ខេត្តរតនគិរី ៖ សមត្ថកិច្ចតាមដងផ្លូវ៧៨កំពុងបើកដៃអោយចែញូងដឹកជញ្ជូនឈើប្រណិតតាមរថយន្តក្រុងទៅលក់នៅប្រទេសវៀតណាមយ៉ាងកគើន។ ឈើប្រណីត ប្រភេទធ្នង់ នាងនួន ក្រញូង ជាដើមបានត្រូវក្រុមឈ្មួញជនជាតិវៀតណាមចូលមកប្រមូលទិញនិងដឹកតាមរថយន្តក្រុង ចេញតាមច្រកអូរយ៉ាដាវជារៀងរាល់ថ្ងៃ ដោយពុំ មានសមត្ថកិច្ចជំនាញណាបង្ក្រាប និងទប់ស្កាត់ឡើយ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ វិច្ឆិកា ២០១៤ ឈើប្រណីតប្រភេទធ្នង់ ត្រូវបានឈ្មួញជនជាតិវៀតណាមដែលគេស្គាល់ឈ្មោះចែញូង ដឹកតាមម៉ូតូ និងរ៉ឺម៉កពី៤ទៅ៥ជើង យកទៅដាក់លើរថយន្តក្រុងដែលឈ្មួញរូបនេះលាក់ទុកនៅក្នុងផ្ទះជួលក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកម្ពុជាថ្មីបានស្រង់សម្តីអ្នកភូមិ អ្នករកស៊ីឈើបន្តិចន្តួចនិងសមត្ថកិច្ចមួយចំនួនឲ្យដឹងទៀតថា បន្ទាប់ពីឈើទាំងនោះត្រូវគេលើកដាក់លើ រថយន្តពេញហើយ នឹងដឹកចេញតាមច្រកអូរយ៉ាដាវទៅកាន់ប្រទេសវៀតណាម ដោយពុំមានសមត្ថកិច្ចជំនាញស្ថាប័នណាមួយចាត់វិធានការបង្ក្រាប និង ទប់ស្កាត់ឡើយ ។
ប្រភពបន្តថា ការណ៍ដែលឈ្មួញអាចដឹកជញ្ជូនឈើប្រណីតចេញចូលក្នុងក្រុងបានលុង និង ដឹកចេញតាមច្រកអូរយ៉ាដាវបានដោយស្រួលនោះ ដោយសារសមត្ថកិច្ច ជំនាញពាក់ព័ន្ឋក្នុងក្រុងដាក់ខែយកលុយ (ក្នុងមួយខែចាប់ពី១៥០០ដុល្លា ២០០០ដុល្លារ ទៅ៣០០០ដុល្លារ) ចំណែកសមត្ថកិច្ចជំនាញនៅច្រកទ្វារអូរយ៉ាដាវនោះវិញ គេគិតលុយតាមចំនួនរថយន្តដោយក្នុង១ជើងចំនួន៥០ដុល្លារ មានគ្រប់ស្ថាប័ននៅច្រកទ្វារ។
សេចក្តីរាយការណ៍បានបញ្ជាក់បន្ថែមថា នៅពេលនេះឈ្មួញជនជាតិវៀតណាមកាន់តែច្រើន បានត្រូវគេឃើញចូលមករកទិញឈើប្រណីតក្នុងខេត្តរតនគិរី ធ្វើឲ្យឈ្មួញខ្មែរមិនសប្បាយចិត្ត ហើយទំនងជាបាត់បង់ទាំងស្រុង(ឈ្មួញខ្មែរ) នៅពេលដ៍ខ្លីខាងមុខ ។
ការលួចលាក់របស់ឈ្មួញជួញដូរឈើប្រណិតថាមរថយន្តក្រុងចេញពីក្រុងបានលុងជនជាតិវៀតណាមឈ្មោះ ញូង ដែលស្ថិតភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលសមត្ថកិច្ច កងកម្លាំងតាមដងផ្លូវ និងរដ្ឋបាលព្រៃឈើតាំងពីថ្នាក់សង្កាត់ រហូតដល់ខណ្ឌទទួលសំណូកពីឈ្មោះញូង ដែលកំពុងជួញប្រណិតទៅប្រទេសវៀតណាមតាមផ្លូវជាតិលេខ៧៨ ឆ្លងកាត់ច្រកទ្វារអូរយ៉ាដាវនោះមិនដឹងជាឯកឧត្តម ថង សាវុន ប្រធានគណៈបញ្ជាការខេត្តបានជ្រាបពត៌មាននេះហើយឫនៅ។
គួរបញ្ជាក់ថា នៅពេលថ្មីនេះមានជនជាតិវៀតណាមចំនួន៥នាក់លួចឆ្លងដែនតាមច្រករបៀងភូមិភិៈ មកកាប់ឈើក្រហមនៅចំណុចក្បែរច្ររបៀងនោះ ហើយសព្វថ្ងៃនេះជនជាតិវៀតណាមតទាំង៥នាក់ដែលលួចកាប់ឈើខុសច្បាប់ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនមករដ្ឋបាលព្រៃឈើខណ្ឌដើម្បីចាត់ការតាមផ្លូវច្បាប់៕
ជីវ៉ា