0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥

​យ៉ាងហោច​ណាស់​មាន​កិច្ច​ការងារ​សំខាន់ៗ​ចំនួន ៥ ត្រូវបាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សង្កត់​ធ្ងន់​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥​។

​ក្នុង​កិច្ចប្រជុំ​ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ ​អភិបាល​រាជធានី ខេត្ត និង​ស្នងការ​នគរបាល​រាជធានី ខេត្ត​  មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី ខេត្ត ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត បាន​ថ្លែង​អំពី​ភាពចាំបាច់​នៃ​ការដោះស្រាយ​ជា​អាទិភាព​លើ​មូលហេតុ​ដែលនាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចម្បង​។

​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ការពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​ពេលយប់ និង​ការបើកបរ​លើស​ល្បឿន​កំណត់ គឺ​ត្រូវតែ​យកចិត្តទុកដាក់​រឹតបន្តឹង​ឱ្យ​មែនទែន​បំផុត ពីព្រោះ​វា​ជា​កត្តា​នាំឱ្យ​មាន​គ្រោះថ្នាក់​ច្រើន​។​ ​បន្ថែម​លើ​នេះ គឺ​ការ​កំណត់​ពេល មិនឱ្យ​រថយន្ត​ធំៗ​ចរាច​រណ៍​ក្នុង​ឱកាស​បុណ្យ​ជាតិ​ធំៗ ដូចជា​៖ ចូលឆ្នាំ និង​ភ្ជុំបិណ្ឌ ជាដើម​។ ជាថ្មី​ម្ដងទៀត ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត បាន​ណែនាំ​ឱ្យ​អនុវត្ត​ដោយ​ផាកពិន័យ​តឹងរឹង​បំផុត​លើ​ក្រុម​រថយន្ត​កែច្នៃ​ស៊ី​ផ្លេ ដាក់​វាំងនន លេង​ភ្លើង បិ​ទស្គុត​ខ្មៅ ដោយ​ពុំ​បាច់​អប់រំ​ទៀត​ទេ អនុវត្ត​ផាកពិន័យ​តាម​ច្បាប់​តែ​ម្ដង​។

​សូមបញ្ជាក់​ថា នៅក្នុង​ឆ្នាំ​២០២៤ សមត្ថកិច្ច បាន​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ដោយ​ពិន័យ​យានយន្ត​ល្មើស​សរុប​បាន​ចំនួន ១១៦ ៣០៨​គ្រឿង ក្នុងនោះ​ទោចក្រយានយន្ត ត្រី​ចក្រ​យាយ​ន្ត មាន ៨១ ៩២៨​គ្រឿង រថយន្ត​មាន ៣៤ ៣២១​គ្រឿង​។ ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០២៤ សរុប​មាន ២ ៨៤៤​លើក ក្នុង​នោះ​កើតឡើង​ពេលយប់​មាន ៥៧% បណ្ដាលឱ្យ​ស្លាប់ ១ ៥០៩​នាក់ របួស ៣ ៧២០​នាក់ ក្នុងចំណោម​អ្នករងរបួស​មានធ្ងន់ ២ ២៧៣​នាក់​។​

​បើ​តាម​របាយការណ៍ មូលហេតុ​ដែលនាំឱ្យ​មាន​គ្រោះ​ថ្នាក់​គឺ​ការបើកបរ​លើស​ល្បឿន​កំណត់​ ​បើកបរ​មិន​គោរព​សិទ្ធិ បើកបរ​មិន​ប្រកាន់​ស្ដាំ បើកបរ​ប្រជែង​គ្រោះថ្នាក់ បត់​គ្រោះថ្នាក់ ស្រវឹង កត្តា​យានយន្ត កត្តា​ស្លាក​សញ្ញា ងងុយ​ពេល​បើកបរ កត្តា​ផ្លូវ និង​កត្ដា​អាកាសធាតុ​។ គួរកត់សម្គាល់​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ជា​អ្នក​ជិះ​ម៉ូតូ មាន ៨០% នៃ​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គឺមាន ៦៧% ហើយ ដែល​មិន​ពាក់មួក​ការពារ​សុវត្ថិភាព​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!