0

ក្រសួង​ធនធានទឹក ក្លាយទៅជា​ក្រសួង​គ្រួសារនិយមលោក លឹម គានហោ !

ក្រសួង​ធនធានទឹក ក្លាយទៅជា​ក្រសួង​គ្រួសារនិយមលោក លឹម គានហោ !

មាន​ការលើក​ឡើង​គួរ​ពិចារណា​ថា “​បើ​មើល​ពី​ទិដ្ឋភាព​ខាងក្រៅ ឃើញថា ក្រសួង​ធនធានទឹក មាន​សក្តានុពល និង​មាន​ការរីកចំរើន​ខ្លាំងក្លា​ណាស់​” ។ ពិសេស​គឺ​ជំនាញ ដែល​សុទ្ធសឹង​ជា​កម្លាំង​គ្រឹះ​ប្រកបដោយ សមត្ថភាព​ពេញលេញ​សក្តិសម នឹង​ការទទួលស្គាល់​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​មែន ។​ ​ប៉ុន្តែ​នៅពេល​ពិនិត្យ​ឱ្យ​ដល់​ផ្ទៃ​ក្នុង​ក្រសួង​ធនធាន​ទឹក​វិញ គឺ​មាន​ចំណុច​ខ្វះខាត​ជាច្រើន ដែល​មន្ត្រីរាជការ​នៅ ក្នុង​ក្រសួង​មួយ​នេះ មិន​អាច​ទទួលយកបាន ។

​ទាក់ទិន​នឹង​បញ្ហា​គ្រួសារនិយម​ ៖ មាន​ការលើកឡើង​ថា លោក​ប្អូន​ទាំង​មួយ​ទាំងពីរ​មក​ធ្វើជា​អគ្គនាយក​កាន់ ខាង​ជំនាញ និង​គម្រោង ។ ចំណែក​កូន​ប្រុស​ស្រី សុទ្ធតែ​មាន​តំណែង​ខ្ពស់ៗ និង​មួយចំនួនទៀត ជា​មនុស្ស​ដែល​ប្រមូល​សេដ្ឋកិច្ច ដូច​លោក ចាន់ យុ​ត្ថា ជាដើម ព្រោះ​លោក​ជា​នាយខុទ្ទកាល័យ​ក្រសួង​ផង ជា​អគ្គលេខាធិការ​អាជ្ញាធរ​ទន្លេសាប​ផង ។ ជាមួយគ្នានេះ​លោក ជា សុខ​នី ជា​អគ្គនាយករង និង​ជា​នាយរង​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​ទៀត ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​អំពើ​ពុករលួយ មានដូចជា រាល់​គម្រោង​របស់​រដ្ឋាភិបាល​, ជំនួយ​, ប្រាក់កម្ចី ភាគច្រើន​ការគ្រប់គ្រង គម្រោង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ពោល​គឺ “​តូច​ស៊ីតូច​-​ធំ​ស៊ីធំ​”​ហើយ​អ្នក​ដែល​ក្តោប សេដ្ឋកិច្ច​រួម និង​ជា​សេនាធិការ​ឱ្យ រដ្ឋមន្ត្រី លឹម គានហោ គឺ​លោក ចាន់ យុ​ត្ថា ។​

​ក្នុង​នោះ​បើ​និយាយ​ដល់​ថ្នាក់ដឹកនាំ​តាម​មន្ទីរ​រាជធានី​-​ខេត្ត អាច​រស់​បាន​ដោយសារ​ការ​បន្តក់ឱ្យសើ​ម ឬ​មិន​សើ​ម សុទ្ធតែ​កម្រិត​ខ្ទង់​ដែល​ថ្នាក់លើ​បែងចែក (​ចំណុច​នេះ​ស្ងាត់ស្ងៀម​មែន តែ​ពេល​ខ្លះ​អាច​ដំបៅ​ដើមទ្រូង ថ្នាក់ដឹកនាំ​តាម​មន្ទីរ​អាច​ប្រេះ​ធ្លាយ​នៅពេល​ណា​មួយ​) ។​

​ការគ្រប់គ្រង​ធនធាន​ទឹក គឺជា​ប្រភព​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ថ្នាក់ដឹកនាំ​ក្រសួង​-​មន្ទីរ​ធនធានទឹក ។ សួរថា តើ​ទីតាំង​បូម​ខ្សាច់​រាប់សិប​កន្លែង ស្ថិត​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​មាន​ច្បាប់​ប៉ុន្មាន ? អត់​ច្បាប់​ប៉ុន្មាន ?

​ចំណុច​ទាំងអស់​នេះ​ហើយ ដែល​ប្រមុខ​រដ្ឋាភិបាល​សព្វថ្ងៃ​ត្រូវ​សិក្សា​ឡើងវិញ ថា តើ​ក្រសួង​មួយ​នេះ មាន​សក្តានុពល​ក្នុង​ការដឹកនាំ និង​ទទួល​បាន​ភាព​រីកចំរើន​ដល់​កម្រិត​ណា ឬ​ក៏​ទទួលបាន​ចំណូល​សម្រាប់​ហោប៉ៅ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ?

​មន្ត្រី​មួយចំនួន​មិន​ហ៊ាន​និយាយ​ឱ្យឮ​ទេ ព្រោះ​ខ្លាច​អស់តំណែង តែ​មន្ត្រី​ខ្លះ​ក៏​មិន​កំណត់ថា សុខចិត្ត​ឱបដៃ មើល​ខ្លា​ចាប់​គោ​ស៊ី ឬ​ដុត​គោ​ស៊ី​បាយ​កក ខណៈ​ដែល​ពួក​ខ្លួន​រក​តែ​អង្ករ​ច្រក​ឆ្នាំង​ស្ទើរ​មិន​បាន​នោះ ៕

hunsen_limkianhor

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment