បាត់ដំបង ៖ បុរសសង្ស័យ ៣ នាក់វាយភ្ជង់ប្លន់ស្ត្រីម្នាក់អោយរបួស និងប្តីយកគ្រឿងអលង្ការ ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់កសាងសំណុំរឿង ពីបទលួច មានស្ថានទម្ងន់ទោស បញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ចាត់ការតាមនិតិវិធី ។
លោក សេង លុច នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានអោយដឹងថា បុរសសង្ស័យ ៣នាក់ត្រូវបាននគរបាលស្រុកកំរៀងឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ នៅចំណុចតាមផ្លូវសាធារណៈ ពេលកំពង់ជិះម៉ូតូតាមផ្លូវ៥៧B ក្នុងស្រុកបវេល ខេត្តបាត់ដំបង ពាក់ព័ន្ធករណីវាយភ្ជង់ប្លន់ស្ត្រីម្នាក់ និងប្តីយកក្រវិលខ្សែ (ក) ពេលត្រឡប់ចូលផ្ទះវិញកាលពីម៉ោង ១៩ និង៣៥នាទី យប់ថ្ងៃទី២៥ន)ភូមិដូងឃុំបឹងរាំងស្រុកកំរៀង។
បុរសសង្ស័យទាំង៣នាក់នោះ មាន ៖ ទី១ ឈ្មោះ ពេជ្រ ធុណា ហៅជាង អាយុ២៦ឆ្នាំ ស្នាក់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ។ ទី២ ឈ្មោះ មីធី អាយុ២៥ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ។ ទី៣ ឈ្មោះ ហេង ហ៊ុន អាយុ២៨ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះ មានឈ្មោះ អាន ឡាង អាយុ៣៥ឆ្នាំ (រងរបួសក្បាល) និងប្ដីឈ្មោះ ឡេង សុផាត អាយុ ៣៥ ឆ្នាំ ។ ទាំង ២ នាក់ ប្ដីប្រពន្ធនេះ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ទ្រព្យសម្បត្តិ ដែលបាត់ដង់ក្នុងអំពើប្លន់ ដែលក្រុមចោរយកទៅបាត់មានក្រវិល ខ្សែក និងប្រាក់ខ្មែរ ២០ លានរៀល ។
តាមសម្តីជនរងគ្រោះបានអោយដឹងថា នៅវេលាម៉ោង ១៩ ថ្ងៃទី ២៥
ខែតុលា ឆ្នាំ២០១៤ គឺពួកគាត់បានជិះឡានត្រឡប់មកពីលក់ដូរ ឯផ្សាថៃទៅផ្ទះវិញ ។ ពេលទៅដល់របងផ្ទះ គាត់បានឲ្យប្រពន្ធចុះពីឡាន ទៅបើកទ្វាររបងពីខាងក្រោ យដើម្បីចូលមកបើកទា្វរខាងមុខ ឲ្យប្ដីគាត់ចូលឡានទៅទុក ក្នុងហើយបានទៅបើកទ្វារផ្ទះ ។ នៅពេលចាក់សោរបើកទ្វាររបងពីខាងក្រោយ បានចូលរថន្តផុត រួចទាញទ្វាររបងបិទវិញបានតែមួយផ្ទាំង ស្រាប់តែមានមនុស្សប្រុស ៣ នាក់សម្រុកចូលទៅខាងក្នុងរបងផ្ទះ ។ ម្នាក់មានរាងស្តើងសក់វែង ម្នាក់សម្បុរសណ្តែកបាយ មានពុកមាត់ ម្នាក់ពាក់អាវការ៉ូប្រផេះ បានចាប់ប្រពន្ធខ្ទប់មាត់ និងឆក់និងដំបងឆក់ វាយបំបែកក្បាល ហើយឆក់ទាញបេះក្រវិល និងផ្ដាច់ខ្សែក រហូតសន្លប់បាត់ស្មារតី ។ ចំណែកប្ដីឈ្មោះ ឡេង សុផាត ពេលយករថយន្តទុកក្នុងរោង ចុះមកត្រូវក្រុមចោរដកកាំភ្លើងខ្លីភ្ជង់ពីចម្ងាយ រត់សំដៅទៅគាត់ ពេលនោះ គាត់ភ័យក៏រត់គេចខ្លួន ចូលក្នុងផ្ទះ ស្រែកថាចោរៗ ហើយ បក្ខពួកចោរ២នាក់ទៀត បានដើរសំដៅទៅរថយន្ត បើកយកកាបូបដែលមានប្រាក់ខ្មែរ២០លានរៀល) រួចរត់គេចចេញទៅវិញអស់ ។
ឈ្មោះ អ៊ុក ចាន្នី ភេទប្រុសអាយុ៤៣ឆ្នាំ អ្នកជិតខាងបានអោយដឹងថា ក្រោយពីឮហេតុការណ៍ស្រែករបស់ជនរងគ្រោះក៏បើកភ្លើងបំភ្លឺក្នុងផ្ទះពេលនោះក្រុមចោរបានកាន់កាំបិតវែងមកឈចាំនៅមាត់ទ្វារបម្រុងកាប់ តែលោកបានអោយប្រពន្ធទូរស័ព្ទហៅនគរបាលមក ឯក្រុមចោរចេញទៅបាត់អស់ ។
ក្រុមជនសង្ស័យទាំង ៣ នាក់បានបដិសេធថា នៅម៉ោង១៩ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ ឈ្មោះ ពេជ្រ ធុណា ហៅជាង បានជិះម៉ូតូមកផ្ទះឈ្មោះ មីធី ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ។ ក្រោយមក ឈ្មោះមីធី និងឈ្មោះ ហេង ហ៊ុន បានជិះម៉ូតូមកដល់ ហើយបន្ទាប់មកពួកយើងនាំគ្នាជិះម៉ូតូទៅលែងផ្ទះបងប្អូននៅស្រុកថ្មគោល ។ លុះយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ពួកយើងជិះម៉ូតូត្រឡប់មកវិញ ដល់ស្រុកបវេលក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
លោក សេង លុច បានបញ្ជាក់ថា ទោះជាជនសង្ស័យបានបដិសេធ ក៏សមត្ថកិច្ចកសាងសំណុំរឿងទៅតុលាការ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ចាត់ការតាមផ្លូវច្បាប់ ព្រោះជនទាំង ៣ នាក់មានភិនភាគ និងខោអាវដូចប្រភពបណ្តឹងនិងសាក្សី ៕