សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងសប្បុរសជន បាននាំយកថវិកា និងសម្ភារៈទៅ ឧបត្ថម្ភដល់ស្រីទុរគតម្នាក់ដែលសម្រាលកូនដោយខ្លួនឯង ក្រោយពីព្រាត់ប្រាស់ជាមួយប្តី នៅពេលដែលថៃចាប់បញ្ជូនពលករ មកកម្ពុជាវិញនាពេលកន្លងមក។
ថ្ងៃទី២៩តុលា២០១៤ លោកសូ កង នាយកប្រតិបត្តិសាខាកាបាទក្រហមកម្ពុជាខេត្ត ក្នុងនាមលោកជំទាវបាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមនិងសប្បុរសជនមួយចំនួនទៀតបាននាំសម្ភារៈនិងថវិកាមួយចំនួនទៅឧបត្ថម្ភដល់នារីទុរគតម្នាក់ និងលោកយាយចាស់ជរាដែលរស់នៅពីរនាក់យាយ និងចៅគ្មានទីពឹង ស្ថិតនៅចំណុចខកមូស ក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមសំដីនារីទុរគតបានអោយដឹងថា នាងមានឈ្មោះរិន ស្រីលីន អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់ក្នុងខ្ទមតូចមួយជាមួយជីដូនមានឈ្មោះវិត សុត អាយុ៧០ឆ្នាំ។ នាងបានអោយដឹងទៀតថា កាលដើមឡើយគ្រួសារនាងមានជីវភាពសមរម្យមានដីចំការ៤ហិចតា សម្រាប់បង្ករបង្កើនផល ប៉ុន្តែរយៈពេលក្រោយមកម្តាយរបស់នាងបានកាត់លក់ដីម្តងបន្តិចៗអស់នៅសល់តែប្រហែល៤រ៉ៃតែប៉ុណ្ណោះ ហើយក៏ម្តាយរបស់នាងក៏ចំណាកស្រុកទៅរកស៊ីនៅប្រទេសថៃបាត់ដំណឹងឈឹង។ នាងរស់នៅជាមួយជីដូនតាំងពីតូចរហូតដល់អាយុ១៧ឆ្នាំ ក៏បានសុំយាយទៅរកការងារធ្វើនៅប្រទេសថៃ មិនធ្វើការបានប៉ុន្មានផងក៏មានទំនាក់ទំនងស្នេហាជាមួយបុរសធ្វើការផ្នែកសន្តិសុខដែលបំរើការងារនៅទីនោះបានស្រឡាញ់គ្នារហូតដល់មានផ្ទៃពោះ។ ស្រាប់តែប្រទេសថៃមានអសន្តិសុខក្នុងប្រទេស ក៏បានបញ្ជូនពលករដែលនៅប្រទេសថៃទាំងអស់មកប្រទេសកម្ពុជាវិញ ចាប់ពីពេលនោះមកនាង និងបុរសម្នាក់នោះបាត់ដំណឹងឈឹងមិនដែលទំនាក់ទំនងគ្នាបានឡើយ។
នាងបន្តទៀតថា ដោយនាងមានជីវភាពទីទាល់ក្រគ្មានអ្វីពឹងមានតែជីដូនចាស់ជរាម្នាក់ដើរមិនរួច និងមានជម្ងឺប្រចាំកាយផងនោះ នាងខិតខំពុះពារដើររកបន្លែបង្ការផ្សេងៗមកស្លរ ស្ងោរជាមួយអំបិល និងប្រហុក សម្រាប់ដោះទាល់មួយគ្រាៗតែប៉ុណ្ណោះ។ ស្រាប់តែនៅពេលប្រហែលម៉ោង៤ទាបភ្លឺថ្ងៃទី២៥តុលាឆ្នាំ២០១៤ ក៏ឈឺពោះសម្រាលកូនតែម្តង នៅពេលសម្រាលកូន គឺសម្រាលដោយខ្លួនឯង ជាមួយជីដូនម្នាក់ប៉ុណ្ណោះ គ្មានអ្នកជិតខាងណាម្នាក់បានដឹង និងជួយឡើយ ព្រោះផ្ទះរបស់នាងនៅឆ្ងាយពីគេ គឺនៅកណ្តាលព្រៃភ្នំឯណោះ ។ការសម្រាលកូនដោយខ្លួនឯងនេះគឺសម្រាល់បានដោយសុវត្តិភាព ដែលបានទារកជាកូនស្រី មានសាច់ឈាមស្រស់ថ្លា សុខភាពរឹងប៉ឹង ចំណែកម្តាយក៏ដូចច្នោះដែរ។
លោកសូ កងនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបានមានប្រសាសន៍ពាំនាំបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកជំទាវបាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនជូនចំពោះជីដូន និងក្មួយស្រីដែលមានជីវភាពទីទាល់ក្រផងដែរ។
ជាក់ស្តែង ដូចនៅពេលនេះ បន្ទាប់ពីទទួលបានព័ត៌មានពីបណ្តាញអ្នកស្ម័គ្គចិត្តកាកបាទក្រហមនៅមូលដ្ឋានភ្លាម គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនក៏បាននាំយកអំណោយ និងថវិកាមួយចំនួនទៅឧបត្ថម្ភជាបន្ទាន់ ។ លោកក៏មានប្រសាសន៍ផ្តាំផ្ញើណែនាំអោយចេះថែទាំសុខភាពបានល្អ ព្រោះយើងជាសរសៃខ្ចីមិនអាចធ្វើការអ្វីដែលធ្ងន់ ហើយបើមានបញ្ហាអ្វីសូមមករាយការតាមរយៈមេក្រុម មេភូមិជាបន្ទាន់ដើម្បីអោយពួកគាត់ជួយដោះស្រាយបានទាន់ពេល។
សម្ភារៈដែលយកទៅឧបត្ថម្ភរួមមាន អង្ករ៥០គ.ក្រ មុង២ សារ៉ុង២ ក្រម៉ា២ ភួយ២ តង់ធំ១ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ទឹកសុទ្ធ ទឹកដោះគោ និងថវិកា១០ម៉ឺនរៀល ចំណែកលោកមាស វុធ អាជីវករលក់វ៉ែនតានៅផ្សារប៉ាហ៊ី និងសប្បុរជនមួយចំនួនទៀត បានឧបត្ថម្ភ អង្ករ៥០គ.ក្រ សម្លៀកបំពាក់មួយចំនួនធំ និងថវិកា៥ម៉ឺនរៀលផងដែរ ៕ ហុកវិបុល