់សសៃប្រគ្រៀវទាញធ្លាក់ពីលើម៉ូតូឌុប បោកក្បាលថ្នល់បែកស្លាប់នៅកន្លែងងកើតហេតុ ពេលជិះម៉ូតូទៅធ្វើសំណុំបែបបទ នៅប៉ុស្តិ៍នគរបាលអន្តោប្រវេស្តិ៍ កាលពីម៉ោង១១និង៤០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចច្រកទ្វាអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
លោក ជ័យ វាសនា មន្ត្រីនគរបាលបានអោយដឹងថា បុរសរងគ្រោះស្លាប់មានឈ្មោះ តុប ខុន អាយុ២៩ឆ្នាំ មានទីលំនៅភូមិថ្លាត ឃុំខ្ទាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប ។ ម៉ូតូម៉ាកហុងដាឌ្រីម បើកបរដោយឈ្មោះ ក្រូច ពិសិទ្ធ អាយុ២៥ឆ្នាំ អ្នករត់ម៉ូតូឌុប មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ឈ្មោះ ក្រូច ពិសិទ្ធ អ្នករត់ម៉ូតូឌុបបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុជនរងគ្រោះបានដើរឆ្លងចូលទឹកដីថៃ គោលបំនងទៅលេងបងប្អូន ដោយសមត្ថកិច្ចសួរនាំ គ្មានឯកសារគ្រប់គ្រាន់ ក៏សមត្ថកិច្ចដេញអោយទៅបំពេញឯកសារនៅប៉ុស្តិ៍នគរបាលអន្តោប្រវេស្តិ៍ ។ បន្ទាប់មក ជនសង្ស័យក៏ស្រែកហៅខ្លួនអោយឌុបទៅប៉ុស្តិ៍នគរបាលអន្តោប្រវេស្តិ៍ ពេលកំពង់ជិះម៉ូតូ ស្រាប់តែជនរងគ្រោះត្រូវសសៃដៃសសៃជើងទាញ រហូតដល់ធ្លាក់ពីលើម៉ូតូដួលបោកក្បាលនិងថ្នល់ស្លាប់តែម្តង ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ក្រោយពីពិនិត្យសពឃើញថា ជនរងគ្រោះពិតជាមានជំងឺប្រគ្រៀវទាញប្រាកដមែន បានប្រគល់សពជូនកូនស្រីជនរងគ្រោះទទួលយកធ្វើបុណ្យតាមប្រពៃណី ។ កូនស្រីរងគ្រោះមិនប្តឹងអ្នករត់ម៉ូតូឌុបទេ ព្រោះឪពុកខ្លួនមានជំងឺសសៃប្រគ្រៀវនេះយូរឆ្នាំមកហើយ ចំពោះបុរសម៉ូតូឌុបក៏បានជួយសាហ៊ុយចំនួន៣០០ដុល្លារ សំរាប់ដឹកសពយកទៅធ្វើបុណ្យផងដែរ ៕
ព្រហ្មសំ