0

ក្រុមហ៊ុន Aegros និង​ក្រុមហ៊ុន Freshstart Logistics គ្រោង​ពង្រីក​ការវិនិយោគ​លើ​វិស័យ​សុខាភិបាល​បន្ថែមទៀត​នៅ​កម្ពុជា​

ក្រុមហ៊ុន Aegros និង​ក្រុមហ៊ុន Freshstart Logistics គ្រោង​ពង្រីក​ការវិនិយោគ​លើ​វិស័យ​សុខាភិបាល​បន្ថែមទៀត​នៅ​កម្ពុជា​

នា​រសៀល​ថ្ងៃ​ចន្ទ ទី​៨​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Daniel Phillips ប្រធាន​ក្រុមហ៊ុន Aegros និង​ក្រុមហ៊ុន Freshstart Logistics និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។​

​ក្នុងឱកាស​នៃ​ជំនួប លោក​ប្រធាន​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​គោរព​ជម្រាប​ជូន សម្ដេច​ធិបតី ផងដែរ​ថា ក្រុមហ៊ុន Freshstart Logistics កំពុងតែ​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី និង​ជុំវិញ​ពិភពលោក ដោយ​ផ្ដោត​លើ​សេវាកម្ម​ផ្នែក​ដឹកជញ្ជូន ឡូ​ជី​ស្ទីក ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​ឃ្លាំង​ស្តុក​ទំនិញ​ជាដើម​។ ចំណែក​ក្រុមហ៊ុន Aegros ជា​ផ្នែក​មួយ​នៃ Freshstart Group ជា​ក្រុមហ៊ុន​មាន​អាជីវកម្ម​លើ​វិស័យ​សុខាភិបាល បច្ចេកវិទ្យា និង​ថាមពល​។
​បន្ថែម​លើ​នេះ លោក​ប្រធាន​ក្រុមហ៊ុន ក៏​បាន​គោរព​ជម្រាបជូន សម្ដេច​ធិបតី អំពី​បំណង​របស់​ក្រុមហ៊ុន​ក្នុង​ការស្វែងរក​នូវ​ឱកាស​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​លើ​វិស័យ​ជាច្រើន ដែល​រួម​ទាំង​វិស័យ​ឡូ​ជី​ស្ទីក និង​ថាមពល ជាពិសេស វិស័យ​សុខាភិបាល​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍ និង​ក្តី​សោមនស្ស​រីករាយ ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន​ក្រុមហ៊ុន និង​សហការី ព្រមទាំង​បាន​បញ្ជាក់​អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ​ក្នុង​ការគាំទ្រ​ដល់​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​។

​ទន្ទឹមនឹងនោះ សម្ដេច​ធិបតី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ប្រទេស​មួយ​មាន​សក្តានុពល និង​កាលានុវត្តភាព​សម្រាប់​ការវិនិយោគ ហើយ​ក៏​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​សិក្សា​ស្វែងយល់​បន្ថែមទៀត​អំពី​កម្ពុជា ដើម្បី​ពង្រីក​ការវិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​។ ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​វិញ សម្ដេច​ធិបតី បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះ​ក្នុង​វិស័យ​សុខាភិបាល ដើម្បី​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​ប្រជាជន តាមរយៈ​ការពង្រឹង​សមត្ថភាព​ផ្តល់​សេវា​សុខភាព​នៅ​មូលដ្ឋាន​។

​បន្ថែម​លើ​នេះ សម្ដេច​ធិបតី ក៏​បាន​រំលេច​ផងដែរ​ថា រាជរដ្ឋាភិបាល​ក៏​បាន​ដាក់ចេញ​នូវ​បទ​ប្បញ្ញត្តិ​នានា និង​វិធានការ​នានា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ឱសថ និង​ផលិតផល​សុខាភិបាល​ក្លែងក្លាយ​។

​ជាងនេះទៅទៀត សម្ដេច​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ពិភាក្សា​ជាមួយ​ដៃគូ​នៅ​កម្ពុជា​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​បំណង​របស់​ក្រុមហ៊ុន​លើ​ការវិនិយោគ​ក្នុង​វិស័យ​សុខាភិបាល និង​សហការ​ជាមួយ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​សុខាភិបាល ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!