ប៉ៃលិន ៖ នៅក្នុងបរិវេណមុខសាលាខេត្តប៉ៃលិន មានរៀបចំពិធីទិវាអនាម័យបរិស្ថានជាតិថ្ងៃទី២៣ វិច្ឆិកា ២០១៤ ស្ថិតក្រោមអធិបតីភាពលោកជំទាវ ម៉ី ប៊ុតវិទ្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន លោក គុយ ណារ៉េត សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមន្ត្រីបរិស្ថាន មន្ត្រីឧទ្យាននុរក្ស និងមន្ត្រីរាជការជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ សិស្សានុសិស្សជាច្រើនរយនាក់ផងដែរ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ។
លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានឱ្យដឹងថា ការគ្រប់គ្រងសំណល់រឹងក្នុងខេត្តប៉ៃលិន សម្រាប់ឆ្នាំ២០១៤នេះគឺមាន បរិមាណសំរាមសរុបចំនួន២៨,៥០តោនក្នុងមួយថ្ងៃ។ សំរាមដែលអាចធ្វើការកែច្នៃប្រមូលតាមភ្នាក់ងារអេតចាយមានចំនួន៦តោន ក្នុងមួយថ្ងៃ(ស្មើនឹង២១ភាគរយ) សំរាមដែលបានដឹកជញ្ជូនចាក់ចោលទៅទីលានចំនួន១៥តោនក្នុងមួយថ្ងៃ(ស្មើនឹង៥៣ភាគរយ) និងបរិមាណសំរាមដែលប្រជាពលរដ្ឋបានបោះចោលទីកន្លែងផ្សេងៗបានចាក់ចោលដោយខុសច្បាប់មានចំនួន៧,៥តោនក្នុងមួយថ្ងៃ(ស្មើនឹង២៦ភាគរយ)។
លោកបានបន្តបន្ថែមទៀតថា មន្ទីរបរិស្ថានបានរៀបចំទីលានចាក់សម្រាមសម្រាប់ថ្ងៃអនាគតចំនួន៣៤ ហិតា នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ប៉ុន្តែមិនទាន់មានថវិកាសម្រាប់កែសម្រួលទីលាន និងផ្លូវចូលនៅឡើយទេ។ សព្វថ្ងៃគឺមានទីលានចាក់សំរាមបណ្តោះអាសន្នលើដីទំហំ២ហិតា ដែលមិនអាចធានាបានឡើយនៅពេលខាងមុខ។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនសំដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងបរិស្ថានដែលបានជ្រើសរើសយក ទីតាំងខេត្តប៉ៃលិនសម្រាប់ ប្រារឰទិវាអនាម័យបរិស្ថានជាតិថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។ ឯកឧត្តម បានបន្តថា កន្លងមកអាជ្ញាធរខេត្ត មន្ទីរ អង្គភាព វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ បងប្អូនប្រជាប្រពលរដ្ឋក្នុងខេត្តប៉ៃលិនបាននឹងកំពុងចូលរួម យ៉ាងសកម្មទាំងអស់គ្នាក្នុងបុព្វហេតុដើម្បីសំអាតខេត្តរបស់យើង ទាំងមូលផងដែរ។ មន្ទីរ បរិស្ថានខេត្តបានខិតខំទំនាក់ទំនងជាមួយដៃគូជាតិ និងអន្តរជាតិ វិស័យឯកជននានា និងបំផុសចលនាមហាជនឱ្យមានការចូលដើម្បីសំអាតបរិស្ថានទីក្រុងនិង ជនបទឱ្យមានការទុកដាក់សំណល់រឹង រាវ ឱ្យបានត្រឹមត្រូវ។
លោកជំទាវ ម៉ី ប៊ុតវិទ្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការប្រារឰទិវាអនាម័យបរិស្ថាន ជាតិថ្ងៃទី២៣ ខែវិច្ឆិកានេះឡើង គឺក្នុងគោលបំណងរួមចំណែកជាមួយសហគមន៍អន្តរជាតិដើម្បីធ្វើការ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចេះមានវិធានការផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីការថែរក្សាបរិស្ថាន ដូចជាសកម្មភាពទុកដាក់សំណល់និងសំរាមឱ្យបានត្រឹងត្រូវនិងប្តូរទម្លាប់ចោលសំរាមអនាធិបតេយ្យតាមទីសាធារណៈ និងសកម្មភាពផ្សេងៗទៀតដែលជាហេតុផលប៉ះពាល់ដល់សុវត្ថិភាព សុខុមាលភាព និងគុណភាពនៃ ជីវិតមនុស្ស សត្វ និងរុក្ខជាតិសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ៕