បាត់ដំបង ៖ បុរសម្នាក់និងរថយន្តម៉ាកម៉ៃធីធួចំណុះ២,៥តោន ដឹកម៉ាស៊ីនច្រូតស្រូវ បានបើកបុកប៉ារ៉ាសសមត្ថកិច្ច២កន្លែងមិនឈប់ កាលពីម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចផ្លូវវាង ក្រុងលេខ ៥៧ អា រង្វង់មូលនាងគង្ហីង ក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគ ។ រថយន្តបើកគេច ដល់ភូមិសាលាបាឡាត់ សង្កាត់វត្តគ ក្រុងបាត់ដំបង ត្រូវកម្លាំងនគរបាលចម្រុះ និងនគរបាលចរាចរណ៍តា មស្ទាក់ឃាត់បាន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
មន្ត្រីនគរបាលចរាចរណ៍បានអោយដឹងថា បុរសសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ តូច ឡុង អាយុ៤៦ឆ្នាំ មានទីលំនៅភូមិបាក់រនាស់ សង្កាត់ស្វាយរៀងក្រុង-ខេត្តស្វាយរៀង ។ រថយន្តបង្កដកហូតបាន ម៉ាកម៉ៃធីធួ ចំណុះ២,៥តោន ពាក់ស្លាកលេខបាត់ដំបង 3A1902 ដឹកម៉ាស៊ីនច្រូតស្រូវ និងសម្ភារៈផ្សេងទៀត ។
លោក ហុក ហឿត នាយនគរបាលចរាចរណ៍គោលដៅរង្វង់មូលនាងគង្ហីង បានអោយដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកម៉ៃធីធួដឹកម៉ាស៊ីនច្រូតស្រូវ និងសម្ភារៈផ្សេងទៀត បើកបរតាមផ្លូវជាតិ៥៧អាពីកើតទៅលិច ពេលបើកមកដល់ចំណុចរង្វង់មូលនាងគង្ហីង សមត្ថកិច្ចកាក់មិនឈប់ ហើយរថយន្តបើកបុកប៉ារ៉ាស់បត់ទៅស្តាំដៃ សមត្ថកិច្ចកាក់១ជាន់ទៀតមិនឈប់ ក្រោយមកកម្លាំងចម្រុះយករថយន្តស្ទាក់ទើបឈប់ ។
ឈ្មោះ តូច ឡុង អ្នកបើកបររថយន្តបង្កបានអោយដឹងថា ពេលបើកបរខ្លួនមិនដឹងថា មាននគរបាលទេ ក្រោយមកទើបឃើញនគរបាលចរាចរណ៍បើកតាមក្រោយ ពេលនគរបាលកាក់ឈប់សួររកឯកសារពាក់ព័ន្ធ ខ្លួនថាមាន តែនៅថៅកែគាត់ដាក់គ្រឿងច្រូតនៅស្រុកគាស់ក្រឡ ភ្លាមនោះ ក៏មានមិត្តភ័ក្ត្រទូរស័ព្ទមកថា អោយខ្លួនដុតរថយន្តនិងចោលទៅ តែខ្លួនមិនបានធ្វើតាមទេ ។ បន្ទាប់មកសមត្ថកិច្ចយករថយន្តស្ទូចយករថយន្តខ្លួនមកការិយាល័យចរាចរណ៍ផ្លូវគោកតែម្តង។
លោក សាត គឹមសាន្ត ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង បានអោយដឹងថា បុរសសង្ស័យមានកំហុស ៖ ១ ប៉ុនប៉ងមនុស្សឃាត ២ មិនមានប័ណ្ណបើកបរ ៣ មិនបញ្ឍប់យានយន្ត អោយសមត្ថកិច្ចត្រួតពិនិត្យ មិនគោរពច្បាប់ចរាចរណ៍ ពីគោលដៅដើមទី រហូតដល់ចុងទី រហូតសមត្ថកិច្ចយករថយន្តពាំងពីមុខទើបឈប់ និងមានកម្លាំងញុះញុងអន្តរាគមន៍ដុតរថយន្តចោល ។ បុរសសង្ស័យ និងរថយន្តបង្កម៉ាកម៉ៃធីធួ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធី នាព្រឹកថ្ងៃដដែល ៕