បាត់ដំបង ៖ ប្រជាពលរដ្ឋ ៥៧ គ្រួសារតវ៉ាសុំសិទ្ធិកាន់កាប់ដីមុខសាលាដំបូងខេត្តបាត់ដំបង កាលព្រឹកថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០១៤ ដែលឈ្មោះ លឹម ទៀឡេងជាមន្ត្រីយោធា រំលោភយក នៅភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោលអស់ជាច្រើនឆ្នាំ ។
តំណាងប្រជាពលរដ្ឋបានអោយដឹងថា ដីទំនាស់នៅចំណុចភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល កាលពីឆ្នាំ១៩៩៣ ខាងអង្គការ UNHCR និងអង្គការ CARERE បានទទួលដី៤០០ហិកតា ធ្វើការបែងចែកជូនប្រជាពលរដ្ឋចំនួន ១៤០ គ្រួសារ ធ្វើមាតុភូមិនិវត្តន៍ ក្នុង១គ្រួសារ២ហិកតា ។ នៅឆ្នាំ១៩៩៤ សង្គ្រាមខ្មែរក្រហម បានវាយលុកចូលភូមិគ្រួស ធ្វើអោយប្រជាពលរដ្ឋរត់ដកថយមកនៅតាម ដងផ្លូវជាតិលេខ ៥ ក្នុងឃុំអូរតាគីស្រុកថ្មគោល ។ នៅឆ្នាំ១៩៩៥ ប្រជាពលរដ្ឋបានចុះទៅកាប់គាស់ភ្ជួររាស់ត្រូវកម្លាំងយោធា ដេញ មិនអោយធ្វើ ហើយប្រជាជនបានធ្វើការប្តឹងតាមច្បាប់ រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៩៦ ត្រូវបានចេញបង្កាន់ដៃអោយកាន់កាប់ ។
ក្រោយពីចេញប័ណ្ដដី ឬប្លងដីនៅឆ្នាំ១៩៩៦ ដដែល មានអ្នកដើរទិញប្លង់ដីពីប្រជាពលរដ្ឋក្នុង១ប្លង់តម្លៃ១០ម៉ឺនរៀល ឬ១ពាន់បាត ពេលនោះ ប្រជាពលរដ្ឋជាច្រើនបានលក់អោយគេអស់នៅសល់តែ៥៧គ្រួសារ ដែលមិនបានលក់ ។ ហើយកន្លែងដីទំនាស់នេះ មានដីកាសម្រេចទទួលស្គាល់លេខ ២៧ ដក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៩ ចេញដោយលោក អ៊ុង សាមី អភិបាលខេត្តបាត់ដំបង និងលិខិតអន្តរាគមន៍ លេខ ៤៥៩ ចេញដោយសម្តេច ហេង សំរិន អនុប្រធានទី១ នៃរដ្ខសភា ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៩៩ ទទួលស្គាល់ដកហូតចំនួន ២៨០ ហិកតា អោយប្រជាពលរដ្ឋប្រកបរបរកសិកម្មវិញ ។ រាល់ពេលចូលទៅកាប់ឆ្កាព្រៃភ្ជួររាស់ត្រូវខាង ឈ្មោះ លឹម ទៀឡេងហាមឃាត់ ហើយពួកខ្លួនបានដាក់បណ្តឹងមកថ្នាក់ខេត្ត ដោះស្រាយ សុំសិទ្ធកាន់កាប់ដីប្រើប្រាស់វិញមកតាំងពី ឆ្នាំ២០០២ មិនចេញទើបប្តឹងបន្តមកទល់ពេល ដល់បច្ចុប្បន្ននេះ ។
លោក លន់ កីឡា តំណាងប្រជាពលរដ្ឋដែលចូលជួបតុលាកាបានអោយដឹងថា តុលាកាអោយតំណាង ៤ រូប ចូលជួបម្នាក់ម្តងទី ១ ឈ្មោះ លន់ កីឡា ទី២ ឈ្មោះ ឡេង ប្រុស ទី៣ ឈ្មោះ ឈឿន ឆប មេភូមិនិង ទី៤ អ្នកស្រី ចក់ សុខ ។ ខាងតុលាការគ្រាន់តែផ្គូរផ្គង់ ចម្លើយរបស់ប្រជាពរដ្ឋចោទថា ឈ្មោះ លឹម ទៀឡេង ជាមន្ត្រីយោធារំលោភយកដីចំណែក ក្នុងដៃតុលាកាមានបណ្តឹងឈ្មោះ លឹម ទៀ ឡេងចោទថា ប្រជាពលរដ្ឋទន្ទ្រានយកដីគាត់ ដូច្នេះមិនទាន់មានលទ្ធផលដោះស្រាយនៅឡើយទេ ៕