0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​ទូទាំង​ប្រទេស

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​ទូទាំង​ប្រទេស

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Shohrat Zakir អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​ទូទាំងប្រទេស​នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​ក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម និង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ សម្ដេច​បាន​សម្តែង​នូវ​ក្តីរីករាយ​ដោយ​ឃើញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​រវាង​ស្ថាប័ន​នីតិបញ្ញត្តិ នៃ​ប្រទេស​ទាំង​ពីរ​មាន​ការរីកចម្រើន​។ សម្ដេច​តេ​ជោពិត​ជារីក​រាយ ដោយ​ឃើញ​ពី​លទ្ធផល​នៃ​ជំនួប រវាង​ឯកឧត្តម​ជាមួយនឹង​សម្ដេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​កម្ពុជា និង​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ម្សិលមិញ​។

​ជា​ការឆ្លើយតប ឯកឧត្តម Shohrat Zakir ពិតជា​រីករាយ​ដែល​បាន​ជួប សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា នៅថ្ងៃនេះ​។ ឯកឧត្តម​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង ឯកឧត្តម ចាវ​ជី​លី ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ តំណាង​ប្រជាជន​ចិន និង​ថ្នាក់ដឹកនាំ​ចិន​ជា​ច្រើន​ទៀត​ផង​ដែរ ជូន​សម្ដេច​តេជោ​។ ឯកឧត្តម ក៏​បាន​សម្ដែង​អំណរ​សាទរ ចំពោះ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៃ​ការបោះឆ្នោត​បន្តបន្ទាប់រ​បស់​កម្ពុជា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់ ដែល​បង្ហាញ​ពី​ការគាំទ្រ​ដ៏​លើសលប់​ពី​ប្រជាជន​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​។

​ឯកឧត្តម បានចាត់ទុក​សម្ដេច​តេជោជា​មិត្ត​ចាស់ ឯកឧត្តម​បាន​បន្តទៀតថា ចំណង​មិត្តភាព​កម្ពុជា​-​ចិន ដែល​បាន​បង្កើត​ជា​ច្រើន​ជំនាន់​មក​ហើយ ដែល​ផ្ដួចផ្ដើម​ដោយ​សម្ដេច​ព្រះ​បរម​រតនៈ​កោដ្ឋ សម្តេចព្រះ​នរោត្តម​សីហនុ ជាមួយនឹង​ថ្នាក់ដឹកនាំ​ចិន ហើយ​ដែល​ត្រូវបាន​ពូន​ជ្រុំ​ដោយ​ថ្នាក់​ដឹកនាំ​ចិន និង​កម្ពុជា​ជា​បន្តបន្ទាប់​រៀងរហូត​មក​ដោយ​រក្សា​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ និង​ផ្ដល់​នូវ​ភាព​រីកចម្រើន​ឲ្យ​គ្នា​ទៅវិញទៅមក​។ រហូតមកដល់​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម​ប្រធានាធិបតី ចិន ស៊ី ជីន​ពីង និង​សម្ដេច​តេជោ​ដែល​បាន​ផ្ដួចផ្ដើម និង​ការកសាង​សហគមន៍ ជោគវាសនា​រួម​កម្ពុជា​-​ចិន ក្នុង​ដំណាក់កាល​ថ្មី​ប្រកបដោយ​គុណភាព​ខ្ពស់​។ ភាគី​ចិន​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​អាទិភាព ហើយ​គាំទ្រ​កម្ពុជា​យ៉ាង​មុតមាំ​នូវ​មាគ៌ា​អភិវឌ្ឍន៍​របស់​ខ្លួន ស្របតាម​សភាពការណ៍​ជាក់ស្ដែង​។ ប្រទេស​ចិន​ក៏​បាន​ប្តេជ្ញា​សហការ​ក្នុង​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​ខិតខំ​ជំរុញ​ច្រករបៀង​មច្ឆា និង​អង្ករ និង​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ឱ្យមាន​ការរីកចម្រើន​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​។

