0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត ឯកអគ្គរដ្ឋទូត​កាណាដា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត ឯកអគ្គរដ្ឋទូត​កាណាដា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ៧​កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោកជំទាវ ភី​ង អ៊ែ​ម កី​ត​នី​កូន (Ping M. Kitnikone) ឯ​កគ្គ​រដ្ឋទូត​នៃ​ប្រទេស​កាណាដា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​អបអរសាទ​ចំពោះ​លោក​ជំទាវ ដែល​ត្រូវបាន​តែងតាំង​ជា ឯកអគ្គរដ្ឋទូត នៃ​ប្រទេស​កាណាដា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ សង្ឃឹមថា នៅក្នុង​អាណត្តិ​ការងារ​របស់​លោកជំទាវ លោកជំទាវ នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា​-​កាណាដា នឹង​ត្រូវ​បាន​លើកកម្ពស់​បន្ថែមទៀត​។ ទាក់ទង​ទៅនឹង​ការងារ​អាស៊ាន គឺ កាណាដា​កំពុងតែ​ខិតខំ​ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី Free Trade ជាមួយនឹង​អាស៊ាន ដែល​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ទាំង​អាស៊ាន និង​កម្ពុជា​យើង​ផងដែរ​។ សម្ដេច​តេជោ​សង្ឃឹមថា​លោកជំទាវ នឹង​ជំរុញ​ទំនាក់ទំនង ទ្វេភាគី​រវាង​កម្ពុជា និង​ជាមួយ​អាស៊ាន ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ។​

​ជា​កិច្ច​ឆ្លើយតប លោកជំទាវ ឯកអគ្គរដ្ឋទូត​កាណាដា បាន​ថ្លែងអំណរគុណ​សម្ដេច​តេជោ ដែល​បាន​អបអរសាទរ​ដល់​លោកជំទាវ ដែល​បាន​តែងតាំង​ជា​ឯ​កគ្គ​រដ្ឋទូត​កាណាដា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ​។ លោកជំទាវ​ក៏បាន​អបអរសាទរ​ចំពោះ​សម្ដេច​តេជោ ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោកជំទាវ​ពិតជា​មាន​សេចក្តី​រីករាយ ដែល​បាន​ក្លាយជា​ដៃគូ​ក្នុង​អាស៊ាន ហើយ​កំពុងតែ​ខិតខំ​គាំទ្រ​លើ​គ្រប់​វិស័យ ហើយ​លោកជំទាវ នឹង​ប្ដេជ្ញា​ខិតខំ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​នៅក្នុង​អាណត្តិ​ការទូត​របស់​លោកជំទាវ ជា​ពិសេស​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ ពាណិជ្ជកម្ម និង​វិនិយោគ រវាង​កាណាដា និង​កម្ពុជា​បន្ថែម​ទៀត ក៏ដូចជា​ជំរុញ​ការវិនិយោគ​ប្រកបដោយ​គុណភាព របស់​ក្រុមហ៊ុន​កាណាដា ក្នុង​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា ដែល​កន្លងមក​នេះ មានដូចជា ធនាគារ ABA ក្រុមហ៊ុន​ធានារ៉ាប់រង Manulife និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​។ ។ លោកជំទាវ នឹង​ខិតខំ​ដើម្បី​ឲ្យមាន​ការវិវត្ត​រីកចម្រើន​ទៅលើ​កិច្ចសហប្រតិបត្តិកា​រលើ​គ្រប់​វិស័យ ជា​ពិសេស​កំពុង​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB លើ​ការអភិវឌ្ឍន៍​វិស័យ​ថាមពល​ពន្លឺព្រះអាទិត្យ​(Solar) ផងដែរ​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​រំលឹកថា កម្ពុជា និង​កាណាដា មាន​ទំនាក់ទំនង​ជា​យូរលង់​ណាស់​មកហើយ ពោល​គឺ​ជាង​៧០ ឆ្នាំ​ទៅ​ហើយ គឺ​យើង​មាន​ទំនាក់ទំនង​ការទូត​នៅ​ក្នុង​ឆ្នាំ​១៩៥២ មុន​កម្ពុជា​បាន​ទទួល​បាន​ឯករាជ្យភាព​ទៅទៀត​។ ហើយ សម្ដេច​បាន​មានប្រសាសន៍ថា កន្លងទៅនេះ កម្ពុជា​តែងតែ​វាយតម្លៃ​ខ្ពស់​ចំពោះ​មិត្តភក្តិ​ទាំងឡាយណា​ដែល​បាន​ទទួលស្គាល់​កម្ពុជា​មុន​កម្ពុជា​បាន​ឯករាជ្យ ដែល​នេះ​គឺជា​កត្តា​ជួយ​ជំរុញ​ដំណើរការ​ឯករាជ្យភាព​របស់​កម្ពុជា ។​

