0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​បើក​វេទិកា​សហគ្រិន​ឆ្នើម និង ពានរង្វាន់​បណ្តាញ​សហគ្រិន​ស្ត្រី​អាស៊ាន (AWEN) ឆ្នាំ ២០២៤

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​បើក​វេទិកា​សហគ្រិន​ឆ្នើម និង ពានរង្វាន់​បណ្តាញ​សហគ្រិន​ស្ត្រី​អាស៊ាន (AWEN) ឆ្នាំ ២០២៤

មានប្រសាសន៍​ក្នុង​ពិធី​បើក​វេទិកា​ដ៏​ម​ហោ​ទ្បា​រិក​នោះ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បាន​អបអរសាទរ និង​កោតសរសើរ​ចំពោះ​សហគ្រិន​ស្ត្រី​គ្រប់រូប សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង ភាពជោគជ័យ និង​ការរួមចំណែក​ដល់​ប្រទេសជាតិ ក៏ដូចជា​តំបន់​អាស៊ាន​ទាំងមូល ដែល​ព្រឹត្តិការណ៍​ក្នុងថ្ងៃនេះ គឺជា​ភស្តុតាង​មិន​អាច​ប្រកែក​បាន នៃ​ស្មារតី​អង់អាច​របស់​ស្ត្រី​អាស៊ាន ដែល​ហ៊ាន​ជម្នះ​ឧបសគ្គ មាន​មហិច្ឆតា និង​ហ៊ាន​ដឹកនាំ ហើយ​បាន​ដើរតួនាទី​យ៉ាង​សំខាន់ ជា​មូលដ្ឋានគ្រឹះ​នៃ​សហគមន៍ និង​សេដ្ឋកិច្ច តំបន់​អាស៊ាន ឱ្យ​ក្លាយជា​សេដ្ឋកិច្ច​ធំជាងគេ​ទី ៥ នៅលើ​ពិភពលោក ដោយ​បាន​រួមចំណែក​ដល់​ការបង្កើត​ការងា​រ កាត់បន្ថយ​ភាពក្រីក្រ និង​លើកស្ទួយ​សេដ្ឋកិច្ច ប្រកប​ដោយ​បរិយាប័​ន្ន ព្រមទាំង​គាំទ្រ​ដល់​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច តាមរយៈ​វេទិកា​តំបន់ និង​អន្តរជាតិ ជំរុញ​កំណើន និង​បង្កើន​នវានុវត្តន៍​ឆ្លង​ព្រំដែន ។ សម្តេច​ធិបតី បាន​បញ្ជាក់​ផង​ដែរ​ថា ស្ត្រី​គឺជា​បេះដូង​នៃ​គ្រួសារ ជា​ព្រលឹង​នៃ​សហគមន៍ និង​ជា​វិចារណញ្ញាណ​នៃ​ប្រជាជាតិ​។ ការ​បីបាច់​ថែរក្សា​របស់​ស្ត្រី ផ្តល់ឱ្យ​មាន​តុល្យភាព ប្រាជ្ញា​ស្មារតី​របស់​ស្ត្រី ជួយ​នាំឱ្យ​មាន​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ហើយ​ភាព​ជា​អ្នកដឹកនាំ ប្រកប​ដោយ​ការចេះ​យល់​ចិត្ត​របស់​ស្ត្រី ជំរុញ​ឱ្យមាន​ភាព​សុខដុមរមនា ។ ការចូលរួម​កាន់តែ​សកម្ម​របស់​ស្ត្រី នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច​តំបន់ និង​អន្តរជាតិ មិន​ត្រឹមតែ​អាច​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែម​ទាំង​រួមចំណែក​ដល់​ការពង្រឹង​ភាព​ធន់ និង​ចីរភាព​នៃ​សេដ្ឋកិច្ច ក្នុង​សហគមន៍ និង​ប្រទេសជាតិ​ទាំងមូល​ផង​ដែរ ។​

