រតនគិរី ៖ ម៉ូតូដឹកឈើប្រណីតធ្វើអាជីវកម្មមួយគ្រឿង បានដួលតាមផ្លូវខណ:ពេលកំពុងបើក្នុងល្បឿនលឿន ហើយធ្លាក់ឈើសង្កត់តៃកុងស្លាប់មួយរំពេចកាលពីថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៤។
យុវជនរងគ្រោះបាត់បង់ជីវិតនោះឈ្មោះធៀបវុតភេទ ប្រុសអាយុ១៤ឆ្នាំជនជាតិគ្រឹងមុខរបរជាអ្នកស៊ី ឈ្នួលដឹកឈើប្រណីតតាមម៉ូតូឱ្យថៅកែម្នាក់ឈ្មោះ ស៊ឹង ចំណាន មានទីលំនៅភូមិអូរជុំស្រុកអូរជុំខេត្ដរតនគិរី។
ប្រភព ព័ត៌មានបានឱ្យដឹងថាកាលពីម៉ោង៤រសៀលថ្ងៃទី២៨ខែវិច្ឆិការឆ្នាំ ២០១៤គេឃើញម៉ូតូមួយគ្រឿងដឹកឈើធ្នង់ចំនួនបីកំណាត់ដែលមានមុខកាត់ ធំៗចេញពីភូមិសាស្ដ្រស្រុកវ៉ឺនលុះមកដល់ចំណុចកើតហេតុក្នុងភូមិឃុំ បានប៉ុងម៉ូតូនោះក៏ដួលហើយធ្លាក់ឈើសង្កត់យុវជនដែលជាអ្នកបើកបរ បណ្ដាលឱ្យស្លាប់នៅនិងកន្លែង។
ប្រភពបានបន្ដថា ក្រោយពីម៉ូតូនោះដួលសង្កត់ស្លាប់មនុស្សពេលនោះ គេឃើញប៉ូលិស្រុកវ៉ឺនសៃ បានទៅដល់ធ្វើការត្រួតពិនិត្យហើយថៅកែស្រីឈ្មោះស៊ឹង ចំណាន ដែលជាអ្នកទទួលទិញឈើពីជនរងគ្រោះក៏បានទៅដល់ទីនោះដែររួចហើយដឹក សាកសពយកចេញពីកន្លែងកើតហេតុមកឯស្រុកអូរជុំ ។
ប៉ូលិសចរាចរណ៏ ស្រុកវ៉ឺនសៃបានឱ្យដឹងថា ជនរងគ្រោះខាងលើនោះគឺត្រូវឈើសង្កត់បាក់ក និងសង្កត់ដើមទ្រូង នៅពេលខ្សែចងឈើបានរបូត ចេញហើយម៉ូតូដួលពេលកំពុងបើកលឿន ទើបបណ្ដាលឱ្យអ្នកបើកបរស្លាប់ភ្លាមៗ នៅនិងកន្លែង ករណីនេះ គឺមកពីជនរងគ្រោះខ្វះការប្រុងប្រយ័ត្ននៅពេលដឹកធ្ងន់ ៕