ខេត្តបាត់ដំបង ៖ រថយន្តក្រុមហ៊ុនដឹកសំណង់ ដឹកដីឬថ្មដឹកស្រូវ-អង្ករ រថយន្តសិប្បកម្មឡឥដ្ធនិងរថយន្តក្រុមហ៊ុនដឹកទំនិញធន់ធ្ងន់ត្រូវហាមឃាត់មិនអោយចូលក្រុងទេ ឯរថយន្តសំណង់អង្គរនិងសំណង់អ៊ុកលីមិនត្រឹមតែចូលក្រុង ថែមទាំងបង្កភាពកកស្ទះ តាមផ្លូវរាងរាល់ថ្ងៃសមត្ថកិច្ចមិនរៀបចំ។
កាលពីម៉ោងជាង៤ថ្ងៃទី២០ខែតុលាឆ្នាំ២០១៤នៅចំណុចផ្លូវបំបែកជា៣ភូមិអូរតាគាំ២សង្កាត់ទួលតាឯកក្រុងបាត់ដំបងក្បែរហាងលក់គ្រឿងសំណង់អង្គរនិងសំណង់អ៊ុកលី បង្កភាពកកស្ទះចរាចរណ៍ដោយសាររថយន្តធន់ធំរបស់សំណង់អ៊ុកលី បើកចូលក្រុងហើយខូចពាំងកណ្តាលផ្លូវ ។
ម្ចាស់រថយន្តដឹកទំនិញមួយចំនួនថារថយន្តដឹកទំនិញប្រភេទ៥តោនគេឈប់អោយបើកចូលក្រុងហើយ បើចង់ចូលក្រុងម្តងត្រូវបង់ប្រាក់ចំនួន២ម៉ឺនរៀល ចំពោះចំណុចនេះ ពួកគាត់គាំទ្រ ដើម្បីអោយផ្លូវក្នុងក្រុងបើកបរ បានរលូនមិនមានភាពកកស្ទះ ។ ផ្ទុយទៅវិញរថយន្តក្រុមហ៊ុនដឹកសំណង់ ដឹកដីឬថ្មដឹកស្រូវ-អង្ករ រថយន្តសិប្បកម្មឡឥដ្ធនិងរថយន្តក្រុមហ៊ុនដឹកទំនិញធន់ធ្ងន់ ដែលជារបស់អ្នកមានអំណាចជាច្រើន ដូចរថយន្តសំណង់អង្គរ និងសំណង់អ៊ុកលីចូលក្រុង និងបង្កអោយកកស្ទះមិនមានអ្នកច្បាប់យកភ្នែកមើលឡើយ។
ប្រជាពលរដ្ឋមន្ត្រីរាជការធ្លាប់ធ្វើដំណើរឆ្លងកាត់ទទឹងផ្លូវទួលតាឯក ពីផ្លូវជាតិលេខ ៥ រង្វង់មូល ព្រះនរាយ៍ដល់ផ្លូវជាតិលេខ ១០ ថា ផ្លូវនេះមានរថយន្តធន់ដឹកទំនិញហាមឃាត់ ឈប់ចត គ្មានសណ្តាប់ធ្នាប់ស្ទើររាល់ថ្ងៃ បណ្តាលអោយកកស្ទះចរាចរណ៍ អ្នកចរាចរណ៍ តាមរថយន្តតូចឬម៉ូតូធ្វើដំណើរលំបាកលំប៊ិន សំណូមពរអោយលោកស្នងការខេត្ត ឬប្រធាន ការិយាល័យ ចរាចរណ៍ផ្លូវគោករៀបចំអោយបានល្អជាងនេះ។
ពាក់ព័ន្ធករណីនេះ លោក សាត គឹមសាន្ត ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក បានអោយដឹងថា ចំពោះរថយន្តចូលក្រុងត្រូវបានហាមឃាត់មែន ព្រោះវាបង្កអោយកកស្ទះ ចរាចរណ៍ ក្នុងក្រុង ហើយរថយន្តដែលចូលមកម្តុំសំណង់អង្គរ និងសំណង់អ៊ុកលីនោះ ដោយ ខ្លាំង របស់គេនៅម្តុំនោះដូច្នេះគួរអនុគ្រោះដល់ពួកគេខ្លះផង ៕