​សម្ដេច​តេជោ បាន​សម្តែង​នូវ​ក្តីរីករាយ​ដែល​បាន​ឃើញ​ទំហំ​ពាណិជ្ជកម្ម ប្រទេស​យើង​ទាំងពីរ​មាន​ការវិវត្តន៍ មាន​ស្ថិរភាព បើ​ទោះបីជា​យើង​មាន​បញ្ហា​ប្រឈម​កន្លងទៅ ដូចជា​បញ្ហា​កូវី​ដ​១៩ បញ្ហា​ភូមិសាស្ត្រ​នយោបាយ ក៏​ទំហំ​ពាណិជ្ជកម្ម​មិន​មាន​ការប្រែប្រួល​ខ្លាំង​នោះទេ​។ ជាមួយ​គ្នា​ដូច​ផង​ដែរ​សម្ដេច​តេជោ​ក៏បានកោតសរសើរ​ចំពោះ​ធនាគារ ABA ដែល​បាន​ចូលរួម​ចំណែក​ជួយ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឌីជីថល​នៅ​កម្ពុជា ដែល​កំពុង​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការទូទាត់​ទំនិញ​ផ្សេងៗ ឬក៏​ការចាយវាយ​ប្រាក់​ផ្សេងៗ​តាម​ប្រព័ន្ធ​អេឡិចត្រូនិ​ចនេះ​។

​សម្ដេច​តេជោ បាន​មានប្រសាសន៍​រំលឹក​ទៀតថា កាលពី​ឆ្នាំ​២០២២ នៅពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន សម្ដេច​ក៏​បាន​ជួបពិភាក្សា​ការងារ​ជាមួយ នាយករដ្ឋមន្ត្រី កាណាដា នៅ​ភ្នំពេញ ហើយ​យើង​បាន​ជជែក​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ នានា រួម​ទាំង​ការងារ​ក្នុង​អាស៊ាន និង​ទ្វេភាគី ដែល​ប្រទេស​កាណាដា​ជា​ប្រទេស​នាំមុខ​មួយ ក្នុង​ការគាំទ្រ​កម្ពុជា​គ្មាន​មីន​ក្នុង​ឆ្នាំ​២០២៥ ហើយ​សម្ដេច​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​ប្រទេស​កាណាដា​បន្ត​ការគាំទ្រ​ដល់​កម្ពុជា​ទៀត ដែល​អតីតកាល​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម ដោយ​បន្សល់ទុក​នូវ​គ្រាប់មីន និង​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្តបន្ទាប់ ជា​ពិសេស​ឆ្នាំ​នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​អនុសញ្ញា​អូ​តា​វ៉ា ហើយ​សម្តេច​តេជោក៏សូម​ឲ្យ​កាណាដា​ជួយ​គាំទ្រ​ក្នុង​ការរៀបចំ​នូវ​ដំណើរការ​នៃ​កិច្ចប្រជុំ​នេះ​ផងដែរ​។​

