បាត់ដំបង ៖ យុវជនម្នាក់ស្រវឹងស្រា លួចមើលក្មេងស្រីងូតទឹកចងពង់ ទ្រាំមិនបានចាប់ឱបនាង ត្រូវនាងស្រែកអោយឪពុកម្តាយប្តឹងសមត្ថកិច្ចឃាត់ខ្លួន កាលពីម៉ោង១៩និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
នគរបាលក្រុងបាត់ដំបងបានអោយដឹងថា យុវតីរងគ្រោះ មានឈ្មោះ ខេន ស្រីណា អាយុ១៦ឆ្នាំ រស់ក្នុងភូមិកើតហេតុ ។ ចំណែកជនសង្ស័យមានឈ្មោះ យូ សារ៉ាត់ ហៅ លីន អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុជាមួយគ្នា ។
យុវតីរងគ្រោះបានដាក់បណ្តឹងថា នៅពេលនាងងូតទឹកស្លៀកសារ៉ុង កៅស៊ូ ចងពង់នៅក្រោយផ្ទះ ស្រាប់តែឈ្មោះ យូ សារ៉ាត់ ហៅ លីន មិនដឹងសម្ងំនៅក្នុងបង្គន់ តាំងពីពេលណាមកទេ បានស្ទុះចេញមកចាប់ឱបខ្លួន និងចាប់ច្របាច់ដោះ ភ្លាមនោះខ្លួនបានស្រែកអោយឪពុកម្តាយជួយ ចំណែកជនសង្ស័យ បានស្ទុះផ្លោះរបងរត់គេចខ្លួនបាត់ ។
ជនសង្ស័យ ឈ្មោះ យូ សារ៉ាត់ ហៅ លីន បានបដិសេធថា ខ្លួនបានមកពីផឹកស៊ីក្បែរផ្ទះនាងជនរងគ្រោះ ហើយដើរត្រឡប់មកផ្ទះវិញ ពេលនោះក៏ឮសម្លេងមានគេងូតទឹកនៅ ឈ្មោះ ខេន ស្រីណា បន្ទាប់មកខ្លួនបានដើរតម្រង់ទៅបន្ទប់ទឹកនោះ ស្រាប់តែនាងស្រីណា បានបើកទ្វាបន្ទប់ទឹក ស្ទុះចេញមកមានសារ៉ុងចងពង់ត្រឹមគល់ដោះ ហើយខ្លួនក៏បានដើរចេញមកផ្ទះវិញ ដោយមិនបានធ្វើអ្វីផ្តេសផ្តាស ឬប៉ះពាល់នាងបន្តិចណាសោះ ។
នគរបាលក្រុងបាត់ដំបងបានបញ្ជាក់ថា ទោះជាជនសង្ស័យមិនបានសារភាពក៏ដោយ សមត្ថកិច្ចត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់ទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមផ្លូវច្បាប់ ៕