0

​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន

​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន

​នៅ​វិមាន​៧​មករា នា​រសៀល ថ្ងៃ​ចន្ទ ១៤​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិក​ការិយាល័យ​នយោបាយ និង ជា​ប្រធាន​ការិយាល័យ​គណៈកម្មកា​រ​កិច្ចការបរទេស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស ដោយ​សម្ដេច​បាន​ចាត់ទុក​ថា​ឯកឧត្តម​ជា​មិត្ត​ចាស់​របស់​សម្ដេច ដែល​ធ្លាប់​បាន​ធ្វើការ​ជាមួយគ្នា​ជា​យូរណាស់​មកហើយ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ថា​កាលពី​ខែ សីហា​កន្លងទៅនេះ ឯកឧត្តម វ៉ាង យី ក៏​ធ្លាប់បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ផងដែរ ដែល​រហូត​មកដល់ពេលនេះ​មិន​ដល់​រយៈពេល​មួយ​ឆ្នាំ​ផង ឯកឧត្តម​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ម្ដង​ទៀត ដែល​នេះ​បង្ហាញឲ្យឃើញច្បា​ស់​ពី​ការយកចិត្តទុកដាក់ របស់​ថ្នាក់ដឹកនាំ​ចិន​ចំពោះ​កម្ពុជា​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា ឯកឧត្តម​មក​កាន់​កម្ពុជា​នា​ពេល​នេះ ក្រោយ​ពេល​នៃ​ការផ្លាស់ប្ដូរ​មក​អ្នក​បន្តវេន​ជំនាន់​ក្រោយ ដែល​ពេល​នេះ​អ្វីៗ​គឺ​ដំណើរការ​ទៅ​ដោយ​រលូន ទាំង​ស្ថេរភាព​នយោបាយ សេដ្ឋកិច្ច​ក៏​ដំណើរការ​ល្អ ហើយ​មាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​។ សម្ដេច​តេជោក៏បាន​អរគុណ​ឯកឧត្តម វ៉ាង យី ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅពេល​នេះ​មក​កាន់​កម្ពុជា ហើយ​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​នាពេ​ល​នេះ នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន​។

​ឯកឧត្តម វ៉ាង យី បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​បាន​ទទួល​ឯកឧត្តម​យ៉ាង​កក់ក្តៅ​ជាទីបំផុត​។ ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​តេជោ​អំពី​សកម្មភាព​នៃ​ដំណើរទ​ស្សន​កិច្ច​របស់​ឯកឧត្តម​មកកាន់​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មការ​ចម្រុះ​កាលពី​ព្រឹក​មិញ ដែល​បាន​ទទួល​លទ្ធផល​ដ៏​ល្អ​ប្រសើរ ហើយ​អ្វីៗ​រវាង​ប្រទេស​យើង​ទាំង​ពីរ​ក៏ដូចជា​បក្ស​ទាំងពីរ គឺ​យើង​បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយទៀត​។ ឯកឧត្តម​បាន​លើក​សរសើរ​ពី​គុណសម្បត្តិ​របស់​សម្ដេច​តេជោ ដែល​មាន​ទស្សនៈវិស័យ​វែងឆ្ងាយ​ក្នុង​ការផ្ទេរអំណាច​ពី​ជំនាន់​ចាស់​មក​កាន់​ជំនាន់​ថ្មី ដោយ​ភាពរលូន​។ ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ចិន​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន ពី​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន លី ឈាង ពី​ឯកឧត្តម​ប្រធានព្រឹទ្ធសភា និង​ថ្នាក់ដឹកនាំ​ចិន​ដទៃទៀត​។ ឯកឧត្តម​ក៏បាន​អបអរសាទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ឈ្នះ​ការបោះឆ្នោត ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​អបអរសាទរ​ចំពោះ​សម្តេច​តេជោ​ដែល​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​នា​ពេល​នេះ​ផងដែរ​។

​ឯកឧត្តម វ៉ាង យី សង្ឃឹមថា រាជរដ្ឋាភិបាល​ថ្មី នឹង​បន្ត​តួនាទី ក៏ដូចជា ទំនាក់ទំនង​ល្អ​ជាមួយ​ចិន ដែល​ថ្នាក់ដឹកនាំ​មុនៗ​បាន​ថែរក្សា និង​ពូន​ជ្រុំ​នា​ពេលកន្លងមក​។ ឯកឧត្តម វ៉ាង យី ក៏​បាន​កោតសរសើរ​ចំពោះ​ភាព​រីក​លូតលាស់​យ៉ាង​លឿន​នៃ​ទីក្រុង​ភ្នំពេញ​ដែល​ក្នុង​រយៈពេល​តែ​ជាង​៨​ខែ​កន្លងមកនេះ គឺ​មាន​ការ​ប្លែក​ច្រើន ហើយ​ជីវភាព​ប្រជាជន​ក៏​មាន​ការរីកចម្រើន​ផងដែរ​។ ឯកឧត្តម​បាន​បញ្ជាក់ថា អ្វីៗ​ដែល​កើតមានឡើង​នេះ​គឺ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​តេជោពេល​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ត្រី ដែល​សម្ដេច​ជា​អ្នកនយោបាយ​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​។

​ឯកឧត្តម​បន្តទៀតថា ថ្នាក់ដឹកនាំ​ចិន​មាន​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​មេដឹកនាំ​កម្ពុជា​។ ឯកឧត្តម​បាន​មានប្រសាសន៍​បញ្ជាក់​ថា ការផ្លាស់ប្ដូរ​ពី​ជំនាន់​ចាស់​មក​ជំនាន់​ថ្មី​នេះ គឺ​បាន​ដើរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ ហើយ​ឯកឧត្តម​សង្ឃឹមថា មិត្តភាព​រវាង​កម្ពុជា និង​ចិន និង​កាន់តែ​បន្ត​រីកចម្រើន ហើយ​ចិន​នៅតែ​ជា​ដៃ​គូដ​គួរឲ្យ​ទុកចិត្ត របស់​កម្ពុជា​។ ឯកឧត្តម​បាន​សន្យាថា ចិន នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ថ្មី គាំទ្រ​ការពារ​សន្តិសុខ​ជូន​សម្ដេច និង​ក្រុមគ្រួសារ និង​យកចិត្តទុកដាក់​រវាង​បក្ស​ទាំងពីរ ដើម្បី​រួមចំណែក​ក្នុង​ការផ្លាស់ប្ដូរ​ព័ត៌មាន ប្រឆាំង​ដាច់ខាត​ការធ្វើ​បដិវត្តន៍​ពណ៌ ខិតខំ​អភិវឌ្ឍន៍​ជាពិសេស​អ្វី​ដែល​មាន​ការព្រមព្រៀង​គ្នា​ពីមុនមក ដើម្បីឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ រឹងមាំ​និង​រីកចម្រើន​បន្ថែម​ទៀត ។

​សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​អំណរគុណ​ចំពោះ​ឯកឧត្តម​វ៉ាង​យី​ដែល​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចិន​។ សម្ដេច​ក៏​បាន​មានប្រសាសន៍​ជំរុញ​ឲ្យមាន​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ ការផ្លាស់ប្ដូរ​ប្រជាជន​និង​ប្រជាជន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!