ខេត្តបន្ទាយមានជ័យ ៖ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីដឹកនាំប្រតិភូចុះចែកអំណោយប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួនជិត១ពាន់គ្រួសារនៅស្រុកម៉ាឡៃនាល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ ។
ក្នុងកម្មវិធីចែកអំណោយនោះ លោក កែ គឹមយ៉ាន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋក្រីក្រជួបការលំបាកមានចំនួនជិត១០០០គ្រួសារនេះ លោកបានឲ្យមន្ត្រីមូលដ្ឋានចុះស្រង់ស្ថិតិទាំងអស់ហើយ មើលទៅតាមខ្នងផ្ទះ បើពលរដ្ឋក្រីក្រណាជួបការលំបាកពិតប្រាកដនោះ ទើបលោកឲ្យអាជ្ញាធរកត់ឈ្មោះ ហើយក្នុងការចុះចែកអំណោយដល់ជនក្រីក្រជួបការលំបាកនោះផងដែរ លោកមិនប្រកាន់និន្នាការនយោបាយនោះឡើយ ឲ្យតែពលរដ្ឋណាក្រីក្រជួបការលំបាកពិតប្រាកដគឺលោកចែកឲ្យទាំងអស់។
លោក កែ គឹមយ៉ាន បាននិយាយបន្តទៀតថា លោកបានឲ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ចុះធ្វើការវាយតំលៃអំពីផ្ទះប្រជាពលរដ្ឋដែលជួបការលំបាកដំបួលប្រកស្បូវមាន៦ឃុំ៖គឺឃុំបឹងបេងមាន១០ខ្នង ឃុំមាឡៃមាន១០ខ្នង ឃុំអូរស្រឡៅ១០ខ្នង ឃុំអូរសំព័រ១០ខ្នង ឃុំទួលពង្រ១០ខ្នង ឃុំតាគង់១១ខ្នងសរុប៦១ខ្នង ផ្ទះស្បូវទាំង៦១ខ្នងនេះនៅថ្ងៃមុខនិងផ្លាស់ទៅជាប្រកស័ង្កសីជំនួសវិញ។
លោក កែ គឹមយ៉ាន បានបញ្ជាក់ទៀតថា បើតាមរបាយការណ៍របស់អភិបាលស្រុកម៉ាឡៃបានឲ្យដឹងថា ស្រុកម៉ាឡៃមានផ្ទៃដីភ្ជួររាស់មានចំនួន២៣.៣២៤ហិកតា ដំឡូងមីដាំបាន១០.០៤១ហិកតា សណ្តែកបាយ មានចំនួន៤៦ហិកតាល្ងដាំបាន១១ហិកតា សណ្តែកសៀង៥០ហិកតា ពោតដាំបានចំនួន១.០០០ហិកតា ស្រូវដាំបានចំនួន២៣.៣២៤ហិកតា។
លោក កែ គឹមយ៉ាន បានបញ្ជាក់ទឿតថា សន្តិសុខនៅតាមជាយដែនក្នុងស្រុកម៉ាឡៃមានសភាពការណ៍ស្ងប់ស្ងាត់ល្អដោយប្រជាពលរដ្ឋនៅតាមមូលដ្ឋានចូលរួមនិងសហការណ៍ជាមួយមូលដ្ឋាននិងកំលាំងសមត្ថកិច្ចទប់ស្កាត់បង្ក្រាបនូវរាល់បទល្មើសផ្សេងៗទាន់ពេលវេលា ដូចជា គ្រឿញៀន ល្បែងស៊ីសង ចោរលួច និងចោរឆក់ប្លន់ អំពើហឹង្សាក្នុងគ្រួសារ ការរំលោភបំពាន ការជួញដូរផ្លូវភេទលើស្ត្រីនិងកុមារជាដើម។
លោក កែ គឹមយ៉ាន បានបញ្ជាក់ទៀតថា នៅតាមជាយដែនស្រុកម៉ាឡៃនោះផងដែរអាជ្ញាធរស្រុកនិងកំលាំងសមត្ថកិច្ចបានរឹតចំណងស័ម្ពន្ធមេត្រីភាពរវាងស្រុកអារញ្ញប្រាថេតដើម្បីថែរក្សាសន្តិសុខ សុវត្តិភាពបានល្អប្រសើរបង្ការរស់នៅជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនគោរពអធិបតេ យ្យភាពបានយ៉ាងរឹងមាំងផងដែរ។
លោកបានបញ្ជាក់ទៀតថា គ្រួសារក្រីក្រជួបការលំបាកជិត១.០០០គ្រួសារនោះ ក្នុងមួយគ្រួសារបានទទួលអំណោយពីលោក កែ គឹមយ៉ាន ក្នុងមួយគ្រួសារមាន អង្ក ២៥គីឡូក្រាម ទឹកត្រីនិងទឹកស៊ីអ៊ីវ ២យួរ នំធុង១ធុង ម៉ី១កេះសារុង១ថវិកា ចំនួន២ម៉ឺនរៀល និងវ៉ែនតាមនុស្សចាស់សំរាប់មើលអក្សរក្នុងម្នាក់១ទៀតផង ៕