ខេត្តឧត្តរមានជ័យ ៖ កុមារាអាយុប្រហែល ១០ ឆ្នាំ បើករថយន្តលឿនដូចព្យុះបុកម៉ូតូ ១ គ្រឿងពីក្រោយប៉ើង ២០ ម៉ែត្រ បណ្តាលអោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ហើយរថយន្តនៅតែលឿន ទៅមុខបុករះព្រៃតូចធំ រហូតបានប្រហែល ១០ គីឡូម៉ែត្រ ធ្លាក់ចូលប្រឡាយ ទើបឈប់ អ្នកបើកបរបើកទ្វាចុះរត់គេចខ្លួនបាត់ កាលពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចភូមិគោកចាន់រ៉ី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
លោក ធូ សុភា នាយការិយាល័ចរាចរណ៍ផ្លូវគោក ខេត្តបានអោយដឹងថា បុរសរងគ្រោះស្លាប់មានឈ្មោះ ឌៀវ ដឹក អាយុ៥២ឆ្នាំ អ្នកបើកម៉ូតូនិងឈ្មោះ ម៉េង សារ៉ុន អាយុ ២៧ ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិកើតហេតុ ។ ទាំង ២ នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីមពណ៌ខ្មៅ គ្មានស្លាកលេខ ។ ចំណែករថយន្តបង្កម៉ាកតូយ៉ូតា តាកូម៉ាពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2S1304 បើកបរដោយកុមារាម្នាក់ អាយុប្រហែល ១០ ឆ្នាំ រត់គេចខ្លួនបាត់ រស់នៅភូមិអូយ៉ាដាវ សង្កាត់បន្សាយរ៉ាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
សាក្សីបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកតូយ៉ូតា តាកូម៉ាបើកបរពីកើតទៅលិចលឿន ដូចព្យុះបង្កអោយមានដីហុយសំពោង ហើយមិនបង្អង់បានបុកម៉ូតូ បើកស្របទិសគ្នា ពីក្រោយប៉ើងធ្លាក់ផ្លូវចំងាយប្រហែល ២០ ម៉ែត្រ ទើបឈប់ ឯរថយន្តនៅតែលឿនទៅមុខបុករះព្រៃតូចធំ រហូតបានប្រហែល ១០ គីឡូម៉ែត្រ ធ្លាក់ចូលប្រឡាយបើកទ្វារថយន្តចុះរត់គេចខ្លួនតែម្តង ។
លោក ធូ សុភា បានបញ្ជាក់ថា ក្រោយពីកើតហេតុសមត្ថកិច្ចចុះវាស់វែង យកមធ្យោបាយទាំង ២ គ្រឿង មកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយជាក្រោយ ។ សមត្ថកិច្ចបានប្រគល់សព ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី និងតាមស្រាវជ្រាឃាត់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ព្រំសំ