0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ ប្រទេស​អូស្ត្រាលី និង​ញូ​ហ្សឺ​ឡែន​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ ប្រទេស​អូស្ត្រាលី និង​ញូ​ហ្សឺ​ឡែន​

ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ល្ងាច​ថ្ងៃ​អាទិត្យ ទី​៨ រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ ប្រទេស​អូស្ត្រាលី និង​ញូ​ហ្សឺ​ឡែន​។ ជំនួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ធ្វើឡើង​នៅក្នុង​អំឡុង​ពេល​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី ចាប់ពី​ថ្ងៃ​ទី​០១ ដល់​០៧ ខែ​មីនា ឆ្នាំ​២០២៤​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ស​ម្តែងក្តី​សោមនស្ស​រីករាយ​ជាខ្លាំង បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់​។ សម្តេច​ធិបតី បាន​នាំយក​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​នឹករលឹក​ពី​សំណាក់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់​។ សម្ដេច​បានឲ្យដឹងថា តាម​ការ​ឲ្យដឹងពី ឯកអគ្គរាជទូត​ខ្មែរ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់ បានឱ្យដឹងថា ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់ ចង់​ជួប​សំណេះសំណាល​សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត រហូត​ដល់​គ្មាន​កន្លែង​អង្គុយ​។​

​សម្តេច​ធិបតី បាន​ថ្លែងថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែល​ភៀសខ្លួន​ទៅ​ដល់​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់ ដោយសារ​តែ​ស្រុកទេស​ជួប​វិបត្តិ​សង្គ្រាម ហើយ​អ្នកខ្លះ​មិន​រំពឹង​ថា បាន​ទៅលេង​ស្រុក ឬ​អត់​នោះទេ​។ សម្តេច​ធិបតី បាន​ថ្លែងថា ស្រុក​ខ្មែរ​បច្ចុប្បន្នក្តៅ​ដោយសារ​ខែចេត្រ ប៉ុន្តែ​មិនមែន​ជា​ការ​ក្តៅ​ដោយសារ​សង្គ្រាម​ដូច​កាលពី​អតីតកាល​នោះ​ទេ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សារ​គាំទ្រ​ចំពោះ​សុខសន្តិភាព ដែល​រកបាន​ដោយ​សម្តេច​តេជោ គឺ​មាន​តម្លៃ​ណាស់​។ មាន​សន្តិភាព​ហ្នឹងហើយ ដែលនាំឱ្យ​កម្ពុជា​មាន​ការរីកចម្រើន នាំឱ្យ​មាន​ការចងភ្ជាប់​ឡើងវិញ​រវាង​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជាមួយ​ប្រទេសជាតិ​។​

​សម្តេច​ធិបតី​បានចាត់ទុក​ការជួប​ជាមួយ​ខ្មែរ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់​នាពេលនេះ បង្ហាញឱ្យឃើញ​ពី​សាមគ្គីភាព​រវាង​ខ្មែរ​នៅ​គ្រប់​ទីកន្លែង ដែល​ជា​កិច្ចការ​ដ៏​សំខាន់​សម្រាប់​ដំណើរ​កសាង​ជាតិ​។ សម្តេច​គាំទ្រ​រាល់​សិទ្ធ​បញ្ចេញមតិ តែ​ត្រូវ​មាន​សេចក្តីថ្លៃថ្នូរ និង​ចេះ​គោរព​គ្នា ឱ្យ​តម្លៃ​គ្នា​។​

​សម្តេច​ធិបតី​បានចាត់ទុក​ការបញ្ចេញ​មតិ​របស់​ខ្មែរ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់ គឺជា​ការបង្ហាញឱ្យឃើញ​នូវ​កត្តា​យល់ដឹង​ផ្នែក​ប្រជាធិបតេយ្យ និង​សិទ្ធិ​បញ្ចេញមតិ​។​

​សម្តេច​មិន​មាន​គោលការណ៍​តបត​ជាមួយ​ក្រុម​ប្រឆាំង​នៅ​អូស្ត្រាលី​នោះទេ ទោះ​បី​ពួក​គាត់​ប្រើ​ពាក្យ​អសុរោះ​ក៏ដោយ ព្រោះ​អត់​មាន​ប្រយោជន៍​អ្វី​ដល់​ជាតិ​នោះ​ទេ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កំដៅ​នៅ​អូស្ត្រាលី​នាពេលនេះ មិន​ក្តៅ​ដូច​ឆ្នាំ​២០១៦​នោះទេ​។​សម្តេច​បន្តថា ការយក​ខ្មែរ និង​ខ្មែរ​ទៅ​ប៉ះ​គ្នា​លើ​ទឹកដី​អូស្ត្រាលី គ្មាន​បាន​ប្រយោជន៍​អ្វី​នោះទេ បាន​តែ​ខ្មាស​ប៉ូលិស​អូស្ត្រាលី​។​

