0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​ស្នងការ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​ភាព​ជា​ដៃគូ​អន្តរជាតិ (European Commissioner for International Partnerships) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​ស្នងការ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​ភាព​ជា​ដៃគូ​អន្តរជាតិ (European Commissioner for International Partnerships) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

នា​រសៀល​ថ្ងៃ​អង្គារ ៣​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក​ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ Jutta Urpilainen ស្នងការ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​ភាព​ជា​ដៃគូ​អន្តរជាតិ (European Commissioner for International Partnerships) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប លោកជំទាវ Jutta Urpilainen បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​លោក​ជំទាវ និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម ព្រមទាំង​បាន​អបអរសាទរ​ចំពោះ​សម្ដេច​ធិបតី ដែល​ត្រូវបាន​ជ្រើសតាំង ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែ​សីហា ឆ្នាំ​២០២៣ កន្លងទៅនេះ និង​អបអរសាទរ​ផងដែរ​ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​២០២២​។ លោកជំទាវ ក៏​បាន​បញ្ជាក់​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ជិតស្និទ្ធ និង​យូរអង្វែង​រវាង​សហភាព​អឺរ៉ុប​-​កម្ពុជា ប្រកបដោយ​ផ្លែផ្កា នា​ពេលកន្លងមក​។ លោកជំទាវ ក៏​បាន​គោរព​ជម្រាបជូន សម្តេច​ធិបតី ផងដែរ​អំពី​ការកត់សម្គាល់​នៃ​ការរីកចម្រើន​លើ​គ្រប់​វិស័យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើឱ្យ​កម្ពុជា​អាច​ចាកចេញ​ពី​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច ទៅ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប នៅ​ឆ្នាំ​២០១៥ និង​ឈាន​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។

​បន្ថែម​លើ​នេះ លោកជំទាវ​ក៏បាន​គោរព​ជម្រាប​ជូន​សម្តេច​ធិបតី​ថា សហភាព​អឺរ៉ុប​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​សំខាន់ៗ ដូចជា​៖ វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ វិស័យ​ឧស្សាហកម្ម វិស័យ​អប់រំ​និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​វិស័យ​សុខាភិបាល​ផង​ដែរ​។ ទន្ទឹម​នោះ លោកជំទាវ បាន​ជម្រាបជូន សម្តេច​ធិបតី ថា ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា នា​ឱកាស​នេះ លោកជំទាវ​នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន រួមមាន​៖ (១) កម្មវិធី​ភាពជា​ដៃគូ​សហភាព​អឺរ៉ុប​-​កម្ពុជា សម្រាប់​ការបណ្តុះបណ្តាល​ការអប់រំ​បច្ចេកទេស ២០២៤-២០២៧, (២) កម្មវិធី​ពាណិជ្ជកម្ម និង​វិស័យ​ឯកជន​, (៣) កម្មវិធី​ភាពជា​ដៃគូ​សហភាព​អឺរ៉ុប​សម្រាប់​ការអនុវត្ត​ថាមពល​ប្រកបដោយ​ចីរភាព​ក្នុង​ឧស្សាហកម្ម និង (៤) កម្មវិធី​ភាពជា​ដៃគូ​របស់​កម្ពុជា​សម្រាប់​ប្រព័ន្ធ​កសិកម្ម និង​អាហារ​ប្រកបដោយ​ចីរភាព​។ លោកជំទាវ Jutta Urpilainen ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​អាណត្តិ​ជា​ស្នងការ​សហភាព​អឺរ៉ុប លោកជំទាវ បាន​ប្តេជ្ញាចិត្ត​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​សហភាព​អឺរ៉ុប​-​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​បន្ថែមទៀត​។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​លោកជំទាវ Jutta Urpilainen និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​របស់​សហភាព​អឺរ៉ុប​ក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា នា​ពេលកន្លងមក​។ សម្តេច​ធិបតី បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ ដែល​ផ្តោត​សំខាន់​លើ​ការកសាង​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​បាន​បញ្ជាក់​ពី​ការដាក់ចេញ​នូវ​វិធានការ​គន្លឹះ និង​វិស័យ​អាទិភាព​របស់​កម្ពុជា​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ព្រម​ទាំង​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស​ដោយ​ឥតគិតថ្លៃ​សម្រាប់​យុវជន​ចំនួន ១.៥ លាន​នាក់ មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខនេះ ដែល​ការណ៍​នេះ​នឹង​បញ្ចូល​កម្លាំង​ពលកម្ម​ទៅ​ក្នុង​ទីផ្សារ និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ ពាក់ព័ន្ធ​នឹង​ការសម្រេចបាន​នូវ​ការចាកចេញ​ពី​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច (LDC Graduation) សម្តេច​ធិបតី បាន​សម្តែង​នូវ​ការ​អរគុណ​ដល់​ការចូលរួម​ចំណែក​ដ៏​សំខាន់​របស់​សហភាព​អឺរ៉ុប និង​ស្នើ​ដល់​សហភាព​អឺរ៉ុប​បន្ត​ជួយ​គាំទ្រ​កម្ពុជា​បន្ថែម​ទៀត​។

​មុន​នឹង​បញ្ចប់ សម្តេច​ធិបតី និង​លោកជំទាវ ក៏​បាន​ពិភាក្សា​និង​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​តំបន់ និង​សាកល ដែល​ជា​ផលប្រយោជន៍​ទៅវិញទៅមក រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!