ខេត្តស្ទឹងត្រែង៖ លោកសាន ចយ និងលោកទឹម ប៊ុនលីននិងមន្ត្រីប្រដាប់អាវុធ និងមន្ត្រីរដ្ឋបាលព្រៃឈើ រួមទាំងក្រុមឈ្មួញសម្រុកកាប់ឈើខុសច្បាប់ នៅខេត្តស្ទឹងត្រែងពាសវាលកាលលើសដែនកំណត់ ក្រោមរូបភាពស្តារបាតអាង ធ្វើវារីអគ្គិសនីក្នុងអាងស្តុកទឹកនៃគម្រោងវារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែងកាប់ខុសគោលដៅ ដូចជាឃុំតាឡាត ខ្សាច់ថ្មី ដល់ស្រុកសៀមប៉ាង កន្ទុយនាគ និងឃុំស្តៅ រហូតដល់ញើនជាប់ព្រំប្រទល់ឡាវ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុង ស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថា បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ខាងក្រៅបាតអាង ទំនប់វារីអគ្គិសនីសេសានក្រោម២ កំពុងកើតឡើងយ៉ាងរាលដាលដោយសារក្រុមឈ្មួញ ប្រើប្រាស់អាជ្ញាប័ណ្ណ ក្រុមហ៊ុនសំអាតបាតអាងធ្វើឲ្យឈើខុសច្បាប់ក្លាយជាឈើស្របច្បាប់ ។ បញ្ហាកាប់ព្រៃឈើនេះមានទាំងមន្ត្រីប្រដាប់អាវុទ្ធនិងមន្ត្រីរដ្ឋបាលព្រៃឈើចូលរួមកាប់សម្រូលឈើធ្វើអាជីវកម្មផងដែរ។
ប្រជាសហគមន៍ក្នុង ឃុំស្រែគរ ស្រុកសេសាន បានឲ្យដឹងផងដែរថា អាជ្ញាធរខេត្តស្ទឹងត្រែង មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ច ពាក់ព័ន្ធដទៃទៀត មិនត្រួតពិនិត្យឈើខុសច្បាប់ដែលឈ្មួញដឹកចេញពីតំបន់ក្រៅបាតអាង ចូលទៅក្នុងតំបន់ផ្ទៃអាងទំនប់ វារីអគ្គិសនីសេសានក្រោម២នោះទេ ដោយពលរដ្ឋចោទសួរថា មកពីអំណាច និងទឹកប្រាក់លោក ឧកញ្ញា គិត-ម៉េង ធំពេកមិនហ៊ានបង្ក្រាប ឬមកពីផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយទេដឹង?។
បើយោងទៅតាមរបាយការណ៍អង្កេតរបស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថាយ៉ាងហោចណាស់ក៏មានម៉ាស៊ីនរ៉ៃខ្នាតយក្សប្រមាណ ៤០គ្រឿងនិងមានឡានដឹកឈើធំៗ បានដឹកជញ្ជូនឈើចូលនៅក្នុងរោងចក្រអារឈើ១០គ្រឿងក្នុងរយៈពេលមួយម៉ោង នៅក្នុងទំនប់វារីអគ្គិសនីសេសានក្រោម២ នៅតាមបណ្តោយទន្លេសេសាន ស្ថិតនៅក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
របាយការណ៍បញ្ជាក់ថា៖ «យើងសង្កេតឃើញមានរោងចក្រអារឈើដ៏ធំមហិមាមួយដែលមានការកាប់ឈើដឹកជញ្ជូន និងផ្គត់ផ្គង់ឈើអស់រយៈពេល ៥ឆ្នាំមកហើយ ដែលមានទីតាំងនៅតាមបណ្តោយ ទន្លេសេសាន ត្រង់ចំណុច GPS០៦៥១៨៤៤, ១៥៩៨៥៧៤»។ រោងចក្រអារឈើនៅបាតអាងមានម៉ាស៊ីនរ៉ៃខ្នាតយក្សប្រមាណជាង ៤០គ្រឿង មានកម្លាំងប្រដាប់ដោយអាវុធយាមកាមយ៉ាងតឹងរ៉ឹង មិនអនុញ្ញាតឲ្យនរណាចេញចូលបានឡើយ ដោយមានកម្មកររាប់រយនាក់ដឹកឈើហ៊ុបធំៗចូលក្នុងរោងចក្រអារឈើ។