​សម្តេច​ធិបតី បាន​បន្តទៀតថា កម្ពុជា តែង​ទទួលស្គាល់​តួនាទី​ដែល​មិន​អាច​ខ្វះ​បាន​របស់​ស្ត្រី​ក្នុងសង្គម និង​សេដ្ឋកិច្ច ។ ប្រវត្តិ​នៃ​ការ​ផ្តោត​សំខាន់​លើ​ស្ត្រី មិនមែន​គ្រាន់តែ​ជា​រឿងនិទាន ទាក់ទង​នឹង​ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រវត្តិ​នៃ​ជ័យជម្នះ​ផ្នែក​សេដ្ឋកិច្ច​ផងដែរ ។ ភស្តុតាង​ជា​ច្រើន​ទសវត្សរ៍ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា សមភាព​យេនឌ័រ មិនមែន​គ្រាន់តែ​ជា​បញ្ហា​នៃ​យុត្តិធម៌​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ផ្តល់​ជា​ជ​ន្ទ​ល់​រឹងមាំ ដែល​បាន​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​យ៉ាង​ខ្លាំងក្លា​ផងដែរ ។ នៅពេល​មាន​ការលើក​ស្ទួយ​ស្ត្រី ធុរកិច្ច​មាន​ការកើនឡើង ហើយ​ប្រទេស​ជាតិ​ក៏​នឹង​រីកចម្រើន ។ ការប្តេជ្ញាចិត្ត​របស់​កម្ពុជា បាន​ស្តែងឡើង​តាមរយៈ​គំនិត​ផ្តួចផ្តើម​នានា ដែល​គាំទ្រ​ដល់​សហគ្រិន​ស្ត្រី ។ ជាក់ស្តែង រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​មាន​ក្រសួង​កិច្ចការ​នារី​ជា​សេនាធិការ បាន និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ក្នុង​ការកសាង​បរិយាកាស​គាំទ្រ​ដល់​សហគ្រិន​ស្ត្រី តាមរយៈ​ការសម្រួល​ដល់​ការបង្កើត​បណ្តាញ​ស្ត្រី ដូចជា សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា (CWEA) សហព័ន្ធ​ស្ត្រី​អ្នកជំនួញ​កម្ពុជា (CWBF) ព្រមទាំង មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល​ផ្នែក​ធុរកិច្ច​ដែល​ចាំបាច់ និង​ការអភិវឌ្ឍ​ជំនាញ​ដល់​ស្ត្រី និង​សហគ្រិន​ស្ត្រី ។ ទន្ទឹមនេះ ដើម្បី​ដោះស្រាយ​បញ្ហា​ភាព​មាន​កម្រិត​នៃ​ការទទួល​បាន​ហិរញ្ញប្បទាន រាជរដ្ឋាភិបាល​បាន​អនុវត្ត​គំនិត​ផ្តួចផ្តើម​ហិរញ្ញវត្ថុ​មួយចំនួន ដើម្បី​គាំទ្រ​ដល់​សហគ្រិន​ស្ត្រី ដូចជា ការដាក់ឱ្យ​ដំណើរការ គម្រោង​ហិរញ្ញប្បទាន​សហគ្រិន​ស្ត្រី តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (SME Bank) ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដែល​មាន​លក្ខខណ្ឌ​អនុគ្រោះ និង​ការដាក់​ឱ្យ​ប្រើប្រាស់ គម្រោង​ធានា​ឥណទាន​សម្រាប់​សហគ្រិន​ស្ត្រី តាមរយៈ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) ដើម្បី​ផ្តល់​ការធានា​ឥណទាន​ជាមួយ​នឹង​លក្ខខណ្ឌ​អំណោយផល សំដៅ​ជំរុញ​ឱ្យ​ស្ថាប័ន​ផ្តល់​ឥណទាន គាំទ្រ​ដល់​អាជីវកម្ម ដែល​គ្រប់គ្រង​ដោយ​ស្ត្រី ។ បន្ថែម​លើ​នេះ ដើម្បី​ដឹកនាំ​ការអនុវត្ត​ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ ផែនការ នារីរតនៈ​ទី ៦ ៖ ផែនការ​យុទ្ធសាស្ត្រ ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី ។ ផែនការ​យុទ្ធសាស្ត្រ​ក្នុងដំណាក់កាល​នីមួយៗ ត្រូវបាន​រៀបចំឡើង ដោយ​ឈរ​លើ​វឌ្ឍនភាព​នៃ​ផែនការ​យុទ្ធសាស្ត្រ​លើក​មុនៗ និង​ស្រប​តាម​ច្បាប់ គោលនយោបាយ​ជាតិ ការកែទម្រង់​របស់​រា​ជ​រដ្ឋាភិបាល និង​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឈរលើ​គោលការណ៍​មិន​បោះបង់​ពលរដ្ឋ​ណា​ម្នាក់ ។​

​ជា​ចុងក្រោយ សម្តេច​មហា​បវរ​ធិបតី បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់ បណ្តាញ​សហគ្រិន​ស្ត្រី​អាស៊ាន​(AWEN) និង​បណ្តាញ​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា (CamWEN) ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​ជា​វេទិកា​ប្រកប​ដោយ​ឧត្តមភាព​សម្រាប់​ស្ត្រី​ទាំងឡាយ ដើម្បី​បង្ហាញ​សមត្ថភាព​លេចធ្លោ​របស់​ខ្លួន និង​ផ្តល់​ជា​គំរូ​ដល់​សង្គម និង​ចំពោះ​ក្រសួង​កិច្ចការនារី ចំពោះ​ការយកចិត្តទុកដាក់ ក្នុង​ការពង្រឹង​ភាព​អង់អាច ដល់​សហគ្រិន​ស្ត្រី​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!