0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នា​រសៀល​ថ្ងៃ​សុក្រ ៦​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ​បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ។

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ក៏​បាន​ចូលរួម​អបអរសាទរ​ចំពោះ​សម្ដេច​ធិបតី ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែ​សីហា ឆ្នាំ​២០២៣ កន្លងទៅនេះ និង បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​ការ​សួរសុខទុក្ខ​ពី​ឯកឧត្តម លោក សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី​ឡាវ ក៏ដូចជា​ឯកឧត្តម ថង​លុន ស៊ី​សូលី​ត ប្រធានាធិបតី​ឡាវ ជូន​ចំពោះ​សម្តេច​ធិបតី​ផងដែរ​។ បន្ថែម​ពី​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ក៏​បាន​បញ្ជាក់​អំពី​ទំនាក់ទំនង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​នៃ​ប្រទេស​ទាំង​ពីរ ដែល​ជា​ប្រទេស​ជិតខាង​ដ៏​ល្អ និង​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ ព្រមទាំង​បាន​គោរព​ជម្រាប​ជូន​សម្តេច​ធិបតី ថា​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នា​ឱកាស​នេះ ក៏​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​ទាំងពីរ ទៅលើ​វិស័យ​សំខាន់ៗ​ដូចជា​៖ ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស ការប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន និង​បទល្មើស​ឆ្លងដែន ជាដើម​។

​បន្ថែម​ពី​នេះ​ក្រសួង​ទាំង​ពីរ​ក៏​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត តាមរយៈ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា ការចែករំលែក​នូវ​បទពិសោធ​ន៏ និង​ជំនាញ​បច្ចេកទេស ការផ្លាស់ប្ដូរ​និស្សិត​ដែល​សិក្សា​លើ​ជំនាញ​នគរបាល និង​បន្ត​កិច្ចសហការ នៅក្នុង​ការដោះស្រាយ​បញ្ហា​នៅតាម​ព្រំដែន ដោយ​សន្តិវិធី​ដើម្បី បង្កលក្ខណៈ​ងាយស្រួល ដល់​ការធ្វើដំណើរ​ចេញចូល​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ថែរក្សា​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ឱ្យទៅ​ជា​ព្រំដែន​សន្តិភាព និង​ការអភិវឌ្ឍ​។

​ទន្ទឹមនេះដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ក៏​បាន​ជម្រាបជូន សម្តេច​ធិបតី អំពី​ការប្ដេជ្ញាចិត្ត និង​ការខិតខំ​របស់​រដ្ឋាភិបាល​ឡាវ ក្នុង​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​មក​កម្ពុជា ឱ្យបាន​គ្រប់គ្រាន់​តាម​កិច្ចព្រមព្រៀង​ដែល​ភាគី​ទាំងពីរ​បាន​ឯកភាព​ជាមួយ​គ្នា និង​ការត្រៀម​លក្ខណៈ​របស់​រដ្ឋាភិបា​លឡាវ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ ២០២៤​។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​បង្ហាញ​នូវ​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ជួប ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជាថ្មី​ម្តងទៀត បន្ទាប់ពី​បាន​ជួប​គ្នា​កាលពី​ចុងឆ្នាំ​២០២២ ដែល​ពេលនោះ សម្ដេច​ធិបតី នៅ​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​។

​ទន្ទឹម​នោះ សម្ដេច​ធិបតី បាន​សម្ដែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និយាយ​ជា​រួម និង​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ និយាយ​ដោយឡែក​។ សម្តេច​ធិបតី ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ឡាវ ខិតខំ​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស ការប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន និង​បទល្មើស​ឆ្លងដែន​នានា​។ សម្ដេច​ធិបតី ក៏​បាន​កត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់ អំពី​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ឡាវ ក្នុង​ការផ្គត់ផ្គង់​អគ្គិសនី​ដល់​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ថាមពល​របស់​ព្រះរាជាណាចក្រក​ម្ពុ​ជា​ផងដែរ​។

​មុន​នឹង​បញ្ចប់ សម្ដេច​ធិបតី ក៏​បាន​សម្ដែង​នូវ​ការអបអរសាទរ និង​គាំទ្រ​ដល់​ប្រទេស​ឡាវ ដែល​បាននិងកំពុង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅក្នុង​ឆ្នាំ​២០២៤ នេះ ហើយ​កម្ពុជា​ក៏​បាន​ត្រៀម​លក្ខណៈ​រួចជាស្រេច​នៅ​ក្នុង​ការជួយ​គាំទ្រ​ទៅ​ដល់​រដ្ឋាភិបាល​ឡាវ ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!