បាត់ដំបង ៖ រថយន្ត២គ្រឿងក្រឡាប់បន្តបន្ទាប់ ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង ដឹកសត្វជ្រូករាប់រយក្បាលក្រឡាប់បណ្តាលអោយសត្វជ្រូករត់ចូលព្រៃ និងជ្រូក២០ក្បាលស្លាប់ ថៅកែបានហៅរថយន្តមួយគ្រឿងទៀតដឹកកម្មករមកជួយចាប់សត្វជ្រូក តែរថយន្តដឹកកម្មករក៏ត្រូវក្រឡាប់ទៀត បណ្តាលអោយបុរសកម្មករ ២២ នាក់ រងរបួសស្រាលធ្ងន់ កាលម៉ោង១០និង៣០ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២១០៤ នៅចំណុចភូមិស្រែ និងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ។
លោក ពេជ្រ សារ៉ែន អធិការស្រុកសំពៅលូន បានអោយដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ3B4344 ដឹកជ្រូកពីស្រុកសំពៅលូន ទៅភ្នំពេញក្រឡាប់នៅចំណុចម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២១០៤ នៅចំណុច ភូមិស្រែ ឃុំតាស្តា ស្រុកសំពៅលូន រីឯអ្នកបើកបរគេចខ្លួនបាត់ ។ បន្ទាប់មករថយន្តម៉ាកអ៊ីស៊ុយស៊ុយពាក់ស្លាកលេខភ្នំពេញ 2A1990 ដឹកកម្មករចំនួន ២១ នាក់ ទៅជួយចាប់ជ្រូកគេចម៉ូតូបើកបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យក្រឡាប់ទៀត បណ្តាលអោយកម្មករ និងអ្នកបើកបរសរុប២២នាក់រងរបួសធ្ងន់ស្រាល កាលម៉ោង១០និង៣០ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២១០៤ នៅចំណុច ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ។
លោកអធិការបាន បញ្ជាក់ថា ភ្លាមនោះ សមត្ថកិច្ចបានខិតខំប្រឹងប្រែងដឹកជញ្ជូនជនរងគ្រោះទាំង ២២ កាន់ទៅកាន់មន្ទីរពេទ្យធ្វើការសង្គ្រោះ រួចប្រមូលមធ្យោបាយទាំង ២ គ្រឿងយកទៅរក្សាទុនៅធអិការស្រុករង់ចាំការដោះស្រាយជាក្រោយ ៕