បាត់ដំបង ៖ រថយន្តនីសាន់១គ្រឿងដឹកឈើប្រណិត១១ដុំ និងឈើកែច្នៃមួយចំនួន ត្រូវសមត្ថកិច្ចរដ្ឋបាលព្រៃឈើបង្ក្រាបឃាត់ទុក កាលពីម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ ៥ ឋិតក្នុងភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
លោក ម៉ៅ លាបថេង នាយសង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបងបានអោយដឹងថា សមត្ថកិច្ចបានល្បាតតាមផ្លូវជាតិលេខ ៥ បានប្រទះឃើញរថយន្តនីសាន់ ១ គ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ផ0580 ភព2 ដឹកឈើប្រណិត ១១ ដុំ ប្រភេទធ្នង់និងឈើកែច្នៃមួយចំនួន ឃាត់យកមកសង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបង ធ្វើការផាកពិន័យ ។ ចំណែកម្ចាស់ឈើមានឈ្មោះ ហ៊យ ប៊ុនហេង ភេទប្រុសអាយុ៣៩ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
ម្ចាស់ឈើបានសារភាពថា ឈើប្រណិតទាំងនេះ ពួកគាត់ទិញពីស្រុកគាស់ក្រឡ ដឹកយកមកលក់ក្នុងក្រុងបាត់ដំបង ។
លោក ម៉ៅ លាបថេង បានបញ្ជាក់ថា ម្ចាស់ឈើបានអោយទៅផ្ទះសិន និងរកប្រាក់មកបង់គុណផាកពិន័យយកចំណូលចូលរដ្ឋ ៕