រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មន្ត្រីការទូតជាអ្នកកំណត់ ជាអ្នកអនុវត្តចក្ខុវិស័យនិងបេសកកម្មការទូត ជាអ្នកតំណាងប្រទេសជាតិ និងប្រជាជន ជាអ្នកធ្វើទំនាក់ទំនង និង ចរចាជាមួយដៃគូ ជាអ្នកការពារ និងលើកកម្ពស់គុណតម្លៃរបស់ប្រទេសជាតិ និងជាអ្នកដោះស្រាយបញ្ហាចំពោះមុខនានាផងដែរ ។
សម្តេចធិបតី បានកោតសរសើរចំពោះសមិទ្ធផលដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រេចបានក្នុងឆ្នាំកន្លងមក ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្ត្រីការទូត និងបុគ្គលិកទាំងអស់ ដែលបានបំពេញការងារអនុវត្តនយោបាយការបរទេសកម្ពុជា ក្នុងស្មារតីស្នេហាជាតិ រក្សាបាននូវកិត្តិយស និងផលប្រយោជន៍ជូនជាតិមាតុភូមិ ។
ជាចុងក្រោយ សម្តេចមហាបវរធិបតី បានអរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមគាំទ្រធ្វើឱ្យសកម្មភាពការទូតកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ ៕