ប្រភពពីក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា ទំនប់វារីអគ្គិសនីសេសានក្រោម២ក្នុងខេត្តស្ទឹងត្រែងនឹងចាប់ផ្តើមដំណើរការជំហានសាកល្បងនៅក្នុងខែវិច្ឆិកាឆ្នាំ២០១៧ខាងមុខនេះ ខណៈប្រជាពលរដ្ឋដែលរងគ្រោះពីការធ្វើវារីអគ្គិសនីជាង១០០គ្រួសារក្នុងស្រុកសេសាន នៅមិនព្រមទទួលសំណងដែលផ្តល់ដោយរដ្ឋាភិបាលនៅឡើយ ។ ក្នុងការកសាង
វារីអគ្គីសនីសេសាន២នេះដែលមានតម្លៃ៨០០លានដុល្លារអាមេរិកដែលជាកិច្ចសហការរវាងក្រុមហ៊ុនចំនួន៣ ក្នុងនោះមានក្រុមហ៊ុនចិន ឈ្មោះChina’s Lancang Hydropower International Energy ដែលមានចំណែកហ៊ុន៥១ភាគរយ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់ឧកញ៉ា គិត ម៉េង ចំនួន៣៩ភាគរយ និងក្រុមហ៊ុនវៀតណាមឈ្មោះ Vietnam’s EVN International ដែលមានចំណែកហ៊ុន១០ភាគរយ។
អ្វីដែលជាការកត់សម្គាល់ក្រៅពីមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋគឹសកម្មភាពកាប់បំផ្លាញឈើធ្វើអាជីវកម្មខុសច្បាប់នៅខេត្តស្ទឹងត្រែងក្រោមរូបភាពនៃអាជ្ញាបណ្ណ័ស្តារបាតអាងដែលមានទំហំតែជាង៣ម៉ឺនហិកតារបស់ឧកញ៉ាគិតម៉េងប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបត្រូវបានគេរាយការណ៍ថា៖បានកើតឡើងដោយគ្មានការត្រួតពិនិត្យឡើយ ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ លោក ប៊ុន អ៊ុយ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិត ដោយសរសេរថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីករណីរបាយការណ៍វឌ្ឍនភាព លើការអនុវត្តសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាលស្ដីពីការផ្អាកសកម្មភាពប្រមូលផល អនុផលព្រៃឈើរបស់ក្រុមហ៊ុន Ang & Associates Lawyers Co.,Ltd ដែលកាប់ឈើនៅក្នុងអាងស្តុកទឹកនៃគម្រោងវារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែង មេត្តាជ្រាបថា មិនត្រូវឲ្យមានការប្រមូលទិញពីប្រភពខាងក្រៅតំបន់អនុញ្ញាតឲ្យធ្វើអាជីវកម្មរបស់ខ្លួន ពីព្រោះការប្រមូលទិញបែបនេះនឹងក្លាយជាទីផ្សារមួយដែលលើកទឹកចិត្តឲ្យមានការកាប់ឈើដោយអនាធិបតេយ្យ។
ទោះជាមានសារាចរណ៍ណែនាំយ៉ាងណា រហូតមកដល់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧ ក៏គ្មានអ្នកណាស្តាប់និងផ្អាកសកម្មភាពឡើយ ។ ម្យ៉ាងដោយសារឥទ្ធិពលលោកឧកញ៉ា គិត ម៉េង និងម្យ៉ាងដោយសារមេព្រៃដឹកនាំដោយលោក ឈាង តុលា និងមន្ត្រីមានសមត្តកិច្ចផ្សេងទៀតទទួលបានលាភសក្ការៈ ចឹងត្រូវធ្វើប្រព្រឹត្តខុសជាកន្ទេលធំបន្លំដេក ពីបញ្ហាបទល្មើសលាងឈើកខ្វក់ឲ្យក្លាយជាឈើស្របច្បាប់ ក្រោមអាជ្ញាបណ្ណ័ស្តារបាតអាងនេះតែម្តងទៅ ៕