​ក្នុង​ឱកាស​ខួប​លើក​ទី​៧៥ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ បាន​ប្រឈម​នឹង​កាលានុវត្តភាព​ថ្មី ជាមួយ​ស្ថានការណ៍​ភូមិសាស្ត្រ​នយោបាយ ដែល​កម្ពុជា និង​ចិន​ត្រូវតែ​សហការ​ជាមួយ​គ្នា​ដើម្បី​កសាង​សហគមន៍​វាសនា​រួមគ្នា​។ កន្លងមកនេះ ភាគី​ចិន​តែងតែ​ស្វាគមន៍​ព្រះរាជ​វត្តមាន​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចម៉ែ​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាង​ពិនិត្យ​ព្រះរាជសុខភាព​ជា​ទៀងទាត់ និង​ព្រះរាជទស្សនកិច្ច​ផ្សេងៗ នៅ​ប្រទេស​ចិន​។ ភាគី​ចិន​ក៏​នឹង​ត្រៀម​រៀបចំ​ទទួល​ស្វាគមន៍​វត្តមាន សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​តាម​ពេលវេលា​សមស្រប​នាពេល​ខាងមុខ​នេះ​ផង​ដែរ​។ ភាគី​ចិន​និង​ប្ដេជ្ញា​សហការ​ជាមួយ​កម្ពុជា​ក្នុង​ការធ្វើ​ទំនើបកម្ម និង​សហប្រតិបត្តិការ​យ៉ាង​ជិតស្និត ការពារ​អធិបតេយ្យ និង​សន្តិសុខ​របស់​ប្រទេស​ទាំង​ពីរ​។ ភាគី​ចិន​ក៏​នឹង​ខិតខំ​ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ការធ្វើ​ទំនើបកម្ម​ច្នៃប្រឌិត និង​ការចែករំលែក​បទពិសោធ​ន៍ ជាមួយ​កម្ពុជា លើ​គ្រប់​វិស័យ​ជាច្រើន​ទៀត​។

​ឯកឧត្តម ក៏​បាន​បញ្ជាក់ថា ភាគី​ចិន និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ខិតខំ​ជំរុញ​ការ​នាំចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា ជំរុញ​ការអភិវឌ្ឍន៍​ច្រករបៀង​មច្ឆា និង​អង្ករ ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការធ្វើ​ទំនើបកម្ម​ផ្លូវថ្នល់ ផ្លូវដែក អគ្គិសនី ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជាដើម​។ ក្នុង​នោះ​ប្រទេស​ទាំង​ពីរ នឹង​ជំរុញ​ការផ្លាស់ប្ដូរ ប្រជាជន និង​ប្រជាជន​ដោយសារ​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ប្រទេស​ទាំង​ពីរ​បាន​កំណត់ ជា​ពិសេស​ជំរុញ វិស័យ​ទេសចរណ៍​រវាង​ទាំងពីរ​។ ក្នុង​នោះ​ប្រទេស​ទាំង​ពីរ ក៏​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ហ្គេម​តាម​អន​ឡាញ ការជួញដូរ​មនុស្ស និង​ការផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ជាដើម​។

​សម្ដេច​តេជោ បាន​អរគុណ​ចំពោះ ឯកឧត្តម ដែល​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​ថ្នាក់ដឹកនាំ​ចិន​ដទៃទៀត ដែល​កន្លងមក សម្ដេច បាន​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​ជា​បន្តបន្ទាប់ ដែល​បាន​ជំរុញ​ការលើកកម្ពស់​ទំនាក់ទំនង​រហូតមកដល់​ពេលនេះ​។ សម្ដេច​ពិតជា​រីករាយ​ចំពោះ ឯកឧត្តម ដែល​បាន​ធ្វើការ​យ៉ាង​ល្អ ជាមួយ​ប្រធាន​រដ្ឋសភា​កម្ពុជា និង​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី ដោយ​បាន​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​កាល​ពី​ម្សិលមិញ​នេះ​។​

