ខេត្ដឧត្ដរមានជ័យ ៖ មានការភ្ញាក់ផ្អើលដ៏រន្ធត់ ផ្ទុះគ្រាប់បែកដៃ ២ គ្រាប់ បណ្តាលអោយស្លាប់ ២ នាក់របួសធ្ងន់ស្រាល ៥ នាក់ កាលពីវេលាម៉ោង១០ និង ៤០ នាទីព្រឹកថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៤ នៅ ភូមិស្នូក សង្កាត់បុស្សស្បូវ ក្រុង សំរោង ខេត្ដឧត្ដរមានជ័យ ។
ប្រភពពីសមត្ថកិច្ចនគរបាលក្រុងសំរោងបានអោយដឹងថា សពបុរស២នាក់បងប្អូនមានទី១ឈ្មោះ -រឿន ធី អាយុ ៤៩ឆ្នាំ ជាបង និងទី២- ឈ្មោះ រឿន ថៃ អាយុ ៤០ឆ្នាំអតីតយោធា ជាប្អូន ។ ចំណែកអ្នករងរបួស មានចំនួន ៥ នាក់ មានទី១ឈ្មោះ រឿន ភឿន ភេទស្រី អាយុ ៤៣ឆ្នាំត្រូវជាបងប្អូនបង្កើត របស់សពជនរងគ្រោះ ទាំង ២នាក់ខាងលើ ។ទី២ឈ្មោះ ធី ឡូ ភេទប្រុស អាយុ ២១ឆ្នាំ ។ទី៣ ឈ្មោះ វ៉ៃ កួន ភេទស្រី អាយុ ៥២ ឆ្នាំ។ ទី៤ ឈ្មោះ ទឹម សល់ ភេទប្រុស អាយុ ២៧ ឆ្នាំ និងទី៥ ឈ្មោះ រឿន ភ័ណ្ឌ ភេទស្រី អាយុ ៤៨ឆ្នាំ ដោយពួកគេទាំង ៥នាក់ដែល រងរបួសធ្ងន់ និងស្រាលនេះ សុទ្ធតែជាសាច់ ញាតិបងប្អូនកូនក្មួយ ជា មួយនឹងសពជនរង គ្រោះ និងមានទីលំនៅ ភូមិ កើតហេតុទាំងអស់គ្នា ។
តាមសម្តីអ្នកជិត ខាងបានអោយដឹងថា មុនថ្ងៃកើតហេតុប្រហែល១អាទិត្យ ស្ត្រីឈ្មោះ រឿន ភឿន ជាបងប្អូនសព ពីមុនរស់នៅ ជាមួយ ឈ្មោះ រឿន ថៃ ដែលជាប្អូនមានផ្ទះនៅ ចំណុចកើតហេតុខាងលើ ។ នៅមួយរយៈ ចុងក្រោយនេះ ទំនងជាមានភាពរកាំរកូសគ្នា ឈ្មោះ រឿន ភឿន ទាមទារ ចេញពីផ្ទះប្អូនប្រុសឈ្មោះ រឿន ថៃ ប៉ុន្តែប្អូនប្រុសរូបនេះមិនអោយចេញទៅណាទេ ។ ទោះជាយ៉ាងណា ឈ្មោះ រឿន ភឿន បានពីផ្ទះប្អូនប្រុសទៅ នៅផ្ទះជាមួយបងប្រុសម្នាក់ទៀឈ្មោះរឿន ធី ស្នាក់បណ្តោះអាសន្ន បានប្រហែល ៣-៤ថ្ងៃ ។ លុះនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ស្ដ្រីឈ្មោះ រឿន ភឿន បានបបួលបង ប្រុសឈ្មោះ រឿន ធី បើកគោយន្ដមកកាន់ ផ្ទះប្អូនឈ្មោះ រឿន ថៃ ដើម្បីយកទ្រព្យ សម្បត្ដិរបស់ខ្លួន ទៅនៅផ្ទះបងឈ្មោះ រឿន ធី ។
ពេលមកដល់ផ្ទះប្អូនដើម្បី យកទ្រព្យ សម្បត្ដិ ក៏កើតមានជម្លោះពាក្យសំដីនឹងគ្នា រវាងបងប្អូន ៣នាក់ខាងលើនេះ ស្រាប់តែបងស្រីជញ្ជូនអីវ៉ាន់ និង ទ្រព្យសម្បត្ដិទៅដាក់លើគោយន្ដកន្ដ្រៃនោះ ប្អូនប្រុស បានកាន់គ្រាប់បែកដៃចំនួន ២ គ្រាប់ តាមរករឿង ហើយក៏កើតការ ប្រតាយប្រតប់គ្នា បោកគ្រាប់បែកផ្ទុះឡើងតែម្ដងទៅ ។
ក្រោយមក មានការភ្ញាក់ផ្អើលឮស្នូរ សំឡេងគ្រាប់បែកផ្ទុះឡើងកក្រើកដី ផ្សែង ខ្មៅខ្មួលខ្មាញ់ សមត្ថកិច្ច និងមន្ដ្រីអាជ្ញាធរភូមិ ឃុំ ក៏បាន ចុះទៅដល់កន្លែងកើតហេតុ បានឃើញបុរស ២នាក់រងនូវអំបែងគ្រាប់ ដេកស្លាប់នៅក្បែរគ្នា និងអ្នកផ្សេងៗ ទៀត រងរបួសក៏ជួយដឹកបញ្ជូនយកទៅ សង្គ្រោះនៅឯមន្ទីរពេទ្យ ភ្លាមៗផងដែរ ៕