0

​សមត្ថកិច្ច​ស្រុក​ភ្នំ​ក្រវ៉ា​ញ​បើកដៃ​អោយ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​យ៉ាង​អណាធិបតេយ្យ

ខេត្ត​ពោធិ៍សាត់ ៖ បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ គ្មាន​អ្នក​បង្ក្រាប​ដោយ​សមត្ថកិច្ច​បើកដៃ​អោយ​ធ្វើ​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់ និង​សកម្មភាព​ដឹក​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ទាំង​ថ្ងៃ​ទាំង​យប់ ។ សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​នោះ ត្រូវ​គេ​រាយការណ៍​មក​ថា ភាគច្រើន​ជា​សិប្បកម្ម​កែច្នៃ​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ក្នុងនោះ សិប្បកម្ម​មានច្បាប់​តិចតួច​ប៉ុណ្ណោះ សុំ​ច្បាប់​ត្រឹមត្រូវ​ពី​រដ្ឋបាល​ព្រៃឈើ ។

​សកម្មភាព​របស់​សិប្ប​កម្ម​កែច្នៃ​ឈើ​ខុសច្បាប់ ធ្វើ​អាជីវកម្ម​នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ត្រូវ​គេ​មើលឃើញ​កំពុងតែ​ជម្រុញ​ឱ្យ​ជន​ខិលខូច​ធ្វើ​សកម្មភាព​កាប់​រុករាន​ទន្ទ្រាន បំផ្លាញ​ព្រៃឈើ ខុសច្បាប់​កាន់តែខ្លាំង​ឡើង​នៅក្នុង​តំបន់​ស្រុក​ភ្នំ​ក្រវ៉ា​ញ ដើម្បី​យក​ឈើ​មក​លក់​ឱ្យ​សិប្បកម្ម​កែច្នៃ​ខុសច្បាប់ ។​

​តាម​ប្រភព​បាន​អោយដឹងថា ឈើប្រណិត​ដឹក​នៅពេល​ថ្ងៃ​តិចជាង​នៅពេល​យប់​ហើយ​ឈើ​ទាំង​នោះ មាន​ប្រភេទ​ឈើ​ធ្នង់ នាងនួន គ្រញូង​ជាដើម ។ ការ​រកស៊ី​ដឹក​តាម​ម៉ូតូ សមត្ថកិច្ច​មាន​ការអនុគ្រោះ ចំពោះ​ប្រភេទ​ឈើ​ធ្នង់ នាងនួន ។ អ្នក​រកស៊ី​ឈើ​ប្រចាំ​តំបន់​នេះ បន្ទាប់​ពី​ឧកញ៉ា​ទ្រី​ភាព គឺ​មាន​ឈ្មោះ​ទី ។ អ្នក​បើក​សិប្បកម្ម​តាម​ដងផ្លូវ​មានច្បាប់ និង​អត់​ច្បាប់​ជាច្រើន ដូច​ជា​ឈ្មោះ គង់ ឈ្មោះ សូ ឈ្មោះ ខន វណ្ណ​ថា ឈ្មោះ ឡាំ ដា ជាដើម ។​ល​។​

​លោក យូ ឃីម សង្កាត់រដ្ឋបាល​ព្រៃឈើ​លា​ច (​ភ្នំ​ក្រវ៉ា​ញ​) បានអោយដឹងថា ការដឹកឈើ​តាម​ម៉ូតូ​មួយ​ចំនួន ដោយ​ប្រជាពលរដ្ឋ​កាប់​គាស់​ពី​ចំការ យកទៅលក់​អោយ​សិប្បកម្ម​សំរាប់​ចិញ្ចឹមជីវិត មិន​មាន​ឈើ​អ្វី​ធំដុំ​ទេ ។ ចំពោះ​រថយន្ត​ដឹក​ឈើប្រណិត វា​លួច​ដឹក​លោក​មិន​បានដឹង​ទេ ។ មិន​បង្ក្រាប​ខ្លាច​ប៉ះពាល់​សតិអារម្មណ៍ ប្រជាពលរដ្ឋ (​ខ្លាច​បាត់​សន្លឹកឆ្នោត​បើ​តឹងរឹង​ពេក​) ។​

​ជុំវិញ​បញ្ហា​នេះ លោក ឆាយ ណា​រ៉ា​ន់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់​បាន បំភ្លឺ​ឱ្យដឹងថា ៖ ការបើក​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ គឺ​លោក​ទទួលស្គាល់ថា មានច្បាប់ ខ្លះ​អត់​ច្បាប់​ខ្លះ ប៉ុន្តែ​នៅពេល​នេះ គឺ​ខាង​រដ្ឋបាល​ព្រៃឈើ​កំពុង​តែ​ជម្រុញ​ឱ្យ សិប្បកម្ម​ណា​មិន ទាន់​សុំច្បាប់​ត្រូវ​តែ​ចូល​ដាក់​ពាក្យ​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​ឱ្យ​បាន​ត្រឹមត្រូវ ។ លោក​លើក​ទៀត​ថា ៖ ជុំវិញ​នៃ​ការដឹកជញ្ជូន ឈើ​តាម​រថយន្ត​នី​សាន់ រថយន្ត​កាមរីៗ ជា​ការដឹក​ជញ្ជូន​ខុសច្បាប់ បើ មិន​មាន​ការបង្ក្រាប​ប្រហែល​ជា​សមត្ថកិច្ច​ក្រែង គាត់​ជាប់រវល់​ការងារ​ច្រើន មិន​បានដឹង​ពី​សកម្មភាព​ដឹក ជញ្ជូន​ឈើ​នោះ​ការងារ​នេះ លោក​ក៏​ចាត់ ឱ្យ​តាម​បណ្តា​សង្កាត់​រដ្ឋបាល ស្រុក​ក្រុង មាន​វិធានការ​ទប់ស្កាត់ ។

​លោក​បាន​បញ្ជាក់​ឱ្យដឹងទៀតថា ៖ ការងារ​បង្ការ​ទប់ស្កាត់​ដឹក ជញ្ជូន ឈើ​ខុសច្បាប់ ធ្វើ​ទៅ​ដោយ​ជោគជ័យ លុះត្រាតែ​មាន​ការចូលរួម​សហការ​គ្រប់​សមភាព ទើប​អាច​ធ្វើ​ទៅ​រួច​។​

​មតិ​រិះគន់​បាន​លើកឡើង​ថា សមត្ថកិច្ច​មិន​បង្ក្រាប​គឺ​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន​មិនមែន​គិត​ពី​សន្លឹកឆ្នោត​ឬ​ប្រទេស​ជាតិ​នោះទេ​ហើយ​បើ​បណ្តោយអោយ​បទល្មើស​បង្ក​ដោយ​ភាព​ធូរស្រាល​បែបនេះ​ព្រៃឈើ​គឺ​ត្រូវ​រលាយ​អស់ ។ ម្យ៉ាងទៀត​អាច​បង្ក​គ្រោះមហន្តរាយ​ផ្សេងៗ ដែល​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ជាក់​ជាមិនខាន ពេល​អស់​សម្បត្តិ​ធម្មជាតិ​ដ៏​ស្រស់បំព្រង​នៅតាម​តំបន់​ភ្នំ​ទាំងនេះ ៕

wood_krovanh wood_krovanh (1) wood_krovanh (2) wood_krovanh (3)

Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment