ប៉ៃលិនៈ អាជ្ញាធរខេត្តប៉ៃលិនបានប្រារព្ទពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦១នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលបានដណ្តើមបានឯករាជ្យទាំងស្រុងពីបារាំងនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣ និងគោរពវិញ្ញាណក្ខន្ទវីរយុទ្ធជនដែលបានពលីដើម្បីជាតិមាតុភូមិ ។
ពិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវិមានឯករាជ្យមុខសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក កើត សុធា អភិបាលខេត្ត លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជា ១៥០០នាក់ ។
លោក កើត សុធា អភិបាលខេត្តប៉ៃលិនមានប្រសាសន៍ថា ការប្រារព្ធពិធិបុណ្យឯករាជ្យ ៩ វិច្ឆិកា នេះឡើងគឺដើម្បីអបអរសាទរដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលបានដណ្តើមបានឯករាជ្យទាំងស្រុងពីបារាំងនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣ និងគោរពវិញ្ញាណក្ខន្ទវីរយុទ្ធជនដែលបានពលីដើម្បីជាតិមាតុភូមិ និងដើម្បីបង្ហាញនូវទឹកចិត្តដឹងគុណ ភក្តីភាពចំពោះស្នាព្រហស្ថដ៏មហាថ្លៃថ្លារបស់ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជជាតិខ្មែរ ដែលព្រះអង្គបានបំពេញនូវ ព្រះរាជបូជនីយកិច្ចតស៊ូដណ្តើមទាមទារឯករាជ្យជាតិ ពីនឹមអាណានិគម និយមបារាំងសេស និងបាននាំជាតិមាតុភូមិកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។
ក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦១នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ មានដុតភ្លើងជ័យ ដាក់ការ៉ោនផ្កាគោរពវិញ្ញាក្ខន្ធ ព្រមទាំងបង្ហោះប៉េងប៉ោង លែងព្រាបជានិមិត្តរូបនៃការសុំសុខសន្តិភាពផងដែរ ៕
សំ គូលីន