អគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជាមានតួនាទីគ្រប់គ្រងលើសេវារលកធាតុអាកាសទាំងមូលដូចជា ប្រព័ន្ធទូរស័ព្ទ, ប្រព័ន្ធគេហទំព័រ និងសេវានានាជាច្រើនដែលជាប្រភពចំណូលដ៏ធំរបស់អង្គភាពមួយនេះ និងក្រសួងប្រៃសណីយ៍ដែលតែងតែកើតមានរឿងអាស្រូវជាច្រើនទោះបីជាមានការផ្លាស់ប្តូរអគ្គនាយកបន្តបន្ទាប់ក៏ ដោយ ។
ប្រភពពីបុគ្គលិកបានឱ្យដឹងថា ពេលនេះលោក ឡាយ ម៉ារីវូ ពុំមានទ្រព្យសម្បត្តិរដ្ឋលក់ដូច ឡៅ សារឿន អតីតអគ្គនាយកមុននោះទេ តែលោក ឡាយ ម៉ារីវូ បានអនុវត្តន៍តាមគន្លងលោក ឡៅ សារឿន បង្កើតឱ្យមានអំពើកឹបកេងប្រវ័ញ្ចថវិកាជាតិ គឺជាទង្វើបំផ្លិចបំផ្លាញជាតិយ៉ាងធ្ងន់ធ្ងរបំផុតខ្លាំងក្លាជាងលោក ឡៅ សារឿន ទៅទៀត ។
ប្រភពបុគ្គលិកបានបន្ថែមទៀតថា បច្ចុប្បន្នលោក ឡាយ ម៉ារីវូ ជាអគ្គនាយកនៃអគ្គនាយកទូរគមនាគមន៍ កម្ពុជាបានដើរតាមគន្លងរបស់អគ្គនាយកមុនៗដដែល ដោយបង្កើតឱ្យមានបក្ខពួក និងប្រព្រឹត្តអំពើពុករលួយជា ប្រព័ន្ធកឹបកេងចំណូលថវិការបស់រដ្ឋដើម្បីធ្វើការមានបានសម្រាប់តែបក្ខពួកមួយក្តាប់តូចនៅក្នុងអគ្គនាយកដ្ឋានមួយនេះ ។
ប្រភពពីបុគ្គលិកបានឱ្យដឹងថា លោក ឡាយ ម៉ារីវូ បានយកឈ្មោះ ឈួន ចាន់ធូ មកធ្វើជាជំនួយការផ្ទាល់ ដើម្បីគ្រប់គ្រង និងរកចំណូលឱ្យរូបលោកជៀសវាងការចោទប្រកាន់ថា រូបលោកជាអ្នកប្រព្រឹត្តអំពើពុករលួយ ។ ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតករណីពុក រលួយនោះ រូបលោក ឡាយ ម៉ារីវូ ត្រូវបានរួចខ្លួន មានតែឈ្មោះ ឈួន ចាន់ធូ មួយរូបគត់ជាអ្នកប្រព្រឹត្ត អំពើពុករលួយតែម្នាក់ឯងប៉ុណ្ណោះ ។
អគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្ខពួកនិយម ក្នុងគោលបំណងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ៕