បាត់ដំបង ៖ យុវជនសង្ស័យ ២ នាក់នាំថ្នាំញៀន យ៉ាម៉ា ៧៥ គ្រាប់ជិះម៉ូតូឌុប ពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឆ្ពោះមកខេត្តបាត់ដំបង ត្រូវកម្លាំងនគរបាលស្រុកសំពៅលូន ដាក់ប៉ុស្តិ៍ឃាត់ខ្លួន កាលម៉ោង១៨និង៣០នាទី យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានអោយដឹងថា ពេលកម្លាំងសមត្ថកិច្ចដាក់ប៉ុស្តិ៍ ការពារភូមិឃុំសុវត្ថិភាព បានប្រទះម៉ូតូ១គ្រឿង ឌុបគ្នា៣នាក់ បើកបរពីស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ឆ្ពោះមកស្រុកសំពៅលូន ខេត្តបាត់ដំបង ពេលជនសង្ស័យ មកដល់ចំណុចប៉ុស្តិ៍ត្រូវកម្លាំងសមត្ថកិច្ច នគរបាលធ្វើការឆែកឆេរខ្លួន ជនរកឃើញថ្នាំញៀនចំនួន ៧៥ គ្រាប់ រីឯអ្នកម៉ូតូឌុបជាកម្លាំងរបស់សមត្ថកិច្ច ។
យុវជនសង្ស័យទាំង ២ នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ផាត សុភី អាយុ១៧ឆ្នាំនិងឈ្មោះ រង ភារម្យ អាយុ២០ឆ្នាំ ទាំង២នាក់រស់នៅភូមិគីឡូ ១៣ ឃុំសន្តិភាពស្រុកសំពៅលូន ខេត្តបាត់ដំបង ។ វត្ថុតាងដែលដកហូតបានមានថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន ៧៥ គ្រាប់ ។
ជនសង្ស័យបានសារភាពថា ពួកខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀន ២ ឆ្នាំ ហើយថ្នាំញៀនចំនួន ៧៥ គ្រាប់ពួកខ្លួនស៊ីឈ្នួលទិញ អោយមេឈ្មួញនៅស្រុកសំពៅលូន គឺទៅទិញយកមកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីយកមកលក់ចែកចាយ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោក ពេជ្រ សារ៉ែន បានបញ្ជាក់ថា ជនសង្ស័យ និងវត្ថុតាងថ្នាំញៀន៧៥ គ្រាប់ ត្រូវរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការ ដ្ឋាននគរបាលខេត្តនាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ចាត់ការតាមផ្លូវច្បាប់ ៕