បាត់ដំបង ៖ បុរសម្នាក់ប្រើឧករណ៍នេសាទឆក់ត្រីខុសច្បាប់ ពេលម្ចាស់ស្រះហាម មិនអោយរកត្រី បានយកដំបងវាយម្ចាស់ស្រះអោយរបួស រួចរត់គេចខ្លួនបាន១ថ្ងៃត្រូវចាប់ខ្លួន ។
កម្លាំងនគរបាលស្រុកបាណន់ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ កាលពីម៉ោង១៣រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចផ្ទះជនសង្ស័យ ភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
ហេតុការណ៍ចូលឆក់ត្រីវាយម្ចាស់ស្រះ ប្រព្រឹត្តកាល ពីម៉ោង១៩និង៤៥នាទី យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចជីរក ភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
លោក ប៊ុត សំបូរ អធិការស្រុកបាណន់ បានអោយដឹងថា ជនរងគ្រោះជាម្ចាស់ស្រះមានឈ្មោះ រឿង តិល ភេទប្រុសអាយុ៦៥ឆ្នាំ រងរបួសបែកក្បាល មានទីលំនៅក្នុងភូមិកើតហេតុ ។ ចំណែកបុរសសង្ស័យ បង្កមានឈ្មោះ លឿត ផារឹទ្ធ អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុជាមួយគ្នា ។
តាមប្រភពជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុកាលពីម៉ោង១៩និង៤៥នាទី យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ជនសង្ស័យបានប្រើឧករណ៍នេសាទឆក់ត្រីក្នុងស្រះរបស់ខ្លួន ហើយខ្លួនបានហាមស្តីអោយជនសង្ស័យឈប់យកសម្ភារៈខុសច្បាប់មកឆក់ទៀត ពេលនោះ ឈ្មោះ លឿត ផារឹទ្ធជនសង្ស័យបានយកដំបងឈើមកវាយសំពង់លើខ្លួនរួចគេចខ្លួនបាត់តែម្តង ។
ឈ្មោះ លឿត ផារឹទ្ធ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះម្ចាស់ស្រះមែន ។
លោក ប៊ុត សំបូរ អធិការស្រុកបាណន់បានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន មានករណីប្រើហឹង្សាលោកបានចាត់កម្លាំងចុះស្រាវជ្រាវស្វែងរកជនសង្ស័យ រហូតឃាត់ខ្លួនបានជាស្ថាពរ ហើយជនសង្ស័យត្រូវបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ចាត់ការតាមផ្លូវច្បាប់ ៕ គឹមសុខជា
ម្ចាស់ស្រះ