​សម្តេច​បាន​កោតសរសើ​រ​ខ្មែរ​សម្តែង​មតិ​គាំទ្រ​រាជរដ្ឋាភិបាល រក្សា​ភាព​ថ្លៃថ្នូរ មិន​តបត ឬ​វាយប្រហារ​តប​ទៅ​ខ្មែរ​ដែល​មិន​គាំទ្រ​រាជរដ្ឋាភិបាល​។ សម្តេច​ធិបតី​ក៏​បាន​រំលឹក​ពី​ការគ្រប់គ្រង​របស់​រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។ សម្តេច​ធិបតី បាន​រំលឹកថា ខ្មែរ​មិន​មាន​ទ្រព្យធន​ច្រើន តែ​សម្តេច​តេជោ បាន​ប្រឹងប្រែង​ដឹកនាំ​ប្រទេស​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ រហូត​ជោគជ័យ​លើ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​គូស​រំលេច​ថា សម្តេច​តេជោ បាន​ដឹកនាំ​ជួយ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា ៣​ដំណាក់កាល​ធំ គឺ​ការ​រំដោះ​ប្រទេស​នា​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩, នយោបាយ​ឈ្នះ​-​ឈ្នះ ឈាន​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ និង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។ ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ សម្តេច​ធិបតី បាន​ប្រឹងប្រែង​ខ្លាំងណាស់ ទាំង​កិច្ច​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ និង​ការដោះស្រាយ​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ ដោយ​ចំណា​ង​ថវិកា​រង្វង់​ប្រមាណ ១៤០០​លាន​ដុល្លារ​អាមេរិក​។​

​សម្តេច​ធិបតី បាន​ថ្លែង​ពាក់ព័ន្ធ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ដែល​មាន​គណបក្សនយោបាយ​ចំនួន​២០ និង​អ្នកចូលរួម​ប្រមាណ​៩​លាន​នាក់​។ ក្នុងនោះ​ពលរដ្ឋ ៦​លាន ៤​សែន​នាក់ ស្មើ​៨២,៣​ភាគរយ បោះឆ្នោត​គាំទ្រ​សម្តេច​តេជោ និង​គណបក្ស​ប្រជាជន​កម្ពុជា​។ លទ្ធផល​បោះឆ្នោត​បាន​បង្ហាញ​ច្បាស់​ពី​ដំណើរ​ប្រជាធិបតេយ្យ និង​ការជឿជាក់​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេជោ​។​

​សម្តេច​ធិបតី បាន​បន្តទៀតថា ក្រុមប្រឆាំង​បានធ្វើ​សកម្មភាព​ច្រើន​ណាស់ ញុះញង់​ពលរដ្ឋ​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល តែ​ពលរដ្ឋ​ដឹង​ច្បាស់​ពី​តម្លៃ​សន្តិភាព ស្ថេរភាព​សង្គម ហើយ​មិន​ធ្វើ​តាម​ការ​ញុះញង់ ការ​អូស​ទាំ​ញ​ទាំងឡាយ​នោះ​ឡើយ​។ សម្តេច​ធិបតី បាន​អរគុណ​ខ្មែរ​នៅ​អូស្ត្រាលី ដែល​បាន​ចេញ​សារ​គាំទ្រ​ចំណាត់ការ ដើម្បី​រក្សា​សុខ​សន្តិភាព និង​ស្ថេរភាព​សង្គម​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ទៀតថា អារម្មណ៍​ប្រជាពលរដ្ឋ​ក្រោយ​ការបោះឆ្នោត​បច្ចុប្បន្ន ខុស​ពី​ពេល​មុន​។ បោះឆ្នោត​ហើយ​នាំគ្នា​ដើរ​លេង ដែល​ជា​ការបង្ហាញ​ឱ្យឃើញ​ពី​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ចំពោះ​ការគ្រប់គ្រង​ប្រទេស ធានា​មិន​ឱ្យ​ប្រទេស​ក្រឡាប់​។ ពាក្យ «​សុខសន្តិភាព​» ឮ​រាល់ថ្ងៃ​អាច​មាន​មនុស្ស​ធុញ ប៉ុន្តែ​កុំ​ឱ្យ​វា​បាត់បង់​ឱ្យសោះ​។​

