ខេត្តបាត់ដំបង ៖ ផ្ទុះស្សេខ្សែភ្លើងឆេះផ្ទះ២ខ្នងបំផ្លាញទ្រព្យសម្បត្តិជាងសរុប២ម៉ឺនដុល្លា ក្នុងហេតុការណ៍នេះ មិនមាននរណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ កាលពីវេលាម៉ោង ១៤ និង៤០នាទីរសៀល ថ្ងៃទី២៧ខែតុលាឆ្នាំ២០១៤ នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ។
លោក ផង់ សុភាព អធិការរងស្រុកថ្មគោល ទទួលបន្ទុកសណ្តាប់ធ្នាប់បានអោយដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានចំនួន២ផ្ទះគឺទី១ផ្ទះសាងសង់ពីថ្មក្រោម ឈើខាងលើ និងប្រក់ស័ង្កសី មានទំហំ៦គុណ៧ម៉ែត្រ ឆេះបំផ្លាញទាំងស្រុង មានម្ចាស់ឈ្មោះហែម បាន ភេទប្រុស អាយុ៦៣ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំតាពូង ។ ការខូចខាតមាន ៖ កុំព្យូទ័រ១គ្រឿង រួមនិងគ្រឿងខារ៉ាអូខេ១ឈុត ស្មើតម្លៃ១២០០ដុល្លា គ្រែប្រអប់២គ្រឿ ស្មើតម្លៃ១០០០ដុល្លា ទូរស័ព្ទដៃម៉ាកណូគា ចំនួន ២ គ្រឿង អង្ករទំងន់ ៥០ គីឡូក្រាម ប្រាក់ដុល្លាចំនួន២៥០០ដុល្លា និងសម្ភារៈមួយចំនួន ស្មើ៣៥០ដុល្លារ ។ ទី២ ផ្ទះតៀម សាងសង់ពីឈើប្រក់ស័ង្កសី មានទំហំ ៤ គុណ ៧ ម៉ែត្រ ឆេះបំផ្លាញ ២០ ភាគរយ មានម្ចាស់ឈ្មោះ យ៉ន ងូវ ភេទប្រុស អាយុ ៥២ ឆ្នាំ រស់នៅភូមិកើតហេតុ ។
លោក គឹម ប៊ុនធឿន ប្រធានការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ បានអោយដឹងថា ចំពោះការខូចខាត សរុបទាំងផ្ទះជាង ២ ម៉ឺនដុល្លា ហើយអគ្គីភ័យនេះបង្កឡើងដោយទុស្សេខ្សែភ្លើង ដែលចាប់ផ្ដើមពីផ្នែកខាងលើ ផ្ទះលោក ហែម បាន មកមុន ដោយម្ចាស់រវល់នៅខាងក្រោម។ ដូច្នេះសូមបងប្អូន ត្រូវមានការប្រុងប្រយ័ត្ន ចំពោះភ្លើងទានធូប និងប្រយ័ត្នចំពោះតំណរខ្សែភ្លើង ហើយប្រសិនអាចផ្លាស់ប្តូរ ខ្សែភ្លើងថ្មី បានគួរតែផ្លាស់ ព្រោះរដូវភ្លៀងមិនទាន់ផុតទេ អាចទឹកស្រក់ជ្រាបចូលបង្កផ្ទុះស្សេជាដើម ៕