0

ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា !

ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា !

​ថ្ងៃនេះ ជា​ថ្ងៃ​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ដែល​ជា​ថ្ងៃ​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​ចងចាំ​មិនអាច​បំភ្លេច​បាន ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែល​ជា​របប​ដ៏​ឃោរឃៅ និង​ខ្មៅ​ងងឹត ។ ទិវា​នេះ ជាការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​ជាង​៣​លាន​នាក់ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត នៅក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ។

​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលប់​បានដឹង និង​បាន​យល់ច្បាស់ អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរ​ចត់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់​ជិត​៣​ទសវត្សរ៍ ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​ទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការ​ជម្លៀស​ចេញពី​ទីលំនៅ​របស់​ខ្លួន​ដោយ​បង្ខំ និង​ការបង្ខំ​ឱ្យ​ធ្វើការ​ដូច​សត្វ​ធាតុ​ជាដើម​។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​ស្លាប់​ដោយ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិ​សេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បី​តែ​សិទ្ធិ​រស់រាន​មានជីវិត​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។

​ដើម្បី​កុំអោយ​របប​នេះ​វិលត្រឡប់​មក​វិញ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស ពីព្រោះ​សន្តិភាព​បាន​ផ្តល់ឱកាស​គ្រប់យ៉ាង​ក្នុង​ការកសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!