ភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ចបើកការស៊ើបអង្កេតអស់រយៈពេលប្រមាណជា ១១ ថ្ងៃការបាញ់ប្រហារ សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដ៏គួរឲ្យរន្ធត់រួចមក សមត្ថកិច្ចបានដាក់ការសង្ស័យទៅលើ ឧកញ៉ា ថោង សារ៉ាត់ ម្ចាស់បុរី៩៩៩ ។
តាមការឲ្យដឹងពីស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានបានឲ្យដឹងថា កម្លាំងសមត្ថកិច្ច ដឹកនាំដោយ ព្រះរាជអាជ្ញារងសា លាដំបូងរាជធានីភ្នំពេញ សៀង សុខ កំពុងឡោមព័ទ្ធចាប់ ឧកញ៉ាវ័យក្មេង ថោង សារ៉ាត់ នៅភូមិគ្រឹះក្នុងបុរី៩៩៩ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ការឈានទៅដល់ការចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ នេះ គឺបន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន ជនដៃដល់ ដែលជាអង្គរក្ស និងបានសារភាពថា ជាអ្នកប្រព្រឹត្ត ។ អង្គរក្សទាំង ៤ រូបនោះ រួមមាន៖ ទី១. ឈ្មោះ មាស សម្បត្ដិ ទី២. ឈ្មោះ សៀង វាសនា ទី៣. ឈ្មោះ កូន ចាន់ថុល និងទី៤. ឈ្មោះ លី សៅ ។
ប្រភពព័ត៌មានបានធ្លោយឲ្យដឹងថា ជនសង្ស័យ ទាំង៤នាក់និងសំណុំរឿងឃាតកម្មនោះបានសារភាពអស់ហើយទាក់ទងទៅនឹងសកម្មភាព ដែលពួកគេបានធ្វើ ហើយនឹងត្រូវបញ្ជូនឡើងតុលាការ នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៤ នេះ ដើម្បីឲ្យតុលាការសាកសួរនិងចាត់ ការតាមនីតិវិធី ។ ដោយឡែក ឧកញ៉ាថោង សារ៉ាត និងភរិយារបស់គាត់បានគេចខ្លួនចេញទៅ ក្រៅប្រទេសបាត់ហើយ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រហូតដល់ម៉ោង ៨ និង១៣នាទីយប់ថ្ងៃដដែលនេះ សមត្ថកិច្ចបានឃាត់ខ្លួនឪពុក-ម្តាយ របស់ឧកញ៉ា ថោង សារ៉ាត់ ខណៈលោកឧកញ៉ា បានរត់គេចខ្លួនបាត់ហើយ។ ឪពុករបស់លោកឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះ តាំង សុខ ហៅ ថោង ចំរើន អាយុ ៦៥ ឆ្នាំ រីឯម្តាយមានឈ្មោះ កែវ សារី អាយុ៥៥ឆ្នាំ ជាមន្ត្រីក្រសួងការពារជាតិ។ រហូតដល់វេលាម៉ោង ៩ និង២១នាទីយប់កម្លាំងសមត្ថកិច្ច បានចុះទៅឆែកឆេរ ទីតាំងក្រុមហ៊ុនចែកចាយសាច់បាត់តេ នៅក្នុងសង្កាត់បឹងទំពន់ ដែលជារបស់លោកឧកញ៉ា ថោង សារ៉ាត់ តែរកមិនឃើញលោកឧកញ៉ាទេ។ ក្នុងប្រតិ បត្តិការឆែកឆេរនាយប់នេះ សមត្ថកិច្ច បានរកឃើញកាំភ្លើងខ្លី៦ដើម នៅក្នុងភូមិគ្រឹះរបស់ឧកញ៉ា ថោង សារ៉ាត់ ក្នុងសង្កាត់ចាក់អង្រែក្រោម ។
ជាមួយនិងប្រតិបត្តិការឆែកឆេររកមិនឃើញឧកញ៉ា ថោង សារ៉ាត់នោះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានអំពាវ នាវដល់អាជ្ញាធរ និងសមត្ថកិច្ចនៅតាមច្រកព្រំដែនទាំងអស់ ចូលរួមសហការធ្វើយ៉ាងណាឃាត់ឲ្យបានលោកឧក ញ៉ា ថោង សារ៉ាត់ ប្រសិនបើឃើញលួចគេចខ្លួនទៅប្រទេសដទៃតាមច្រកព្រំដែន។
សង្គមហ្វេសប៊ុក បានសម្តែងការសាទរ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញការបំបែកសំណុំរឿងឃាតកម្មមួយនេះ ក្នុងរយៈពេល ត្រឹមតែ ១១ ថ្ងៃ និងបានកោតសរសើរជាខ្លាំង ចំពោះ សមត្ថកិច្ច ។ គេសង្ឃឹមថា ជនដៃដល់នឹងត្រូវចាប់មកផ្ទន្ទាទោសជាក់ជាមិនខាន ។
សូមរំលឹកផងដែរថា ឧកញ៉ា ថោង សារ៉ាត់ ជាឧកញ៉ាវ័យក្មេងមួយរូប ដែលធ្លាប់មានរឿងរ៉ាវក្តីក្តាំជាច្រើនលើមុខជំនួញ របស់ខ្លួន ៕