​សម្តេច​ធិបតី បាន​រំលឹក​រឿង​ជា​គតិ​មួយ​ពី​គុណ​តម្លៃ​របស់​ខ្យល់ ពេល​អញ្ជើញ​ទៅ​លើង​ភ្នំ​មួយ​ក្នុង​ប្រទេស​ចិន​។ សម្តេច​បាន​រំលឹកថា ពេលនោះ​ដោយសារ​អាង​កម្លាំង​ខ្លាំង គឺ​មិន​ទិញ​ខ្យល់​នោះទេ ដល់​ឡើង​កំពូលភ្នំ​អត់​សូវ​មាន​ខ្យល់​អុកស៊ីសែន ទើប​ដឹងថា​នាំឱ្យ​ប៉ះពាល់ និង​នឹកឃើញ​ពី​សារៈសំខាន់​របស់​ខ្យល់​។ រាជរដ្ឋាភិបាល​ថ្មី​មាន​អាយុ​៦​ខែ ១០​ថ្ងៃ​។ រាជរដ្ឋាភិបាល​ថ្មី អត់​មាន​ត្រូវការ​ពេល​ដើរ​ទេ កើត​មក​គឺរ​ត់​ដែរ​តែ​ម្តង មិន​អាច​ដើរ​ទេ​ព្រោះ​មនុស្ស​ច្រើន​ណាស់​ត្រូវការ​រាជរដ្ឋាភិបាល​ជួយ​។ គណៈរដ្ឋមន្ត្រី​របស់​រា​ជ​រដ្ឋាភិបាល​ថ្មី បាន​ផ្លាស់ប្តូរ​ស្ទើរតែ​ទាំងស្រុង តែ​គណៈរដ្ឋមន្ត្រី​មិន​មាន​ការផ្លាស់ប្តូ​រគោល​នយោបាយ​នោះ​ឡើយ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មាន​ការស្ទង់មតិ​របស់​អង្គការ​អន្តរ​ជាតិ​ជំនាញ​មួយ​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​មុនពេ​ល​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត​។ មុន​បោះឆ្នោត​រកឃើញថា ពលរដ្ឋ​ជាង ៧០​ភាគរយ យល់ថា​រាជរដ្ឋាភិបាល​ដឹកនាំ​ត្រឹមត្រូវ​។ លុះ​ក្រោយ​បោះឆ្នោត​ការ​យល់​ថា​ការដឹកនាំ របស់​រាជរដ្ឋាភិបាល​ត្រឹមត្រូវ​ឡើង​រហូត​ដល់ ៨២​ភាគរយ​។ ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​ខ្លាច​រដ្ឋបាល​ថ្មី ដឹកនាំ​គ្រប់គ្រង​ប្រទេស និង​ដាក់បទបញ្ជា​នានា​អត់​មាន​ការអនុវត្តន៍​។ ប៉ុន្តែ​មិន​ដូច្នោះ​ទេ រយៈពេល​ជាង ៦​ខែ​នេះ ពលរដ្ឋ​មាន​ការពេញចិត្ត និង​គាំទ្រ​ខ្ពស់​។ សម្តេច​ធិបតី បាន​ថ្លែងថា លទ្ធផល​នៃ​ការពេញចិត្ត​របស់​ប្រជាពលរដ្ឋ​គឺ​ខ្ពស់ ដូច្នេះ​ត្រូវ​បន្ត​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ និង​ដឹកនាំ​ប្រទេស​ឱ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត មិន​ត្រូវ​ឱ្យ​កម្លាំងចិត្ត​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ធ្លាក់ចុះ​នោះឡើយ​។​