​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​អរគុណ​ចំពោះ​ការអញ្ជើញ​សម្ដេច​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន នឹង​បាន​លើក​ពី​កិច្ចសហប្រតិបត្តិការ ជាពិសេស​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ច្រករបៀង ឧស្សាហកម្ម និង​បច្ចេកវិទ្យា ច្រករបៀង​មច្ឆា និង​អង្ករ​។​ល​។ ហើយ​រាល់​កិច្ចសហប្រតិបត្តិកា​រទាំ​ង​អស់​បាន​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា​យ៉ាងច្រើន​។ សម្ដេច​ក៏​បាន​សុំ​ឲ្យ​មិត្ត​ចិន​មើល​មក​កម្ពុជា​ជា​មិត្ត​ដែល​គួរឲ្យ​ទុកចិត្ត​។ សម្ដេច​បាន​មានប្រសាសន៍​បន្ត​ថា មិត្ត​ចិន​អាច​ទទួល​ការ​ពិត​មួយ​ហើយ គឺ​ការផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​ថ្មី ពុំ​មាន​ការផ្លាស់ប្ដូ​រគោល​ជំហ​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​ទេ​។ រាជរដ្ឋាភិបាល​ថ្មី​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត កំពុង​តែ​ខិតខំ​ពង្រឹង​ទំនាក់ទំនង​ដែល​មាន​ស្រាប់ ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ជាមួយ​នឹង​គំនិត​ថ្មីៗ ដើម្បី​ធ្វើឲ្យ​ទំនាក់ទំនង​នេះ កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត​។ ទាក់ទង​ទៅនឹង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ សម្ដេច​តេជោ បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​មិត្ត​ចិន ដែល​បាន​ជួយ​ឲ្យ​កម្ពុជា​អាច​ទប់ទល់​នឹង​ជំងឺ​នេះ​បាន​ប្រកបដោយ​ភាពជោគជ័យ​។ សម្ដេច​បន្តថា កិច្ចសហប្រតិបត្តិការ​ប្រឆាំង​កូវី​ដ​១៩​នេះ ពិតជា​មាន​តម្លៃ​សំខាន់​ណាស់​សម្រាប់​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ចិន​។

​សម្ដេច​ក៏​បាន​កោតសរសើ​រ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ដែល​បាន​ជួយ​ដល់​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩​កន្លងទៅនេះ​។ សម្ដេច​តេជោ បានចាត់ទុក​ការជួយ​របស់​ចិន​មក​កម្ពុជា មិន​ត្រឹមតែ​ជួយ​អភិវឌ្ឍ​ក្នុង​វិស័យសេដ្ឋកិច្ច​ប៉ុណ្ណោះ​នោះ​ទេ តែ​បាន​ជួយ​ពង្រឹង​ដល់​ឯករាជ្យភាព ខាង​នយោបាយ​របស់​កម្ពុជា​ទៀតផង​។ ជា​ចុងក្រោយ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​សុំ​ឲ្យ​ឯកឧត្តម​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​ថ្នាក់ដឹកនាំ​ចិន​ដទៃទៀត និង​សូម​ជូនពរ​ឱ្យមាន​សុខភាព​ល្អ និង​បន្ត​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​។

​ឯកឧត្តម ក៏​សូម​ស្វាគមន៍​ចំពោះ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា អញ្ជើញ​បំពេញ​ទស្សនៈកិច្ច​ទៅកាន់​ប្រទេស​ចិន​តាម​ពេលវេលា​សមស្រប​ណាមួយ​នាពេលខាងមុខ ហើយ​ឯកឧត្តម​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន នឹង​ត្រូវ​បាន ជំរុញ និង​លើកក​ម្ព​ស់​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ផង​ដែរ នាពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!