បាត់ដំបង ៖ បុរស ២ នាក់បងប្អូនខ្លួនតូចតែចិត្តធំ ហៅបុរសម្នាក់អាយុច្រើនជាងខ្លួនអា ក្នុងវង់ផឹកស៊ី ពេលជនរងគ្រោះ ហាមមិនស្តាប់ ក៏យកជើងទាត់ ស្រាប់តែពួកវាទាញកាំប៉ិតប៉័ងតោ និងដំបងវាយកាប់ស្លាប់ក្នុងថ្លុកឈាម កាលពីម៉ោង២៤រំលងអធ្រាត ចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នៅចំណុចក្រោយវត្តរំដួល ក្រុមទី១០ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
លោក ម៉ូ សាវុធ មេភូមិវត្តរំដួលបានអោយដឹងថា បុរសរងគ្រោះស្លាប់មានឈ្មោះ ញៀន សុខជា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (ពីមុនមានផ្ទះនៅក្នុងភូមិនេះ ក្រោយមកលក់អស់ហើយមកលេងអ្នកភូមិ) ។
នៅយប់កើតហេតុ ផ្ទះឈ្មោះ ឌុន សុផល ភេទប្រុសអាយុ៥៥ឆ្នាំ របរកាត់សក់ មានកម្មវិធីផឹកស៊ី ពួកគេមានមនុស្សប្រុសស្រី៦ទៅ៧នាក់មាន ៖ ទី១ឈ្មោះ ឌុន សុផល ម្ចាស់ផ្ទះ ទី២ ឈ្មោះ ញៀន សុខជា ជនរងគ្រោះ ទី៣ ឈ្មោះ កញ្ញា ភេទស្រី ទី៤ ឈ្មោះ សុខនី ភេទស្រី ទី៥ ឈ្មោះ សីហា ភេទប្រុស ទី៦ ឈ្មោះ ឡុង រឹទ្ធ ហៅងៀង ភេទប្រុស អាយុ២៨ឆ្នាំ ទី៧ ឈ្មោះ ឡុង សត្យា ហៅម៉េតភេទប្រុសអាយុ២៦ឆ្នាំ នៅផឹកស៊ីជុំគ្នា ។ លុះព្រឹកឡើងក៏មានការភ្ញាក់ផ្អើល មានឈាមដាបពេញផ្លូវ និងមនុស្សស្លាប់ ទើបរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
ប្រភពសមត្ថកិច្ចចុះធ្វើកោសលសវិច័យបានអោយដឹងថា សពមានស្នាមរបួសដៃមុតកាំបិត និងស្នាមមុតមុខ និងពីលើក្បាលផុងលលាដ៏ និងស្នាមវាយដោយដំបងផង ។ សពបានដេកផ្អៀងស្លាប់ ជើងទៅកើតក្បាលទៅលិចនោះ លើទឹកក្បែរដុបចេក ។ វត្ថុតាងរកឃើញមានកាំបិតប៉័ងតោ ១ និងឈើជ្រុងកន្លះម៉ែត្រ ១ ដុំ និងធ្មេញដាក់ចំនួន ១ ក្រាស់ នៅលើផ្លូវដើរ ។
ពាក់ព័ន្ធករណីនេះ ក្រោយសមត្ថកិច្ចហៅជនសង្ស័យមួយចំនួនទៅសាកសួរបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ញៀន សុខជា បានទាស់សម្តីជាមួយឈ្មោះ ឡុង រឹទ្ធ ហៅ ងៀង និងឈ្មោះ ឡុង សត្យា ហៅ ម៉េត ដោយជនរងគ្រោះហាមបុរស២នាក់បងប្អូនឈប់ហៅខ្លួនអាទៀត ព្រោះគេទាំង ២ នាក់មានអាយុតិចជាងឆ្ងាយ ដោយ២នាក់បងប្អូនមិនស្តាប់ ជនរងគ្រោះក៏ទាត់ធាក់ជនសង្ស័យទាំង២នាក់ ។ ពេលនោះ២នាក់បងប្អូនបានយកកាំបិតប៉័ងតោ និងដំបងវាយជនរងគ្រោះ ចេញពីកន្លែងស៊ីផឹកទៅ ដោយមេឃងងឹត ជនរងគ្រោះរត់ចូលដុបចេក ។ ចំណេកជនសង្ស័យ ស្មានតែជនរងគ្រោះគេចខ្លួនបាត់ ក៏មកអង្គុយផឹកស៊ីវិញ លុះព្រឹកឡើងទើបដឹងថា ជនរងគ្រោះស្លាប់ បាននាំគ្នារត់គេចខ្លួនបាត់តែម្តង ។
ប្រភពសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យសមត្ថកិច្ចបានកំណត់មុខសញ្ញារួចហើយ និងកំពុងស្វែងរកឃាត់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