0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

នៅ​រាត្រី ថ្ងៃ​សុក្រ ៧​កើត ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដង្ហែ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម តូ ឡឹម (TO Lam) ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ព្រះបរមរាជវាំង ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម តូ ឡឹម ប្រធាន​រដ្ឋ​វៀតណាម​មក​កាន់​កម្ពុជា គឺ​តប​តាម​ការអញ្ជើញ​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជិតសិ្នទ្ធ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ក្របខណ្ឌ​ប្រទេសជិតខាង​ល្អ​។​

​ក្នុងអំឡុងពេល​នៃ​ទស្សនកិច្ច​នេះ ឯកឧត្តម តូ ឡឹម បាន​ចូល​ក្រាប​បង្គំ​គាល់ និង​ព្រះរាជសវនាការ​ដាច់ដោយឡែក​ជាមួយ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​ឯកឧត្តម​ប្រធាន​រដ្ឋ បាន​អញ្ជើញ​ជួប​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​, សម្តេច​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​។ ជំនួប​ទាំងនេះ ត្រូវបាន​រំពឹងថា​នឹង​គ្របដណ្តប់​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដោយ​ផ្អែក​លើ​ស្មារតី​ភាពជា​អ្នកជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​ទាំងពីរ​។​

​មុន​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ​កម្ពុជា ឯកឧត្តម​ប្រធាន​រដ្ឋ​វៀតណាម នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ នៅ​មណ្ឌប​ព្រះ​បរម​រូប ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីត ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​មណ្ឌប​មិត្តភាព​កម្ពុជា​-​វៀតណាម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!