បាត់ដំបង ៖ អាវុធហត្ថស្រុកសង្កែចាប់ជនសង្ស័យ២នាក់ និងថ្នាំញៀនម៉ាទឹកកក១ កញ្ចប់ ថ្នូរដោះលែងទឹកប្រាក់៣០០ដុល្លា និង២ម៉ឺនបាត កាលពីម៉ោង១៥ រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ នៅចំណុចចំការស្រូវ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ។
ប្រភពបានអោយដឹងថា ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន ទី១មានឈ្មោះរុនរ៉យ ភេទប្រុសអាយុ២៤ឆ្នាំនិងទី២ឈ្មោះនីចាន់ណាក់ភេទប្រុស អាយុ២៤ឆ្នាំ ទាំង២នាក់រស់នៅក្រុមទី១៩ ភូមិវ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ មានវត្ថុតាងថ្នាំញៀនម៉ាទឹកកក ១ កញ្ចប់តូច ។
ជនសង្ស័យទាំង ២ នាក់បានសារភាពថា ថ្នាំញឿនពួកគេបានទិញពីឈ្មោះ ជុំ រស្មី ភេទប្រុស រស់នៅក្រុមទី១៤ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពបានបញ្ជាក់ថា ក្រោយពីអាវុធហត្ថស្រុកសង្កែ (ឈ្មោះ ជេត ប៊ុនធឿន) សាកសួរជនសង្ស័យ ហើយសមត្ថកិច្ចអាវុធហត្ថស្រុកសង្កែ មិនបានកសាងសំណុំរឿង បញ្ជូនទៅតុលាកាទេ បែរជាដោះលែងជនសង្ស័យ អោយគេចខ្លួនក្នុងតម្លៃទឺកប្រាក់៣០០ដុល្លា និង២ម៉ឺនបាតទៅវិញ ។
ពាក់ព័ន្ធករណីនេះ លោក អ៊ិន តាំ មេបញ្ជាការងអាវុធហត្ថស្រុកសង្កែ បានប្រាប់តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ថា លោកកំពុងជាប់រវ់រៀននៅភ្នំពេញ មិនបានដឹងរឿងអ្វីនោះទេ ។
ពាក់ព័ន្ធករណីនេះដដែល លោក ជេត ប៊ុនធឿន (ជំនួយការលោក អ៊ិន តាំ មេបញ្ជាការងអាវុធហត្ថស្រុកសង្កែ) ពេលអ្នកសារព៌តមានទូរស័ព្ទចូលសុំការបំភ្លឺ លោកថា មិនមែនជាទូរស័ព្ទរបស់ខ្លួន (ជេត ប៊ុនធឿន) ទេ ប៉ុន្តែលោកតាមជជីកសួរថា មានរឿងអ្វី ។ ចំណែកអ្នកសារព័ត៌មានវិញថា បើមិនមែនលោក ជេត ប៊ុនធឿន ទេ គឺមិនបាច់ចង់ដឹងរឿងនេះទេ ទាល់តែលោក ជេត ប៊ុនធឿន ផ្ទាល់ទើបបកស្រាយរឿងនេះបាន ៕