ខេត្តកំពង់ស្ពឺ ៖ លោកវរ:សេនីយ៍ឯក ចន សុភិត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋក្រោយទទួលដំណឹងពីប្រជាពលរដ្ឋមានហេតុការកាប់ប្លន់យកម៉ូតូភ្លាម នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិច្រកព្រាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ រូបលោកបានចាត់ចែងកម្លាំងកំណត់មុខសញ្ញាដេញចាប់បានជនសង្ស័យម្នាក់ហើយម្នាក់ទៀតបានបើកម៉ូតូរត់គេចខ្លួនបាត់។
លោកវរ:សេនីយ៍ឯក ចន សុភិត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះមានឈ្មោះ សៅ ជាតិ ភេទប្រុសអាយុ២៧ឆ្នាំរស់ភូមិព្រែអញ្ចាញ ឃុំព្រែអញ្ចាញ ស្រុកពញាឮ ខេត្តកណ្តាលបានយកកាំបិតផ្គាក់ដងឬស្សីស្ទាក់ចំកាប់ប្លន់យកម៉ូតូ ពីជនរងគ្រោះឈ្មោះ ភួង សីហៀក ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងលៀប ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ពេលកំពុងជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ 1HY 4590ចេញពីចំការលុះដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យបានទាញកាំបិតផ្កាក់កាប់ជនរងគ្រោះ(ភួង សីហៀក) បណ្តាលអោយចំដៃខាងឆ្វេងមានស្នាមឈ្នូតក្រហមរួចបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ ។
លោកបានបន្តទៀតថា ភ្លាមៗជនរងគ្រោះបានទូរស័ព្ទទៅបងប្អូនសាច់ញាតិធ្វើការស្ទាក់ឃាត់ខ្លួនជនសង្ស័យខាងលើភ្លាមៗ និងបានប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនីតិវិធី ចំណែកបក្ខពួកមួយនាក់ទៀតមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូគេចខ្លួនបាត់ ។
វត្ថតាងបន្សល់ទុកមានម៉ូតូជនរងគ្រោះនិងវត្ថុតាងធ្វើសកម្មភាពកាំបិតផ្គាក់មួយដើម។
បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌបានសហការជាមួយប៉ុស្តិ៍ភក្តីកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងបន្តរស្រាវជ្រាវរកបក្ខពួកជនសង្ស័យម្នាក់ទៀត៕