នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១០ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៤ មូហាំម៉ាត់សករាជ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសារអាហារស្រាយបួសរបស់ខ្មែរឥស្លាម។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ដោយមានខ្មែរឥស្លាមចូលរួមប្រមាណជាង៦ពាន់នាក់។
សម្ដេចធ្វើបតី ហ៊ុន ម៉ាណែត ពិតជារីករាយដែលបានចូលរួមនៅក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ជាមួយបងប្អូនខ្មែរឥស្លាមនៅពេលនេះ។ សម្តេចនឹងចូលរួមពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ដើម្បីបន្តភាពសុខដុមរមនាគ្រប់ជាតិសាសន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែប្រសើរនាពេលខាងមុខទៀត។ សម្តេចសូមកោតសរសើរគណៈកម្មការរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌននៃសាសនា ឥស្លាម ដែលមាន ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីជាប្រធាន ដែលបានសហការរៀបចំពិធីនេះឡើង ដើម្បីបង្ហាញឱ្យឃើញនូវសាមគ្គីភាព ការយោគយល់គ្នា និង ការរស់នៅជាមួយគ្នាប្រកបដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សន្តិភាព ហើយក៏ជាការផ្ដល់ឱកាសសម្រាប់អង្គពិធីបានជួបប្រាស្រ័យទាក់ទងគ្នា កាន់តែជិតស្និទ្ធ ផ្លាស់ប្តូរគំនិត យោបល់ ចែករំលែកបទពិសោធន៍ល្អៗ និង ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មវិស័យឥស្លាមសាសនានៅកម្ពុជា សំដៅរក្សានូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ទាំងផ្លូវកាយ ផ្លូវចិត្ត និង ស្មារតី ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ។សម្តេចធិបតីបានផ្ញើសារជូនពរបងប្អូនសាសនិកឥស្លាមកម្ពុជា និងសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដោយអនុវត្តតាមគន្លងដ៏ប្រពៃរបស់ សម្ដេចតេជោ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើឱ្យសាសនាទាំងអស់ ទទួលបានការគាំពារធានា និង លើកទឹកចិត្ត សុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកការរីក ចម្រើន និង រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ, ដោយឈរលើមូលដ្ឋាននៃការ ពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់និកាយសាសនា, ប្រឆាំងរាល់ទង្វើរើសអើងនានា, សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។ កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់សាសនា ផ្សេងៗគ្នា, ប៉ុន្តែ មានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ។ សម្តេចបន្តទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានរៀបចំឱ្យមានស្ថាប័នកំពូលឥស្លាម គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។ ជាមួយនេះ, សេរីភាពនៃការគោរពសាសនាឥស្លាម ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយ ដល់បងប្អូនឥស្លាម ដូចជា សិស្សនិស្សិតឥស្លាម អាចស្លៀកសម្លៀកបំពាក់ ប្រពៃណីឥស្លាម នៅ តាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត, បងប្អូនជាស្ត្រីអាចទទូរក្បាល និង បុរសអាចពាក់កាតឹបថតរូប សម្រាប់ ប្រើប្រាស់លើឯកសាររដ្ឋបាល ដូចជា លិខិតឆ្លងដែន, អត្តសញ្ញាណបណ្ណ ។ល។ កន្លែងថ្វាយបង្គំមាននៅព្រលានយន្តហោះ នៅតាមមន្ទីរពេទ្យរដ្ឋ នៅតាមរោងចក្រ សណ្ឋាគារ ផ្សារធំៗមួយចំនួន ជាពិសេស នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួនដូចខាងក្រោម ៖
ទី១. ថ្នាក់ដឹកនាំឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការ សាមគ្គីគ្នា និង មានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍ ។
ទី២. ត្រូវបន្តរៀបចំដឹកនាំ កិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់។
ទី៣. សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាមស៊ូរ៉ា ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹង ស្តីពីការ កំណត់លើការកសាងទីកន្លែងប្រតិបត្តិសាសនា នៅតាមបណ្តាភូមិដែលមានសាសនិកខ្មែរឥស្លាម រស់នៅ ស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាមដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេសទៅតាមសា្ថប័នមានសមត្ថកិច្ច។
ទី៤. ត្រូវបង្កើនសកម្មភាពសង្គម តាមរយៈ កិច្ចការមនុស្សធម៌ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃជំនឿឥស្លាម និងគោរពតាមរដ្ឋធម្មនុញ្ញ ។
ទី៥. ត្រូវមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាសិទ្ធិសេរីភាព ខាងសាសនាឥស្លាមនៅកម្ពុជា តាមរយ: សាមគ្គីភាព ជាមួយអ្នកកាន់សាសនានានា ដើម្បីភាព សុខដុមនីយកម្មផ្នែកសាសនា ។
ទី៦. ត្រូវបន្តកិច្ចសហប្រតិបត្តិការជាតិ និង អន្តរជាតិ ដើម្បីកៀរគរថវិកា និង បច្ចេកទេស សម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម ដោយជៀសវាងការយកសាសនា សម្រាប់ធ្វើអាជីវកម្ម, បង្កើតបញ្ហាមិនល្អ នៅក្នុងសហគមន៍៕