​សម្តេច​ធិបតី បាន​ថ្លែងថា រយៈពេល​ជាង​៦​ខែ​នេះ រាជរដ្ឋាភិបាល​នៅតែ​បន្ត​គោលនយោបាយ​គាំពារ​សង្គម និង​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​រង​ផ​ផលប៉ះពាល់​នានា​, ទេសចរណ៍​មាន​កំណើន និង​ការវិនិយោគ​មាន​កំណើន​។ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ខាងមុខនេះ មាន​អ្នកវិនិយោគ​ចិន​នឹង​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​មួយ នឹង​វិនិយោគ​ផលិត​កង់ឡាន​នៅ​កម្ពុជា ជាមួយ​ទុន​ប្រមាណ ១​ពាន់​លាន​ដុល្លារ​។ សម្តេច​ស្វាគមន៍​គ្រប់​អ្នកវិនិយោគ មិនមែន​ស្វាគមន៍​តែ​ចិន​ទេ​។ សម្តេច​បាន​ប្រាប់​ពលរដ្ឋ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់​ថា រាជរដ្ឋាភិបាល​ផ្តល់​អាទិភាព​លើ​វិស័យ​ចំនួន​៥ រួម​មាន​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្រាប់​វិស័យ​ផ្លូវ រួម​មាន​ផ្លូវទឹក ផ្លូវគោក និង​អាកាស​។ កាលពី​ពេល​ថ្មីៗ​នេះ សម្តេច​ទើប​អញ្ជើញ​បើក​ការដ្ឋាន​ពង្រីក​កំពង់ផែ​នៅ​ព្រះសីហនុ ដើម្បី​ពង្រីក​សមត្ថភាព​ដឹកជញ្ជូន​សមុទ្រ ហើយ​នៅពេល​ខាងមុខ​នឹង​សម្ពោធ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​កំពត​។ ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ នឹង​ក្លាយជា​ចំណែក​បម្រើ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ពី​ទន្លេ ទៅ​សមុទ្រ បង្កើត​ការងារ និង​ជួយ​ឱ្យ​តម្លៃ​ដឹកជញ្ជូន​មាន​កម្រិត​ទាប​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ប្រដូច​ការគ្រប់គ្រង​សេដ្ឋកិច្ចជាតិ ប្រៀប​ដូចជា​សរសៃឈាម​ក្នុង​ខ្លួន​មនុស្ស ដែល​រត់​គ្រប់​សរសៃ​ដើម្បី​សុខភាព​មនុស្ស​។ ដូច្នេះ​ដើម្បី​សេដ្ឋកិច្ចជាតិ​ល្អប្រសើរ ត្រូវ​បង្កើត​ការងារ​គ្រប់​ទីកន្លែង ជាពិសេស​នៅ​តាម​មូលដ្ឋាន​។ រាជរដ្ឋាភិបាល​កំពុង​ពិចារណា​រៀបចំ​ការចងភ្ជាប់រ​វា​ង​មន្ត្រីរាជការ​ក្របខណ្ឌ និង​មន្ត្រី​កិច្ចសន្យា ដើម្បី​ឱ្យ​មាន​ចំនួន​មួយ​សមរម្យ និង​បំពេញ​ការងារ​មាន​ប្រសិទ្ធភាព​។ បច្ចុប្បន្ន​កូន​ខ្មែរ​មាន​សមត្ថភាព​បង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា​ច្រើនណាស់ ហើយ​រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​លើ​ការអប់រំ​ផ្នែក​បច្ចេកវិទ្យា ផ្សារភ្ជាប់​ជាមួយ​សីលធម៌​។​

​សម្តេច​បាន​រំលឹក​ពី​វិធានកា​រដាច់​ណាត់​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ត្រូវ​ដេញ​ចេញ​ពី​ក្រប​ខណ្ឌ​។ វិធានការ​នេះ នាំ​ឱ្យ​អ្នកចូលរួម​សាទរ​ដោយ​ទះដៃ​កងរំពង​។ ពាក់ព័ន្ធ​ចំណាត់ការ​គ្រឿងញៀន សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​បើ​មិន​សំអាត​ខ្លួនឯង​មិន​ស្អាត តើ​ពលរដ្ឋ​រំពឹង​អ្វី​។​

​សម្តេច​ធិបតី បន្ត​យក​ការសម្រេចចិត្ត​របស់​ស​ម្តេច​មិន​អនុញ្ញាត​ឱ្យ​ដាំ​កញ្ឆា ជម្រាប​ជូន​ខ្មែរ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់​។ សម្តេច​បាន​សុំ​ការយោគយល់​ពី​អ្នកវិនិយោគ កុំ​ពង្រីក​ទីតាំង​ល្បែង​ផ្សងសំណាង​។ សម្តេច​ធិបតី បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ថា កម្ពុជា​រីកចម្រើន​ដូច​ពេល​បច្ចុប្បន្ន មិនមែន​ពឹងផ្អែក​លើ​ល្បែង​នោះទេ ដូច្នេះ​ត្រូវ​រួម​គ្នា​ប្រយុទ្ធប្រឆាំង​ឲ្យបាន​ជា​ដាច់ខាត​ដើម្បី​សេចក្តីសុខ​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!