​សម្ដេច​តេជោ និង លោកជំទាវ ឯកអគ្គរដ្ឋទូត​កាណាដា ក៏​បាន​ពិភាក្សា​គ្នា​ផងដែរ ទៅ​លើ​ទស្សនៈ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដោយ​សម្ដេច​បាន​មានប្រសាសន៍ថា ប្រទេស​ជាច្រើន សុទ្ធតែ​មាន​យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ រួមមាន អាមេរិក កាណាដា សហគមន៍​អុឺរ៉ុប ជប៉ុន អូ​ស្ត្រលី ឥណ្ឌា កូរ៉េ ជាដើម តែ​ទោះជា​យ៉ាងណា សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា កម្ពុជា​មាន​គោលការណ៍​មួយ​គឺ ស្វាគមន៍​សម្របសម្រួល​រួមចំណែក​នៅក្នុង​ទស្សនៈ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ តែ​ត្រូវ​ផ្ដោត​លើ​គោលការណ៍​៣ គឺ​៖
​ទី​១) សកម្មភាព​បម្រើ​ឲ្យ​សន្តិភាព និង​ការអភិវឌ្ឍ
​ទី​២) ធ្វើ​យ៉ាងណា​មិន​ឱ្យ​ប្រឆាំង​នឹង​ប្រទេស​ណាមួយ ឬ​ប្លុក​ណាមួយ ដែល​នាំ​ឲ្យ​បង្ក​មាន​ជម្លោះ​នៅក្នុង​តំបន់​នេះ និង​
​ទី​៣) ទស្សនៈ​ណាក៏ដោយ គឺ​ត្រូវ​ស្រប​នឹង​គោលការណ៍​និង​ទស្សនវិស័យ​របស់​ឥណ្ឌូ​ប៉ាស៊ីហ្វិក របស់​អាស៊ាន និង​ម​ជ្ឈភាព​អាស៊ាន​។
​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​ផ្ដល់​អនុសាសន៍​ថា យើង​ត្រូវតែ​បន្ត​រួម​គ្នា នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​ជាមួយគ្នា​បាន ដើម្បី​បន្តឲ្យមាន​ការរីកច​ម្រើ​ន​បន្ថែ​ម​ទៀត ជា​ពិសេស​ជំរុញ​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក​។

​លោកជំទាវ ឯកអគ្គរដ្ឋទូត​កាណាដា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ ប្រសាសន៍​របស់​សម្ដេច​តេជោ ដោយ​លោក​ជំទាវ បានបញ្ជាក់​ថា ប្រទេស​យើង​ទាំងពីរ មាន​ប្រវត្តិ​ទំនាក់ទំនង​យូរអង្វែង ប្រកបដោយ​ផ្លែផ្កា និង​ត្រង់​ទៅ​ត្រង់​មក ហើយ​លោកជំទាវ​បាន​ចាត់ទុកថា កម្ពុជា ជា​ដៃគូ​របស់​កាណាដា​ដែល​គួរឲ្យ​ទុកចិត្ត​។ លោកជំទាវ​ក៏បាន​ប្ដេជ្ញា ធ្វើការ​រួមគ្នា ជាពិសេស​លើ​បញ្ហា​វិនិយោគ និង​ជំរុញ​ការអភិវឌ្ឍន៍​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​លោក​ជំទាវ​បាន​ណែនាំ​ឲ្យ​បណ្ដាល​ក្រុមហ៊ុន​វិនិយោគ​របស់​កាណាដា ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់ សិទ្ធ​ការងារ ជា​ពិសេស​ត្រូវ​ធ្វើ​យ៉ាងណា មាន​ផលប្រយោជន៍​ចំពោះ​ប្រជាជន​កម្ពុជា ។

​ជា​ចុងក្រោយ សម្តេច​តេជោក៏បាន​ជូន​ពរ លោកជំទាវ ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យទទួល​បាន​នូវ​ភាពជោគជ័យ​ក្នុង​បេសកកម្ម​ការទូត​របស់​លោកជំទាវ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!